
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីត្រចំនួន ៣ ទីតាំងក្នុងខេត្តកណ្ដាល។ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសនៅថ្ងៃទី ១៦ ខែតុលានេះថា បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីត្រចំនួន ៣ ទីតាំងក្នុងខេត្តកណ្ដាល និងបានរកឃើញ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះជាង ២០០ គីឡូក្រាមនៅខេត្តតាកែវ និងកំពត។
អគ្គនាយកដ្ឋាន ក.ប.ប នៅថ្ងៃទី ១៦ ខែតុលានេះ អះអាងថាបានរកឃើញស្ថានីយ និង ដេប៉ូប្រេងឥន្ធនៈដាក់លក់មិនគ្រប់លីត្រចំនួន ៣ ទីតាំងក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី ១៥ ខែតុលា។ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាល បញ្ជាក់ថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៣ ក្នុងចំណោម ៥ ស្ថានីយ និងដេប៉ូ មិនមានភាពអនុលោមតាមច្បាប់ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ផងដែរ។
នៅថ្ងៃជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តកំពត ក៏បានបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងឃ្លាំងស្ដុកទំនិញក្នុងខេត្តតាកែវ និងខេត្តកំពត ដើម្បីធានាការពារផលប្រយោជន៍ និងសុខភាពប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។
អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា៖ «លទ្ធផលនៃការចុះត្រួតពិនិត្យក៏បានរកឃើញ និងដកហូតភ្លាមៗនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨,៣៩ គីឡូក្រាម»។ ចំពោះទំនិញដែលត្រូវបានដកហូតត្រូវបានយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោលទៅតាមនីតិវិធីនៃច្បាប់៕
វីដេអូ៖