
ខួបលើកទី ៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ "សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ ”។ Sakhon Veng
ព្រៃវែងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ថ្លែងថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។
ថ្លែងក្នុងខួបលើកទី ៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ "សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ ” ដែលបានធ្វើឡើងនៅភូមិត្រពាំងប្រសែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី ១៦ តុលា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការប្រារព្ធទិវានាពេលនេះ គឺស្របពេលជាមួយនឹងការរំឭកខួបលើកទី ៧៦ ឆ្នាំនៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាព្រឹត្តិការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុស ស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅរកការបញ្ចប់ភាពស្រេកឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសកលលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោក វេង សាខុន បញ្ជាក់ថា វិបត្តិជំងឺកូវីដ ១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ បញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យកសិកម្មក៏បានចូលរួមផងដែរ។
លោកថ្លែងថា៖ «យុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម»។
បើតាមលោក វេង សាខុន ការលើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល។ ក្រសួងកសិកម្មបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព កំណើនប្រាក់ចំណូលគ្រួសារកសិករ និងសុខុមាលភាពយូរអង្វែងផងដែរ។
ជាមួយគ្នានោះ ក្រសួងកសិកម្មក៏មានការយកចិត្តទុកដាក់លើការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព ប្រសិទ្ធភាព និងភាតរបរិស្ថាន រួមទាំងការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្មជាមួយនឹងការលើកទឹកចិត្តអ្នកស្រាវជ្រាវ។
លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ខួបលើកទី ៤១ នៃទិវាស្បៀងអាហារពិភពលោកនេះគឺជាព្រឹត្តិការណ៍សកល ដែលពិភពលោកប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្មក្នុងការផលិត និងធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី បរិស្ថានដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឱ្យបានសន្តិសុខស្បៀងក្នុងស្ថានភាពដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ ១៩។
លោក Antonio Schiavone នាយកអង្គការ FAO បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាព ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យនាពេលអនាគតទាំងអស់គ្នា៕