The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប្រាក់ សុខុន អំពាវនាវ​ដល់​ប្រេសិត​ពិសេស​ដែល​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ប្រកាន់យក​ជំហាន​សមស្រប ​ដើម្បីឱ្យ​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​




លោក ប្រាក់ សុខុន អំពាវនាវ​ដល់​ប្រេសិត​ពិសេស​ដែល​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ប្រកាន់យក​ជំហាន​សមស្រប ​ដើម្បីឱ្យ​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​

Content image - Phnom Penh Post
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​ ១៥ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​ស្សាឡា​ម​។​ រូបថត ក្រសួងការបរទេស

លោក ប្រាក់ សុខុន អំពាវនាវ​ដល់​ប្រេសិត​ពិសេស​ដែល​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ប្រកាន់យក​ជំហាន​សមស្រប ​ដើម្បីឱ្យ​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​

​ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អំពាវនាវ​ដល់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ដែល​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​ប្រកាន់យក​ជំហាន​សមស្រប ​ដើម្បីឱ្យ​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​មី​យ៉ាន់​ម៉ា​។​

ការអំពាវនាវ​បែបនេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​ ១៥ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​ស្សាឡា​ម​។​

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៦ ខែតុលាថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស [​នៃ​ប្រធាន​អាស៊ាន​] នៅ​មី​យ៉ាន់​ម៉ា​ក្នុងពេល​ដ៏​ឆាប់​នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រកាន់យក​នូវ​ជំហាន​ជាក់ស្តែង និង​សមស្រប ដើម្បី​បង្កលក្ខណៈ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​មី​យ៉ាន់​ម៉ា​»​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​និង​ទូលំទូលាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ការលើកកម្ពស់​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​ទី​៣៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី ​២៨ ខែ តុលា ឆ្នាំ​ ២០២១ ឱ្យបាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​ទទួលលទ្ធផល​ផ្លែផ្កា​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា រដ្ឋ​ម​ន្រី្ត​ការបរទេស​អាស៊ាន​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​អំពី​ការវិវត្ត​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា និង​វឌ្ឍនភាព​ការងារ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជំ​រុញឱ្យ​ទីក្រុង​ណៃ​ពី​ដោ​ នៃ​ប្រទេស​មី​យ៉ាន​ម៉ា ​សម្របសម្រួល​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងពេល​ឆាប់ៗ​ខាងមុខ​ឱ្យបាន​ប្រកបដោយ​ផ្លែផ្កា​៕​

អត្ថបទគួរចាប់អារម្មណ៍