ភ្នំពេញៈមន្រ្ដី​ជាន់​ខ្ពស់​ក្រសួង​យុត្ដិធម៌​​គ្រោងនឹង​ជួប​ជជែក​គ្នា​នៅ​សប្តាហ៍ក្រោយជា​មួយ​នាយក​ថ្នាក់​តំប​ន់និង​ក្រុមការងារ​នៃ​អង្គការ​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ (WJP) ​អំពីវិធី​សាស្រ្ត​ស្រាវ​ជ្រា​វ​និង​កា​រវាយត​​ម្លៃ​របស់​ពួក​គេ ដែល​​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជាឆ្នាំ ​២០២១​ នៅ​លេ​ង​រៀងទី ១៣៨ ជាប្រទេស​ដែលមាន​នីតិរដ្ឋ​ស្ទើរតែ​ទាប​ជាគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​សរុប ១៣៩។

លោក​ ជិន​ ម៉ាលី​ន​ រដ្ឋ​លេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃទី​១៧​តុលានេះ​ថា ទាក់​ទង​នឹងជំនួបជជែក​​ជាមួយ​នាយក​ថ្នាក់​តំបន់​និង​ក្រុមការងារ​អង្គការ ​WJP ​អំពីវិ​ធីសាស្រ្តស្រា​វជ្រាវនិ​ងការវាយ​តម្លៃរ​បស់​ពួក​គេនេះ​ ដោយ​សារ​​ក្រសួង​យុត្ដិ​ធម៌​សង្កេត​ឃើញ​ការ​វាយ​តម្លៃ​ឆ្នាំនេះ​មាន​ចំណុច​មន្ទិល ​គួរ​ឱ្យ​សង្ស័យ​ច្រើន​ ។

លោក​ថ្លែងថា​៖«​យើង​ដឹង​គ្រប់គ្នា​ថា​ប្រទេស​មួយ​ចនួនមាន​ស្ថាន​ភាព​សិទ្ធិ​មនុស្សប្រជា​ធិបតេ​យ្យនីតិរដ្ឋ​ យ៉ាប់ជាង​កម្ពុជា​ឆ្ងាយ​ ក៏ប៉ុន្ដែ​បែរជាមាន​ពិន្ទុ​នៅលើ​កម្ពុជា​ទៅវិញ។ ដូចជា​ប្រទេស​ខ្លះ​ដឹក​នាំដោយ​របប​ផ្ដាច់ការ កុម្មុយនីស្ត គណបក្ស​នយោ​បាយ​តែមួយនិង​ប្រទេស​ខ្លះទៀត​ដឹកនាំ​ដោយ​របប​យោធា ប្រទេស​ខ្លះ​កំពុង​ជួប​ប្រទះ​នូវ​សង្គ្រាម​ស៊ីវិល​ច្បាំង​គ្នាឡើង​កាន់អំណាច​ ដោយ​រដ្ឋ​ប្រហារ​ជាដើម​ តែ​បែរ​ជា​មាន​សន្ទ​ស្សន៍ និង​ពិន្ទុ​នីតិរដ្ឋ​នៅ​លើ​កម្ពុជា​ទៅ​វិញ​»។

របាយ​ការណ៍​ស្តី​ពី​សន្ទ​ស្សន៍​នីតិ​រដ្ឋ​ប្រចាំឆ្នាំ​២០២១​របស់ WJP ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ បាន​​វាយ​តម្លៃ​នីតិ​រដ្ឋលើ​ប្រទេស​ចំនួន​១៣៩នៅក្នុង​អំឡុងពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ​១៩នេះគឺនីតិរដ្ឋ​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ជាង​ពាក់កណ្តាល​ពិភពលោក​។WJPបង្ហាញថា៤,៧ភាគរយ​នៃ​ប្រជាជន​ក្នុង​ពិភពលោក​គឺ​៦,៥ ​ពាន់​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​នីតិរដ្ឋ​កំពុង​ចុះ​ខ្សោយ​។

WJPបាន​ចាត់​ចំណាត់​ថ្នាក់ក្នុង​ចំណោម​ប្រទេស​ទាំង ​១៣៩ មាន​ប្រទេស​៣ដែល​បាន​អនុវត្ត​នីតិរដ្ឋ​បានល្អ​ជាងគេ​នៅ​​ឆ្នាំនេះ ​គឺប្រទេស​ដាណឺម៉ាក ​ស្ថិតក្នុង​លេខ​រៀង​ទី​១ ​ន័រវែស​លេខ​រៀង​ទី​២ ​និង​ហ្វាំងឡង់​​ទី​៣​។ ​ប្រទេស​៣ ​ដែលមាន​ពិន្ទុ​នីតិរដ្ឋ​រួម​ទាប​ជាងគេ​គឺ​ប្រទេស​​វ៉េណេ​ស៊ុយអេ​ឡា​ស្ថិតក្នុង​លេខ​រៀង​ ១៣៩ គឺ​ចុងក្រោយ​គេខណៈ​​ដែល​កម្ពុជាស្ថិតនៅ​លេខ​រៀង​ស្ទើរតែទាប​ជាងគេ​បំផុត​ ​គឺលេខ​ ១៣៨ ​និង​ប្រទេស​កុងហ្គោ​លេខ​រៀង​១៣៧។

តាម​រយៈ​ចំណាត់​ថ្នាក់​នេះ​ បាន​ធ្វើឱ្យ​​កម្ពុជា​មាន​ចំណាត់​ថ្នាក់​នីតិរដ្ឋទាប​ជាងឆ្ងាយ​ពីប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ីហ្វិក។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សូម្បីប្រទេស​ភូមា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ១២​៨​ ហ្វី​លីពីន​នៅ​លេខ​រៀង​ទី ​១​០​២​ រៀត​ណាម ​នៅលេខ​រៀង​ទី ​៨៨​ និង​ថៃនៅ​លេខ​រៀង​ទី​ ៨០។

លោក​ ជិន​ ម៉ាលីន ​បញ្ជា​ក់​ថា៖ «អ៊ីចឹង​ជំនួប​នេះ គោល​បំណង​សំខាន់គឺដើម្បី​ជជែកគ្នា​ ស្វែង​យល់​ពីគ្នា​ទេថាតើ​វិធីសាស្រ្ដ​ដែលគេប្រើ​កន្លងមក ការ​វាយ​​តម្លៃ​របស់​គេនាពេល​កន្លង​មកធ្វើ​របៀបម៉េច ផ្អែក​ទៅលើ​គោលការណ៍ និង​លក្ខ​ខណ្ឌអ្វីខ្លះ ជាពិសេស​របៀប​នៃការ​ប្រមូល​ព័ត៌មាន ប្រភព​ព័ត៌​មាន សំណួរនៃការ​ស្ទង់មតិ ក្រុម​ដែល​គេប្រើ​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិនិង​ក្រុម​គោល​ដៅ​ដែល​គេធ្វើ​ការ​ស្ទង់​មតិគេរៀបចំ​ប្រមូល​របៀប​ម៉េចហើយ​យក​មក​ពីណា»​។ ​

បើ​តាម ជិន​ ម៉ាលីន គោល​បំណងនៃ​ជំនួប​នេះ ក្រៅពី​ជជែកគ្នា​ដើម្បី​ស្វែង​យល់​អំពីវិ​ធីសាស្រ្ដ ដែលគេប្រើ​ប្រាស់​ក្នុង​ការ​វាយ​តម្លៃនេះ ​​ក៏ជែកពីការពង្រឹង​នូវ​កិច្ច​សហការ​ដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មាន​កិច្ច​សហការ​គ្នា ក្នុង​ការ​វាយ​តម្លៃ​លើកក្រោយៗទៀត។ បានន័យថា ដោយ​​មាន​ការ​ចូលរួម​ពីខាង​រាជរដ្ឋា​ភិបាល ដែល​មិនមែន​វាយ​តម្លៃ​ដោយ​មិន​មាន​ការ​ចូលរួមខាង​រដ្ឋាភិបាល ឬក៏មិនមាន​កិច្ច​ពិគ្រោះ​ពិភាក្សាគ្នា​នោះទេ​ ដែល​កត្ដានេះអាច​នាំ​ឱ្យទទួល​ព័ត៌​មាន​ខុស ទទួល​ព័ត៌មាន​ពីភាគី​តែ​ម្ខាង​ហើយ​លទ្ធផល​ចេញ​មក​អាច​មាន​ការ​លម្អៀង​។

សន្ទស្សន៍​នីតិរដ្ឋ​របស់ ​WJP ​គឺជា​របាយការណ៍​ដែលមាន​ទិន្នន័យ​ប្រចាំ​ឆ្នាំ​ដោយ​ផ្អែកលើ​ការស្ទង់​មតិ​ថ្នាក់ជាតិ​លើ​គ្រួសារ​ជាង​១៣៨ ០០០​គ្រួសារ​និង​អ្នក​អនុវត្ត​ច្បាប់​និង​អ្នកជំនាញ​ចំនួន​ ៤ ២០០ នាក់​នៅ​ជុំវិញ​ពិភពលោក​។ WJP​ ឱ្យនិយម​ន័យ​នីតិរដ្ឋ​ថា ​គឺជា​ប្រព័ន្ធ​ច្បាប់ ស្ថាប័ន​បទដ្ឋាន ​​និង​ការប្តេជ្ញា​ចិត្ត​របស់​សហគមន៍​ដែល​រឹងមាំ​ ដែល​ផ្តល់នូវ​គណ​នេយ្យ​ភាព​ច្បាប់​ មាន​យុត្តិធម៌​ ការបើកចំហ​របស់​រដ្ឋាភិបាលនិង​ការ​ទទួល​បាន​យុត្តិ​ធម៌​។

កាលពី​ឆ្នាំ​២០២០ ​អង្គការ​នេះ​ បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​លេខ​រៀង​ទី​ ១២៧ ដែលជា​ចំណាត់ថ្នាក់​ស្ទើរតែ​ទាប​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨​​ផង​ដែរ៕