
សកម្មភាពយកពស់ថ្លាន់ទៅលេងនៅក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃ១៤ តុលា ។ រូបថត សួន សត្វភ្នំតាម៉ៅ
តាកែវៈពស់ថ្លាន់ជាង៨០ក្បាលត្រូវបានដឹកចេញពីឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅយកទៅលែងឲ្យរស់នៅបែបធម្មជាតិនៅតំបន់អភិរក្សជលផលផាត់សណ្តាយ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៤ ខែតុលា។
លោក ញឹក រតនពេជ្រ ប្រធានមជ្ឈមណ្ឋលសួនសត្វភ្នំតាម៉ៅបានឱ្យដឹងនៅថ្ងៃ១៧ ខែតុលាថា មន្ត្រីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ សហការជាមួយខណ្ឌរដ្ឋបាលជលផល មន្ទីរបរិស្ថាន ផ្នែកសឹករង និងសមត្ថកិច្ចនគរបាល ស្រុកកណ្តៀងបាននាំយកពស់ថ្លាន់ចំនួន៨៥ក្បាលទៅលែងឲ្យរស់នៅតាមបែបធម្មជាតិនៅតំបន់អភិរក្សជលផលផាត់សណ្តាយ ក្នុងស្រុកកណ្តៀង។
លោក រតនពេជ្រ បានឲ្យដឹងថា ពស់ថ្លាន់ទាំងនោះគឺជាពស់ដែលមន្ត្រីជំនាញ និងប្រជាពលរដ្ឋចាប់បាននៅតាមផ្ទះឬទីកន្លែងផ្សេងៗ ហើយបានបញ្ជូនមកមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីពិនិត្យមើលសុខភាព និងថែទាំ។ ក្រោយពិនិត្យមើលឃើញថា សត្វពស់ថ្លាន់ទាំងនោះមិនមានរបួស មិនមានជំងឺទើបបញ្ជូនពួកវាទៅឲ្យរស់នៅទីកន្លែងសមស្រប។
លោកបានបញ្ជាក់ថា៖«ពស់ថ្លាន់ទាំងអស់ហ្នឹងគឺគេបញ្ជូនមកពីទីកន្លែងផ្សេងៗទូទាំងប្រទេសមានទាំងនៅភ្នំពេញផង តាមខេត្តផ្សេងៗផង ដែលជួនកាលវារចូលផ្ទះគេ ជួនកាលចូលដីចម្ការគេ ជួនកាលគេចាប់បានគេបញ្ជូនមកឲ្យ ហើយយើងពិនិត្យមើលឃើញថា មិនមានបញ្ហាអីទើបបញ្ជូនទៅលែង» ។
បើតាមលោក រតនពេជ្រ កន្លងមកមជ្ឈមណ្ឋលសួនសត្វភ្នំតាម៉ៅ ធ្លាប់បាននាំយកសត្វពស់ថ្លាន់ទៅលែងនៅទីកន្លែងផ្សេងៗជាច្រើនដូចជា នៅតំបន់ជួរភ្នំក្រវាញកណ្តាល តាមបឹង តាមអូរ និងតាមព្រែកផ្សេងៗផងដែរ។ ចំណែកលើកនេះទើបយកទៅលែងក្នុងបឹងទន្លេសាបវិញម្តង។
លោកថ្លែងថា៖«លក្ខខណ្ឌក្នុងការរស់នៅទីនោះគឺមានអំណោយផលល្អណាស់ទីហ្នឹងក៏ជាកន្លែងអភិរក្សជលផលផង ហើយទីនោះទោះបីជាពេលនេះមានទឹកឡើង ប៉ុន្តែមានដើមឈើ ដើមរាំង ដើមអី អ៊ីចឹងវាអាចរស់នៅ វាអាចរកចំណីស៊ីបាន ហើយប្រហែលជា១ខែអីទៀតទឹកស្រកហើយ វាមានដីគោកអីច្រើនដែរនៅកន្លែងហ្នឹង» ។
លោក ខៀវ រចនា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាថ្លែងនៅថ្ងៃទី១៧ តុលាថា ជាទូទៅមានប្រភេទសត្វពស់ថ្លាន់ខ្លះរស់នៅតំបន់បឹងទន្លេសាប ខ្លះទៀតរស់នៅលើគោក និងខ្លះទៀតរស់នៅតំបន់ខ្ពង់រាប ដែលពេលខ្លះមានការពិបាកបែងចែកប្រភេទផងដែរ ហេតុនេះប្រសិនបើការយកទៅលែង ដោយមិនបានពិនិត្យសិក្សាឲ្យបានល្អអាចនាំឲ្យពួកវាមានហានិភ័យក្នុងការរស់នៅ។
លោថ្លែងថា៖«ជួនកាលយើងយកវាទៅដាក់នៅកន្លែងហ្នឹងដោយយើងគិតថាអំណោយផលល្អសម្រាប់ពួកវា ប៉ុន្តែមិនប្រាកដថាវាអាចធ្វើការផ្លាស់ទីបានទៅកន្លែងផ្សេងដោយសុវត្ថិភាពឬយ៉ាងណានោះទេ។កាលណាខុសលក្ខខណ្ឌវាខុសកន្លែងរស់នៅរបស់វា ជួនកាលវាអត់មានចំណី ហើយវាមិនមានទីកន្លែងរស់នៅសមស្រប» ។
យ៉ាងណាក៏ដោយ លោក ញឹក រតនពេជ្រ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់លោកឃើញថាសត្វពស់ថ្លាន់មិនសូវប្រកាន់ទីតាំងនោះទេសំខាន់លក្ខណៈជីវសាស្ត្រត្រូវនឹងលក្ខខណ្ឌក្នុងការរស់នៅរបស់ពួកវាគឺគ្មានបញ្ហានោះទេ ៕
វីដេអូ៖