ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ចូន ​លោក​ស៊ុន ចាន់ថុល ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​សន្និសីទ​ដឹកជញ្ជូន​ចីរភាព​ជាសកល​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី ២ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

លោក​ថ្លែង​សារ​សំខាន់​ៗទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ដើម្បី​កាត់បន្ថយ​ភាព​ក្រក្រី។

សន្និសីទ​ដឹកជញ្ជូន​ចីរភាព​ជាសកល ​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី ២​ (The 2nd United Nations Global Sustainable Transport Conference)​ ត្រូវបាន​ធ្វើឡើង​រយៈពេល​៣ថ្ងៃ ​ចាប់ពី​ថ្ងៃទី១៤ ​ដល់​ថ្ងៃទី១៦ ​ខែតុលា ​នៅ​ទីក្រុង​ប៉េកាំង ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ប្រមុខ​រដ្ឋ ​ប្រមុខ​រដ្ឋាភិ​បាល​សំខាន់ៗ​មកពី​ជុំវិញ​ពិភពលោក ​និង​អ្នកជំនាញ​មកពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា​ផង​ដែរ។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ចូន​បានឱ្យ​ដឹងថា ​សន្និសីទ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​មួយចំនួន​ រួមមាន ​តួនាទី​នៃ​ការដឹក​ជញ្ជូន​ចីរភាព​ក្នុង​ការលុប​បំបាត់​ភាព​ក្រីក្រ។ ការជំរុញ​សេដ្ឋកិច្ច​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ការតភ្ជាប់​សកល ​ការអភិវឌ្ឍ​បៃតង ​ការអភិវឌ្ឍ​ថ្នាក់​តំបន់ ​នវានុវត្តន៍ ​និង​ទីក្រុង​ចីរភាព។

ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ​ទៅកាន់​អង្គសន្និសីទ​នាឱកាស​នោះ ​លោក​ស៊ុន ចាន់ថុល ​បានលើក​ឡើងថា​ នាទី​វិស័យ​ដឹកជញ្ជូន​គឺ​ ចូល​រួម​ចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រក្រី។ ​កម្ពុជា​បានយកចិត្ត​ទុកដាក់​ចំពោះ​គោល​នយោបាយ​និង​អាទិភាព​នៃ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ​និង​ដឹកជញ្ជូន ​ដែល ​រួមមាន ​ការស្តារ​វិស័យ​ដឹកជញ្ជូន ​និង​បណ្តាញ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​ដើម្បី​តភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស ​និង​អន្តរជាតិ។

លោក​បញ្ជាក់ថា​៖«ការអភិវឌ្ឍ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​រស់​រវើក ​ដើម្បី​ពង្រឹង​ការប្រកួត​ប្រជែង ​និង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។ គោល​នយោបាយ​បង្កើត​ការងារ​ធ្វើ ​កាត់បន្ថយ​ភាព​ក្រក្រី​តាមរយៈ​ការតភ្ជាប់​ផ្លូវ​ជនបទ ​ការពារ​បរិស្ថាន ​និង​ធ្វើប្រសើរ​ឡើង​ដល់​សុវត្ថិភាព​ចរាចរណ៍ ​គឺជា​តួនាទី​វិស័យ​ដឹកជញ្ជូន​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ដើម្បី​កាត់​បន្ថយ​ក្រក្រី»។

ជាមួយ​គ្នានោះ ​លោក​ស៊ុនចាន់ថុល ​ក៏បាន​លើកឡើង​អំពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នានា ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩​ផង​ដែរ។ ក្នុង​នោះ​លោក​អះអាងថា ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​៣៤ខ្សែ​នៅ​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ ​ផ្លូវ​៣៨ខ្សែ​នៅ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​ នឹង​ត្រូវបាន​អនុវត្ត​ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ ​នៅ​ពេល​កម្ពុជា​បើក​ប្រទេស​ឡើងវិញ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ៕