កំពង់ធំៈអយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​នៅ​ថ្ងៃទី​១៧​តុលា​បាន​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌​មាន​អន​ឡាញ​ម្នាក់​​ពាក់​ព័ន្ធ​នឹងបទ​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជាង​៣៣​ក្រាម​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភូមិឥន្ទ​កុមារ ឃុំ​កំពង់​ស្វាយ ស្រុកកំ​ពង់​ស្វាយ ខេត្តកំពង់ធំ កាល​ពីថ្ងៃទី​១៦​តុលា។

លោក​សាយ វាសនា អ្នក​នាំពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧​តុលា​ថា​ ជន​ឈ្មោះ ​សេង​ ម៉ៅ ភេទ​ប្រុស អាយុ​ ៤៤​ឆ្នាំ​ ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់និង​បញ្ជូនទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បីបន្ត​នីតិវិធីនៅ​រសៀល​ថ្ងៃទី​១៧​តុលា​។

លោក​ថ្លែង​ថា៖«រឿង​នេះ​ត្រូវ​បាន​លោក​ព្រះរា​ជអាជ្ញារ​ង ពៅ ​សំបូរ​ ចោទ​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​។ ​បទ​ចោទ​នេះ​តាម​មាត្រា៤​០ និង​មាត្រា​៤៥​ នៃ​ច្បាប់​ស្តី​ពីការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​»។

លោក​ នៅ រិន ស្នង​ការ​រង​នគរ​បាល​ខេត្តកំពង់​ធំ​ទទួល​បន្ទុ​កប្រឆាំ​ងបទ​ល្មើស​គ្រឿង​ញៀន ​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ​ទី១៧​តុលា​ថា ​កាល​ពី​ថ្ងៃទី​១៦​តុលា មាន​ប្រជា​ពលរដ្ឋ​នៅក្នុង​ភូមិ​ឥន្ទ​កុមារ​ ឃុំ​កំពង់​ស្វាយ ​បាន​រាយកា​រណ៍​ទៅ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​កំពង់​ស្វាយ​ថា​មា​នបុរស​ម្នាក់​គេស​ង្ស័យ​ថា​ ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់។

លោក​បន្តថា ប​ន្ទាប់​មកនគរ​បាល​ប៉ុស្តិ៍​បាន​រាយ​ការណ៍​ទៅ​លោក ​កែ កញ្ច​នា អធិការ​នគរ​បាល​ស្រុ​ក​កំពង់​ស្វាយ ​ហើយ​លោក​អធិការ​បាន​​ប្រាប់​មក​លោក​។បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​មក​លោក​បាន​ចាត់​កម្លាំង​ចុះស្រា​វ​ជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នៅថ្ងៃ​ទី១៦​តុលា។

បើតា​មលោក​ នៅ​ រិន «ជន​សង្ស័យ​ឆ្លើយ​ថា​ គាត់​ជាអ្នកសា​រព័ត៌​មាន​សំឡេង​ប្រជា​ជន​»។​ លោក​បញ្ជាក់​ថា ​ចំពោះ​គ្រឿង​ញៀន​ប្រភេទ​មេ​តំហ្វេ​តា​មីន​ ដែល​ដក​ហូត​បាន​ ពីជន​សង្ស័យ​មាន​ចំនួន​៥​កញ្ចប់​ស្មើ​ទម្ងន់ ​៣៣,៦៥ក្រាម​។

ពាក់​ព័ន្ធ​នឹងអ្នក​សារ​ព័ត៌​មាន​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ លោក​ ផុស ផុស​សុវណ្ណ អគ្គ​នាយក ​នៃ​អគ្គ​នាយ​ក​ដ្ឋាន​ព័ត៌​មាន និង​សោត​ទស្សន៍ ​ក្រសួង​ព័ត៌​មាន ​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ ​ថ្ងៃទី១​៧​តុលា​ថា​ ​អង្គ​ភាព​សារ​ព័ត៌​មាន​ឈ្មោះ​សំឡេង​ប្រជា​ជន​នេះ​លោក​មិន​ទាន់​ដឹង​ថា​ មាន​អាជ្ញា​ប័ណ្ណ​នៅ​ក្រសួ​ង​ព័ត៌​មាន​ឬ​អត់​ទេ ដោយ​លោក​​ត្រូវស្រាវ​ជ្រាវ​មើល​សិន​។

ប៉ុន្តែលោក សុវណ្ណ​​ បានបញ្ជាក់ថា៖ «​យើង​បាន​ណែនាំ​ច្រើន​ណាស់​ទាំង​ផ្ទាល់ និង​ប្រយោ​ល ទាក់​ទង​វិជ្ជាជី​វៈ និង​ច្បាប់​ផង​ដែរ តែអ្ន​ក​សារព័ត៌​មានខ្លះនៅតែ​ល្មើស​»៕