បាត់ដំបងៈ ជំនន់​ទឹកស្ទឹង​សង្កែ​បាន​ស្រក​ចុះ​បន្តិច​វិញ នៅ​ថ្ងៃទី​ ១៧ ខែតុលា បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង​សម្រេច​បិទទ្វារ​ទឹក​នៃ​ទំនប់​ពហុបំណង​បាត់ដំបង (​ទំនប់​សេកសក​) កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ការពារ​ទឹក​ជន់លិច​ក្រុង​បាត់ដំបង​។

លោក​ ឡុង ផល្គន ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ២ ​ថ្ងៃ​ជាប់​គ្នា នៅ​ស្រុក​សំឡូត និង​ផ្នែក​ខាងលើ​នៃ​ស្រុក​សាលា​ក្រៅ​នៃ​ខេត្ត​ប៉ៃលិន បាន​ធ្វើឱ្យ​ទឹក​ហូរ​ធ្លាក់​មក​យ៉ាងគំហុក​ក្នុង​ស្ទឹង​សង្កែ ធ្វើឱ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ​ជន់​ឡើង​យ៉ាង​ឆាប់រហ័ស បណ្ដាល​ឱ្យ​ជន់លិច​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​ជាប់​ដងអូរ ដែល​តភ្ជាប់​នឹង​ស្ទឹង​សង្កែ​។ កាលពី​ល្ងាច​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២១ ទឹកស្ទឹងសង្កែ​បាន​ជន់​ឡើងដល់​ ១៣,៩៥ ​ម៉ែត្រ ដោយ​ពិនិត្យឃើញ​ស្ថានភាព​ទឹក​ជន់ឡើង​ឆាប់​រហ័ស​ពេក ក្រុមការងារ​បានសម្រេច​ចិត្ត​បិទទ្វារ​ទឹក​ទំនប់​សេក​សក និង​សំណង់​ស្ទាក់​ទឹក​កង្ហត​ជា​បណ្ដោះអាសន្ន ដើម្បី​កុំឱ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ​ចាល់​ជន់​លិច​ក្រុង​។ គិត​ត្រឹម​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២១ កម្ពស់​ទឹកស្ទឹងសង្កែ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១៣,៥៥ ​ម៉ែត្រ​វិញ គឺ​ស្រក​អស់​ប្រមាណ​ ៤ ​តឹក បើ​ធៀប​នឹង​ល្ងាច​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២១​។ លោក​ថា បើសិនជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​ ២-៣ ​ថ្ងៃ​ថែមទៀត​នោះ វា​នឹង​អាច​ជន់លិច​មិន​ខាន​ព្រោះ​សំណង់​ទំនប់​សេក​សក និង ទំនប់​ស្ទាក់​ទឹកកង្ហត មិនអាច​ទប់​បាន​ទៀត​ទេ គឺ​តម្រូវឱ្យមាន​ការបើកទ្វារ​ទឹក​បង្ហូរទឹក​ចេញ ដើម្បី​ការពារ​បាក់ស្រុត​ទំនប់​។

ទោះយ៉ាងណា​ក៏ដោយ តំបន់​ផ្សា​របឹង​ឈូក ក្រុង​បាត់ដំបង បាន​ជន់លិច​ផ្លូវ​ និង​ហូរ​ចូល​ផ្ទះ​ពលរដ្ឋ​មួយចំនួន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ទឹក​ដែល​ជន់លិច​នោះ មិនមែន​ហៀរ​ចេញពី​តាម​មាត់​ស្ទឹង​នោះទេ គឺ​ដោយសារ​ការចាល់​ស្ទះលូ ដែល​បន្សល់ទុក​ពី​សម័យ​បារាំង បន្ទាប់ពី​លូ​ទាំងនោះ​ត្រូវបាន​បិទខ្ទប់​មិនឱ្យ​ហូរ​ធ្លាក់ចូល​ទៅក្នុង​ស្ទឹង​ដូច​កាលពីមុន​។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី ប៉ាង ដាវី អាជីវករ​ផ្សារ​បឹងឈូក ក្រុង​បាត់ដំបង​។

ដោយឡែក​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​បន្ត​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្តកំពង់ស្ពឺ ចុះ​ពិនិត្យ​ទីតាំង​សំខាន់ៗ ដើម្បី​ត្រៀម​រំដោះ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​បន្ត​ហក់​ឡើង​សាជាថ្មី​ឡើងវិញ​ជា​បន្តបន្ទាប់ ។

លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង ជា​ប្រធាន​មុខព្រួញ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ទឹកស្ទឹង​ព្រែកត្នោត​មាន​ការជន់​ឡើង គួរឱ្យ​កត់សម្គាល់ ដែល​តម្រូវឱ្យ​មាន​ការត្រៀម​បង្ការ ទប់ស្កាត់​ជាមុន ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការជន់លិច​ក្នុង​រាជធានី​- ភ្នំពេញ និង ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។ ដោយឡែក នៅឯ​ខេត្តមណ្ឌលគិរី​វិញ អាជ្ញាធរខេត្ត​កំពុង​ត្រៀម​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ក្រោយ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រយៈពេល​ ៧ ​ថ្ងៃ​មកនេះ​៕

វីដេអូ៖