
មន្ត្រីជំនាញជាតិ និងអន្តរជាតិប្រារព្ធខួបទី៤១ នៃទិវាស្បៀងអាហារពិភពលោក។ រូបថត វេង សាខុន
ព្រៃវែងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។
ថ្លែងក្នុងខួបលើកទី ៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ "សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ” ដែលបានធ្វើឡើងនៅភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី ១៦ តុលា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកលោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការប្រារព្ធទិវានាពេលនេះ គឺស្របពេលជាមួយនឹងការរំឭកខួបលើកទី៧៦ ឆ្នាំនៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាព្រឹត្តិការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុស ស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅរកការបញ្ចប់ភាពស្រេកឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសកលលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោក វេង សាខុន បញ្ជាក់ថា វិបត្តិជំងឺកូវីដ ១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ បញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យកសិកម្មក៏បានចូលរួមផងដែរ។
លោកថ្លែងថា៖ «យុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម»។
លោក សាខុន បានអះអាងថា ការលើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល។ ក្រសួងកសិកម្មបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព កំណើនប្រាក់ចំណូលគ្រួសារកសិករ និងសុខុមាលភាពយូរអង្វែងផងដែរ។
ជាមួយគ្នានោះ ក្រសួងកសិកម្មក៏មានការយកចិត្តទុកដាក់លើការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព ប្រសិទ្ធភាព និងភាតរបរិស្ថាន រួមទាំងការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្មជាមួយនឹងការលើកទឹកចិត្តអ្នកស្រាវជ្រាវ។
តំណាងស្ដីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា លោក Antonio Schiavone បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន ថា ទិវាស្បៀងអាហារពិភពលោក ឆ្នាំ ២០២១ នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការក្នុងការគាំទ្រដល់ការប្រែក្លាយប្រព័ន្ធស្បៀងឱ្យកាន់តែមានប្រសិទ្ធភាព បរិយាប័ន្ន ធន់ និងប្រកបដោយនិរន្តរភាព។
លោក Antonio Schiavone ពន្យល់ថា ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយពីប្រព័ន្ធស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើការជ្រើសរើស អាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារដែលធ្វើឱ្យបុគ្គលគ្រប់គ្នាក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធនេះ។
បើយោងតាមរបាយការណ៍ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភពិភពលោក (SOFI) បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ជាច្រើនទសវត្សរ៍មកនេះ ចំនួនមនុស្សស្រេកឃ្លានបានកើនឡើងវិញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយប្រជាជនប្រមាណ ១ ភាគ ១០ នៃចំនួនប្រជាជនទូទាំងពិភពលោក ត្រូវចូលគេងក្នុងភាពស្រេកឃ្លាននៅឆ្នាំ ២០២០។
របាយការណ៍នេះបានបញ្ជាក់ថា៖ «មនុស្សជាង ៣ ពាន់លាននាក់ គ្មានលទ្ធភាពទទួលទានរបបអាហារដែលមានជីវជាតិ ខណៈដែលជំងឺធាត់ និងជំងឺមិនឆ្លងផ្សេងទៀត គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ និងកំពុងតែកើនឡើង»។
ចំណែករបាយការណ៍ថ្មីមួយរបស់អង្គការ FAO បានលើកឡើងថា ជំងឺរាតត្បាតកូវីដ ១៩ បានបង្កឱ្យមានការរាំងស្ទះដល់វឌ្ឍនាការដែលបានរៀបចំជាយូរមកហើយ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ ២០៣០។
នៅកម្ពុជាគ្រួសារក្រីក្រ និងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារពួកគេ ភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗ រួមមាន ការធ្វើស្រែចម្ការ ការស៊ីឈ្នួល ដោយលក់កម្លាំងពលកម្ម សកម្មភាពមិនមែនកសិកម្ម និងប្រាក់បញ្ញើពីពលករចំណាកស្រុក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ។ យោងតាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយ បរិមាណ និងគុណភាពអាហាររបស់ពួកគេក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩នេះ។ នេះបើតាមការលើកឡើងបន្ថែមរបស់សេចក្តីប្រកាសព័ត៌មានអង្គការ FAO។
ប្រទេសកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងរបស់ខ្លួន។ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិដែលរៀបចំឡើងជាលើកទី ១ ក្នុងប្រវតិ្តសាស្ត្រ របស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ដែលជាព្រឹត្តិការណ៍សកល និងបានកំណត់នូវមហិច្ឆតារួមមួយនោះគឺ ការពួតដៃគ្នាអនុវត្តបន្តសកម្មភាពសំខាន់ៗនានារបស់ខ្លួន ដើម្បីផ្លាស់ប្តូររបៀបដែលពិភពលោកផលិត និងប្រើប្រាស់ស្បៀងអាហារក្នុងគោលបំណងវិលត្រឡប់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក Antonio ថ្លែងថា៖ «ដើម្បីឱ្យការប្រែក្លាយប្រព័ន្ធស្បៀង អាចសម្រេចទៅបាន យើងត្រូវការគាំទ្រផ្នែកគោលនយោបាយ ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់មនុស្ស ដូចជាការប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ និងមាននិរន្តរភាព និងការកាត់បន្ថយការខ្ជះខ្ជាយ និងបាត់បង់អាហារ និងគំរូអាជីវកម្ម សំដៅធានាបាននូវផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ និងជីវិត កាន់តែប្រសើរ ដោយមិនទុកឱ្យនរណាម្នាក់ស្ថិតក្នុងភាពអត់ឃ្លានឡើយ»។
ដោយអនុលោមទៅតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីទូលាយមួយកន្លែងក្នុងខេត្តព្រៃវែង ដែលមានអ្នកចូលរួមប្រមាណតែ ៥០ នាក់ប៉ុណ្ណោះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អភិបាលខេត្ត តំណាងស្តីទីអង្គការ FAO និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រី Claire Conan តំណាង WFP ខួបលើកទី ៤១ នៃទិវាស្បៀងអាហារពិភពលោកនេះ គឺជាព្រឹត្តិការណ៍សកល ដែលពិភពលោកប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្មក្នុងការផលិត និងធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី បរិស្ថានដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួម៕