ភ្នំពេញៈ រយៈពេល​ ១ ​ឆ្នាំ គណៈមេធាវី​កម្ពុជា​បាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ ដោយ​ឥត​គិតថ្លៃ​ជាង ៦ ០០០ ​នាក់ ​ខណៈ​លោក លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​អះអាងថា ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​នឹង​បន្ត​ពង្រីក​ការការពារ​ក្តី​ជូន​ជន​ក្រីក្រ និង​ស្ត្រី​ដោយ​ឥតគិតថ្លៃ​បន្ថែមទៀត ដើម្បី​ធានា​ការទទួល​បាន​សិទ្ធិ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​។

នៅ​ថ្ងៃទី​ ១៥ ដល់ ថ្ងៃទី​ ១៨ តុលា គណៈមេធាវី​កម្ពុជា​ប្រារព្ធ​កម្មវិធី​មហាសន្និបាត​គណៈមេធាវី​កម្ពុជា​លើក​ទី​​២៦ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៤ រយៈពេល​ ៣ ថ្ងៃ នាទី​ស្នាក់ការ​គណៈមេធាវីរាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​បើក​មហាសន្និបាត​នេះ​កាលពី​ថ្ងៃទី​ ១៦ ខែតុលា លោក លី ច័ន្ទតុលា បាន​ថ្លែងថា បើ​ទោះ​ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន​បាន​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​រាតត្បាត ប៉ុន្តែ​គណៈមេធាវី​បាន​ខិតខំ​ពុះពារ​សម្រេចបាន​នូវ​គោលដៅ​សំខាន់ៗ​ជាច្រើន​។

លោក​បាន​បន្តថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លងមកនេះ គណៈមេធាវី​បាន​ចាត់តាំង​មេធាវី​ឱ្យ​ការពារ​ក្តី​ជូន​ជនជាប់ចោទ​ចំនួន ៤ ០៣៨ ករណី​ ដែល​មាន​កូនក្តី​សរុប​ចំនួន ៦ ៦៩២ នាក់ ដែលមាន​ស្ត្រី ចំនួន​ជិត ៥០០ នាក់ និង​មាន​កូនក្តី​ជា​អនីតិជន​ចំនួន​ ១ ៥៤៨ នាក់​។

លោក បន្ថែម​ថា ក្រៅពី​ផ្តល់​ការការពារ​ក្តី គណៈមេធាវី​ក៏​បាន​ផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​ទូទៅ ដោយ​ឥតគិតថ្លៃ ចំនួន ១១០ ករណី​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​ពង្រឹង និង​ពង្រីក​ការបម្រើ​ក្នុង​វិស័យ​យុត្តិធម៌ ដើម្បី​លើកស្ទួយ​សិទ្ធិ​មាន​មេធាវី យុត្តិធម៌​នៅក្នុង​សង្គម គណៈមេធាវី បានរៀបចំ​ឱ្យមាន​ជំនួយ​ផ្នែក​ច្បាប់ ដល់​ជនក្រីក្រ ដោយ​មិន​គិតថ្លៃ​។ ក្នុង​ឆ្នាំ​ ២០២២ ខាងមុខ​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​សម្រាប់​គម្រោង​នេះ រហូតដល់​ចំនួន ២ ៦០០ លាន​រៀល​ ដើម្បី​ធានាថា​ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ទទួលបាន​មេធាវី​ការពារ​ក្តី​ស្របច្បាប់​»​។

ជាមួយ​គ្នា​នេះ​លោក​ លី ច័ន្ទតុលា ក៏បាន​អះអាង​ដែរ​ថា ក្រៅពី​ការផ្តល់​ការការពារ​ក្តី​ដោយ​ឥតគិតថ្លៃ តាមរយៈ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​នោះ​ក៏មាន​ការពារ​ក្តី និង​ផ្តល់​ការពិគ្រោះ​ផ្នែក​ច្បាប់ ក្នុង​កម្មវិធី​ជាច្រើន​ទៀត ដែល​ត្រូវបាន​ដំណើរការ​ផងដែរ ខណៈ​មេធាវី​ស្ម័គ្រចិត្ត​កើន​ដល់​ ២១៤ រូប​ហើយ​ក្នុង​ម្នាក់ៗ​នឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ ១,២ លាន​រៀល ក្នុង​ ១ ​សំណុំរឿង​។

លោក សុក សំអឿន មេធាវី​នៅ​ការិយាល័យ​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ ថ្លែងថា លោក​មិនអាច​វាយតម្លៃ​បានទេ​ថា ការផ្តល់​មេធាវី​ការពារ​ក្តី​ដល់​ជនក្រីក្រ​របស់​គណៈមេធាវី​មាន​លក្ខណៈ​ល្អ ឬ​មិនល្អ​កម្រិតណា​។ ប៉ុន្តែ​តាម​ការជួប​ប្រទះ​ជាក់ស្តែង​របស់លោក គឺ​មើលឃើញថា ការផ្តល់​មេធាវី​ការពារ​ក្តី​ដោយ​ឥតគិតថ្លៃ​នេះ គឺ​នៅមាន​ចំណុច​ខ្វះខាត ដែល​ទាមទារ​ឱ្យមាន​ការតាមដាន​ឱ្យបាន​ច្បាស់លាស់ ជាពិសេស គឺ​ការពង្រឹង​ការគ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​បាន​រៀបរាប់ថា​៖ «​ការផ្តល់​នេះ គឺ​វា​ល្អ​ហើយ ប៉ុន្តែ​មិនមែន​គ្រាន់តែ​ផ្តល់​មេធាវី​ម្នាក់ ឈរ​នៅមុខ​សវន​ការ​នោះទេ គឺ​យើង​ត្រូវ​ចូលរួម​តាំងពី​ដំណាក់ការ​ស៊ើបអង្កេត​មក​ម្ល៉េះ ព្រោះ​បើ​មិនអាច​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់​អ៊ីចឹង​អាច​ប៉ះពាល់ ដល់​ទិដ្ឋភាព​នៃ​ការការពារ​ក្តី​។ ខ្ញុំ​គិតថា អាច​មាន​ការខ្វះខាត ព្រោះ​មេធាវី​ជួយ​ជនក្រីក្រ ពេល​ខ្លះ​ទៅ​តែ​ពេល​សវនការ ហើយ​មិន​ស្គាល់​ទាំង​កូនក្តី​របស់​ខ្លួន​ទៀត​»​។

ក្រៅពី​ចំណុច​លើកឡើង​នេះ លោក សុក សំអឿន ក៏​ចង់ឃើញ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មេធាវី​ស្ម័គ្រចិត្ត​ឱ្យ​បាន​ច្រើនជាង​នេះ​ផងដែរ ដើម្បី​ធានាថា ថវិកា​ដែល​បាន​ផ្តល់​ជូន​នេះ គឺ​អាច​ឱ្យ​មេធាវី​នីមួយៗ បំពេញ​ការងារ​របស់​ខ្លួន​បាន​គ្រប់គ្រាន់ ហើយ​មិនមាន​ការខ្វះខាត​។

លោក លី ច័ន្ទតុលា បានឱ្យ​​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០២១ គណៈមេធាវី​កម្ពុជា​មាន​មេធាវី​សរុប​ចំនួន​ ២ ៣៨២ នាក់​ក្នុង​នោះ មេធាវី​ពេញសិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ ចំនួន​ ១ ៧៨៨ ​នាក់ មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ចំនួន ១២៣ ​នាក់ មេធាវី​កំពុង​ធ្វើ​កម្មសិក្សា​ចំនួន ៣៥៦ នាក់ និង​មេធាវី​ក្រៅបញ្ជី មេធាវី​លុបឈ្មោះ បាន​អនិច្ចកម្ម​ជាដើម​ជាង ១០០ ​នាក់​៕