ភ្នំពេញៈ នារី​ជា​កម្មការិនី​ចំនួន​ ៣ ​នាក់​ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ ៣ ​នាក់​របួសធ្ងន់ ដោយសារ​បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ត​បុក​រះ​នៅ​យប់​ថ្ងៃទី​ ១៦ ខែតុលា នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​ ហេង សារិម នាយផ្នែក​ដោះស្រាយ​វិវាទ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ​តុលា​ថា នារី​រងគ្រោះ​ស្លាប់​ទី​១- ​ឈ្មោះ​ សាន ផល្លី ភេទ​ស្រី អាយុ​ ២៤ ​ឆ្នាំ ទី​២- ​ឈ្មោះ​ គ្រី ស្រីនាង ភេទ​ស្រី អាយុ​ ២០ ​ឆ្នាំ​ (​ពួកគេ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​) ​និង​នារី​ម្នាក់ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​។

ចំពោះ​អ្នករងរបួស សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ ព្រោះ​ពេល​កើតហេតុ​ភ្លាមៗ​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​។ ចំណែក​ជនសង្ស័យ​បង្កហេតុ ដែលជា​ម្ចាស់​រថយន្ត ឈ្មោះ​ ហៃ សុចិត្រា ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ​គ្មាន​មុខរបរ​អ្វី​ទេ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ជនសង្ស័យ​ស្រវឹងស្រា បើក​បុក​រះ​ជនរងគ្រោះ​តែម្តង​។ ជនសង្ស័យ​គ្មាន​បើក​វ៉ា​ជែង​នរណា​ទេ​»​។ លោក​បញ្ជាក់ថា ជនសង្ស័យ​ដែលជា​អ្នកបង្ក​ហេតុ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​បញ្ជូន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​ ១៧ តុលា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​ សាយ ចំរើន នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​ចោមចៅ ១ ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ តុលា តាមសាក្សី​នៅ​កន្លែងកើតហេតុ​ថា នៅវេលា​យប់​ថ្ងៃទី​ ១៦ តុលា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង​ពណ៌​ខ្មៅ ម៉ាក​ធុនត្រា ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-7060 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក្នុង​ទឹកដី​សង្កាត់​ចោមចៅ​ ១ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​បើក ដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បង្កហេតុ​បុក​រះ​រទេះ​លក់​សាច់​អាំង​នៅតាម​ចិញ្ចើមផ្លូវ​បណ្តាល​ឱ្យ​ស្ត្រី​អ្នកដំណើរ​ ៣ ​នាក់ ស្លាប់​នៅ​កន្លែងកើតហេតុ​។ រីឯ​មនុស្ស​ ៣ ​នាក់​ទៀត​របួសធ្ងន់​ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​។

លោក​បញ្ជាក់ថា ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​របស់លោក ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ​ ក្រោយពី​ទទួលបាន​ព័ត៌មាន​ប៉ុន្មាន​នាទី​។

លោក​ប្រាប់ថា​៖ «​កម្លាំង​យើង​គ្រាន់តែ​សហការ ដើម្បី​ជួយ​អន្តរាគមន៍​ប៉ុណ្ណោះ​។ ចំពោះ​នីតិវិធី​ដោះស្រាយ គឺ​យើង​ប្រគល់​ការងារ​នេះ​ឱ្យ​ខាង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​»៕