ភ្នំពេញៈ​ ក្រសួងក​សិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​បា​នធ្វើ​​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិស​ហ​មជ្ឈការ​តាម​បែប​ប្រតិ​ភូកម្ម​សេវា​រដ្ឋបាល​មួយ​ចំនួន​ទៅឱ្យ​រដ្ឋបាល​រាជ​ធានី​-​ខេត្ត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាល​ទី​២​ ឆ្នាំ ​២០២១​-​២០៣០​ ​ក្នុង​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិ​បាល​​។​​

ក្នុង​សិក្ខា​សាលា​ តាម​ប្រព័ន្ធ​ Zoom ​ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយ ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេចក្តី​ណែ​នាំ​អន្តរ​ក្រសួង​លេខ ៣២៧ ស​ណន​.​កសក ​ចុះ​​ថ្ងៃទី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​​ ២០២១​ ស្តីពី​ ​" បែប​បទ​ នីតិវិធី​ និង​លក្ខខណ្ឌ​ភ្ជាប់​នៃ​ការផ្តល់​សេវា​រដ្ឋបាល​ក្នុង​វិស័យ​កសិកម្ម​ ​ទៅ​រដ្ឋបាល​រាជ​ធានី​-​ខេត្ត ​នៅ​ក្រសួង​កសិកម្ម​ នា​ព្រឹក​ថ្ងៃទី​ ១៨​ ខែ​តុលា​នេះ​។

លោក ​វេ​ង សាខុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្លែង​ថា​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​ធ្វើ​កំណែ​ទ​ម្រង់​វិមជ្ឈ​ការ​ និង​វិសហ​មជ្ឈ​ការ​តាម​បែប​ប្រតិភូ​កម្ម​សេវា​រដ្ឋបាល​មួយ​ចំនួន​ទៅ​ ឱ្យ​រដ្ឋ​ល​រាជ​ធានី​-​ខេត្ត​ រួម​មាន​ ការចេញ​លិខិត​អនុញ្ញាត​ធ្វើ​វារីវប្ប​កម្ម ការ​ចេញ​លិខិត​អនុញ្ញាត​ ​និង​វិញ្ញា​បន​បត្រ​អនា​ម័យ​សត្វ​ ​និង​ផលិត​ផល​សត្វ​ ​(​បសុ​ព្យាបាល​)​។​

សេវា​កម្ម​ត្រួត​ពិនិត្យ​អនាម័យ​សត្វ ​និង​ផលិត​ផល​សត្វ ​ការ​ប្រមូល​កម្រៃ​សេវា​ត្រួត​ពិនិត្យ​អនាម័យ​សត្វ សាច់​ និង​ផលិត​ផល​សត្វ​នៅ​សត្ត​ឃាត​ដ្ឋាន ​“​ប្រភេទ​ ខ​” សេវា​លើ​ការ​ចេញ​លិខិត​ អនុញ្ញាត​លក់ដុំ​លក់រាយ​ថ្នាំ​កសិកម្ម​ ឬ​ជី​កសិកម្ម​ ឬ​ចម្រុះ​នូវ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ និង​ សេវា​លើ​ដំណើរ​ការ​ឆ្លង​វគ្គ​អប់រំ​សម​ត្ថ​ភាព​វិជ្ជា​ជីវៈ​សម្រាប់​អ្នក​ផ្គត់ផ្គង់​ចែក​ចាយ​ អ្នក​លក់​ដុំ​លក់រាយ​ ជា​ដើម​។

លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ ផ្អែក​តាម​ស្មារតី​ការធ្វើ​វិមជ្ឈ​ការ​តា​ម​បែប​ប្រគល់​ពី​ក្រសួង​ ស្ថាប័ន​ថ្នាក់ជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​អនុ​ក្រឹត្យ​លេខ​១៨២​ លេខ​ ១៨៣​ លេខ​១៨៤​ អនក្រ​.​បក​ ចុះ​ ថ្ងៃទី​២ ​ខែធ្នូ ​ឆ្នាំ​២០១៩​ ស្តីពី​មុខងារ​ និង​រចនា​សម្ព័ន្ធ​រដ្ឋ​បាល​ក្រុង​-ស្រុក​-ខណ្ឌ​។​

​ក្រសួង​បាន​ផ្ទេរ​មុខងារ​តាម​បែប​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​ ក្រុង​-ស្រុក​-ខណ្ឌ​ រួមមាន​ ការងារ​កសិកម្ម​ ការងារ​សុខភាព​សត្វ​និង​ផលិត​កម្ម​សត្វ ​ ការងារ​ព្រៃឈើ ​ការងារ​ជលផល​ និង​ ការ​ផ្តល់​សេវា​រដ្ឋបាល​ផ្នែក​កសិកម្ម ​(​ជី ​និង​ថ្នាំ​កសិកម្ម​) ​ផ្នែក​ផលិត​កម្ម​ និង​បសុព្យា​បាល​ ​(​វិញ្ញា​បន​បត្រ​អនា​ម័យ​សត្វ ​ផលិត​ផល​សត្វ​ និង​បសុព្យា​បាល​)​ និង​ផ្នែក​វារី​វប្ប​កម្ម​។

លោក​ថ្លែង​ថា​៖«​​ការ​ធ្វើ​កំណែ​ទ​ម្រង់​វិមជ្ឈ​ការ​ និង​វិសហ​មជ្ឈការ​ ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ រាជ​រដ្ឋាភិ​បាល​បាន​បង្កើត​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ថ្មី​ដោយ​ធ្វើ​សមា​ហ​រ​ណ​កម្ម​ការិយា​ល័យ​កសិកម្ម​ក្រុង ស្រុក​ ខណ្ឌ​ ទៅក្នុង​រចនា​សម្ព័ន្ធ​ថ្មី​របស់​រដ្ឋ​បាល​ក្រុង​-ស្រុក​-ខណ្ឌ​ ដែល​មាន​ការិយា​ល័យ​ក​សិ​កម្ម​ ធន​ធាន​ធម្មជាតិ ​និង​បរិស្ថាន​ នៃ​រដ្ឋបាល​ស្រុក ​និង​ការិ​យាល័​យ​សេដ្ឋ​កិច្ច ​និង​អភិ​វឌ្ឍន៍​សហ​គមន៍​នៃ​រដ្ឋ​បាល​ក្រុង-ខណ្ឌ​»​។

ដោយ​ឡែក​សេច​ក្តី​ព្រាង​សេចក្តី​ណែ​នាំ​អន្តរ​ក្រសួង​ស្តីពី​គោ​ល​កា​រណ៍​ នីតិ​វិធី​ និង​ស្តង់ដា​សេវា​សម្រាប់​គ្រប់គ្រង​ ចាត់​ចែង ​និង​អនុវត្ត​មុខងារ​វិស័យ​កសិកម្ម​ រុ​ក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​រដ្ឋបាល​ក្រុង​-ស្រុក​-ខណ្ឌ​ បាន​និង​កំពុង​ដំណើរកា​រ​ពិនិត្យ​ និង​ពិភាក្សា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​របស់​លោក​ វេ​ង​ ​សាខុន​៕​