កំពង់ឆ្នាំងៈ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពង់​ឆ្នាំង​ បានបញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលា​ការ​ខេត្ត​នៅ​ថ្ងៃ​ទី​ ១៨ តុលា ​ករ​ណីលួច​លុយ​ចៅ​អធិការ​វត្ត​អស់ ​​២៥​ លាន​រៀល​ ប្រព្រឹត្ត​នៅវ​ត្ត​សំប៉ាន ​ស្ថិត​ក្នុង​ឃុំ​ចោង​ម៉ោង ​ស្រុក​ទឹក​ផុស។

លោក ពេជ្រ សុខឿន នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ខេត្ត​កំពង់​ឆ្នាំង​ឱ្យ​ដឹង​នៅ​ថ្ងៃទី ​១៨ តុលា​ថា​ ជន​សង្ស័យ​ឈ្មោះ ស៊ូ គីម​ហ៊ុល ​ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ថ្ងៃទី​ ១៨ តុលា​ហើយ​។​

លោក​ប្រាប់​ថា​៖ «ខ្ញុំចោទ​បឋម​ពាក់​ព័ន្ធ​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។ លោក​ សុខឿន ប្រាប់​ថា​ កាល​ពីថ្ងៃ​ទី​ ២០​ ខែ កញ្ញា ​ឆ្នាំ​ ២០២១ ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​គណៈ​កម្មការ​វត្ត​សំប៉ាន​ដោយ​ចោទ​បុរស​ឈ្មោះ ​ស៊ូ គីមហ៊ុល ​រស់​នៅភូមិ​កូរ​ដ្ឋាន ឃុំទឹក​ថ្លា ស្រុក​សិរី​សោភ័​ណថា​ បាន​លួច​លុយ​ព្រះ​ចៅ​អធិការ​វត្ត​សំប៉ាន ព្រះនាម​ញ៉េប សា​រ៉ុម ចំនួន​ ២៥ ​លាន​រៀល​។

លោក​បន្តថា​ បើតាម​ពាក្យ​បណ្តឹ​ងរៀប​រាប់​ថា ​នៅ​វេលា​ថ្ងៃ​ត្រង់​ ខណៈ​ពេល​ព្រះ​ចៅ​អធិការ​វត្ត​និម​ន្ត​ទៅ​ឆាន់​ចង្ហាន់​ថ្ងៃត្រង់​នៅ​ថ្ងៃទី ​២០ ​កញ្ញា​ ហើយ​បាន​ចាក់​សោទ្វារ​កុដិ​ត្រឹម​ត្រូវ​។ ​លុះ​ព្រះ​ចៅ​អធិការ​វត្ត​និមន្ត​ត្រឡប់​មក​វិញ​ក៏ឃើញ​មាន​របើក​ទ្វារ​ហើយ​បាត់​លុយ​ចំនួន​ ១៥ ​លាន​រៀល​​។

បើតាម​ពាក្យ​បណ្តឹង ​ករណី​បាត់​លុយ​នេះ​មិន​មែន​ទើ​បបាត់​លើក​ទី១ ​ទេ ​នៅ​ថ្ងៃទី ១១​ ខែ​ មិថុនា ​ឆ្នាំ ​២០២១ ​​ក៏បាន​លួចលុយ​​អស់​ចំនួន​ ១០ លាន​រៀលដែរ។ ​លុះលើក​ទី​២​នៅ​ថ្ងៃទី​២០​ខែ​កញ្ញា​ឆ្នាំ២​០២១​បាត់​លុយ​អស់​ ១៥​ លាន​រៀល​ទៀត​។​

បន្ទាប់​ពី​សមត្ថ​កិច្ច​របស់​លោក​ទទួល​បណ្តឹង​មក​ក៏ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ដោយ​ចុះ​ពិនិត្យ​ដល់​វត្ត។ ​ក្នុង​ការ​ពិនិត្យ​នោះ​សម​ត្ថ​កិច្ច​ជំនាញ​បាន​រក​ឃើញ​ថា ​នៅ​ត្រង់​ទ្វារ​ចូល​កុដិមាន​ស្នាម​គាស់​ទម្លុះ​ទម្លាយ​ទ្វារ​កុដិ​។

លោក​ សុខឿន​ បាន​បញ្ជាក់​ថា ​ជុំវិញ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​នេះដែរ​ គឺលោក​បាន​ឆែក​តាម​កាមេ​រ៉ាសុវត្ថិ​ភាព​ដែល​បាន​បំពាក់​នៅ​ក្នុង​បរិវេណ​វត្ត​ក៏​ឃើញ​មុខ​របស់​ជន​សង្ស័យ​ឈ្មោះ ស៊ូ​ គីមហ៊ុល​ នេះ។​ បន្ទាប់​ពី​ចំណាយ​ពេល​ច្រើន​ថ្ងៃ​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពង់​ឆ្នាំង​បាន​ស្រាវ​ជ្រាវ​ដឹង​ថា ជន​សង្ស័យ​មាន​ស្រុក​កំណើត​នៅ​ភូមិ​កូរ​ដ្ឋាន ឃុំទឹ​ក​ថ្លា ស្រុក​សិរីសោភ័​ណ។

លោក​បានបញ្ជាក់​ថា​ ក្រោយ​​ស៊ើប​ដឹង​ពីទីកន្លែង​រស់​នៅរបស់​ជន​សង្ស័យ​មក​ គឺ​សមត្ថ​កិច្ច​របស់​លោក​បាន​សុំ​សហ​ការ​ជាមួយ​នគរ​បាល​ខេត្ត​​បន្ទាយ​មានជ័យដើម្បី​ចុះឃាត់​ខ្លួន​ជនស​ង្ស័យ​បាន​នៅ​ថ្ងៃទី​ ១៧​ តុលា។ លោក​ សុខឿន​ ថា៖ «ជន​ល្មើស​នេះ​ធ្លាប់​ជាប់​គុក ​២​ លើក​មក​ហើ​យក្នុង​បទ​ល្មើស​លួច​នេះ​»៕