ភ្នំពេញ៖ សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី​ចំនួន ៣៣ រូប ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ក្រោយ​ការ​បោះឆ្នោត ខណៈ​លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ សង្ឃឹម​ថា សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី នឹង​ខិតខំ​បំពេញ​ការងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការលើក​កម្ពស់ វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ជាមួយ​នឹង​មហាសន្និបាត​គណៈមេធាវី​កម្ពុជា​លើក​ទី​២៦ ដែល​មាន​រយៈពេល ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៨ តុលា នា​ទីស្នាក់ការ​គណៈមេធាវី រាជធានី​ភ្នំពេញ។

តាម​លោក​ លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៨ តុលា​ថា បេក្ខភាព​ចំនួន ៣៣ រូប​ត្រូវ​បាន​ជាប់ឆ្នោត​ដោយ​មាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​ចំណោ​មបេក្ខភាព​ចំនួន ១១០ រូប​ដែល​បាន​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិទី ១០។

លោករំពឹងថា សមាជិក្រុម​ប្រឹក្សា​ដែល​បាន​ជាប់​ឆ្នោត​ថ្មី​នេះ​ នឹង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណៈមេធាវី​ដើម្បី​លើក​កម្ពស់​វិស័យ​ច្បាប់ និងយុត្តិធម៌​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស ជួយ​ឱ្យ​ការងារ​របស់​គណៈមេធាវី​ប្រព្រឹត្ត​ទៅ​មុខ​យ៉ាង​សកម្ម ខណៈ​មេធាវី​នៅ​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ជាច្រើន។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​ពីធី​ប្រកាស​លទ្ធផល​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​រួម​គ្នា​ធ្វើ​ការងារ​ជាមួយ​បងប្អូន​សហភាតា​ដែល​ជា​ប់ឆ្នោត​ដើម្បី​ឧត្តម​ភាព​និង​កិត្យាភាព​នៃ​វិជ្ជាជីវៈ​មេធាវី​របស់​យើង។ សូម​រួម​គ្នា​ជាមួយ​ខ្ញុំ ដើម្បី​ឧត្តមភាព​និង​កិត្យានុភាព​គណៈមេធាវី»។

បើ​តាម​លោក លី ច័ន្ទតុលា ក្រុម​ប្រឹក្សា​គណៈមេធាវី​រួម​គ្នា​ពិនិត្យ ដោះស្រាយ​គ្រប់​បញ្ហា ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​វិជ្ជាជីវៈ​មេធាវី និងធានា​ដល់​ការ​បំពេញ​ភារកិច្ច និង​ការពារ​សិទ្ធិ​របស់​មេធាវី។

ក្នុង​នោះ​លោក​បន្ត​ថា សមាជិក​គណៈមេធាវី​ក៏​មាន​សិទ្ធិ​ធ្វើ​បទបញ្ជា​ផ្ទៃក្នុង​ក្រមសីលធម៌​សម្រេច​លើ​ការ​ស្នើ​សុំ​អនុញ្ញាត​ទាំង​ឡាយ​ដែល​ធ្វើឡើង​ដោយ​មេធាវី​រួម​ទាំង​កិច្ចការ​ជាច្រើន​ទៀត​ដោយ ៥០ បូក១ ឬ​សំឡេង​ភាគ​ច្រើន។

លោក កើត រិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា មេធាវី​គឺ​បុគ្គល​មួយ​ដែល​ចូលរួម​និង​មិន​អាច​ខ្វះ​នៅ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​យុត្តិធម៌នៅ​កម្ពុជា​ហើយ​ស្ថាប័ននេះ​ក៏​បាន​ចូលរួម​ផ្តល់​ការ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​នៅ​ចំពោះ​មុខ​ច្បាប់​ផងដែរ។

លោក​រំពឹង​ថា៖ «ក្រុម​ប្រឹក្សា​គណៈមេធាវី​ថ្មី​នេះ​នឹង​បំពេញ​តួនាទី​ដ៏​មាន​សារៈសំខាន់ របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ដើម្បី​ជាឧត្តម​ប្រយោជន៍​ដល់​គណៈមេធាវី​សម្រាប់​មេធាវី។ សមត្ថភាព​ខាង​វិជ្ជាជីវៈ​របស់​មេធាវី​គឺជា​កត្តា​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​និង​ដំណើរការ​លើកកម្ពស់ ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា»។

លោក ទូច ធីរិទ្ធ មេធាវី​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ក្នុង​លំដាប់​ទី ៣ ក្នុង​ចំណោម​មេធាវី​ជាប់​ឆ្នោត​ទាំង ៣៣ រូប​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី១៨ តុលា​ថា លោក​ពេញ​ចិត្ត​នឹង​ការ​បំពេញ​ការងារ​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​ក្នុង​អាណត្តិ​ថ្មី​នេះ។

លោក​បាន​ប្តេជ្ញា​ថា៖ «សម្រាប់​ខ្ញុំ មាន​២ ចំណុច​ក្នុង​ការ​ប្តេជ្ញាចិត្ត​គឺ​ខ្ញុំ​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការងារ​និង​ចូលរួម​កិច្ច​ប្រជុំ​របស់គណៈមេធាវី។ ទី២ គឺ​ខ្ញុំ​នឹង​បន្ត​និរន្តរភាព​ចូលរួម​សកម្មភាព​ក្នុង​ការ​ចូលរួម​ជាមួយ​ការ​ដឹក​នាំ​របស់​គណៈមេធាវី​លើ​គោលការណ៍ ៨ ចំណុចដើម្បី​ឧត្តមភាព​និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី»។

ក្រៅពី​ការ​ប្តេជ្ញា​នេះ​លោក​មើល​ឃើញ​ថា ការ​បោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​​នេះ​គឺ​មាន​លក្ខណៈ​ល្អ​និង​ត្រឹមត្រូវ​ដែល​បង្ហាញ​​តម្លាភាព​និង​ភាពច្បាស់​លាស់ ក្នុង​ការ​ជ្រើសរើស​សមាជិក​ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន៕