រតនគិរីៈ អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ដាក់​ចេញ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ជា​អាទិភាព​ ដើម្បី​លើកកម្ពស់​សោភណភាព​ខេត្ត ដោយ​បាន​កំណត់​យក​ថ្ងៃ​សុក្រ​រៀងរាល់​សប្ដាហ៍​ឱ្យ​មន្ដ្រីរាជការ​ធ្វើ​យុទ្ធនាការ​នេះ ដើម្បី​បំផុស​ស្មារតី​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​ផង និង​ធ្វើឱ្យ​ក្រុង​ស្រុក​ទាំងអស់​ក្លាយជា​គោលដៅ​ទេសចរណ៍​បៃតង​។

លោក​ ញ៉ែម សំអឿន បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ នៅពេល​ជួបប្រជុំ​សំណេះសំណាល​ជាមួយ​មន្ដ្រី​រាជការ​ជា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​ ១៨ ខែតុលា​។ លោក​អភិបាលខេត្ដ​បាន​ចាត់ទុក​ការធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ជា​អាទិភាព​ក្នុងការ​លើកកម្ពស់​សោភណភាព​ខេត្ត​។

លោក​ថ្លែងថា​៖ «​បញ្ហា​សំរាម​ជា​បញ្ហា​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​សោភណភាព បរិស្ថាន​ល្អ ភាពស្អាត អនាម័យ​ល្អ និង​សណ្តាប់ធ្នាប់​ល្អ​ក្នុង​ខេត្តរតនគិរី សំដៅ​ធ្វើឱ្យ​ទីក្រុង និង​តាម​បណ្តា​ស្រុក​ទាំងអស់​របស់​ខេត្ត​ក្លាយជា​គោលដៅ​ទេសចរណ៍​បៃតង​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​។ ដូច្នេះ​នៅ​ថ្ងៃ​សុក្រ រៀងរាល់​សប្តាហ៍ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ​ត្រូវធ្វើ​អនាម័យ​សម្អាត​តាម​អង្គភាព និង​តាម​ទីប្រជុំជន ទីសាធារណៈ​នានា​ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​»​។

លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​ព័ត៌មាន​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បន្ដ​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​សក្ដានុពល​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​នៅក្នុង​ខេត្ដ​ឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យ​ភ្ញៀវទេសចរ​បាន​ដឹងបាន​ស្គាល់​កាន់តែ​ច្បាស់​អំពី​ភូមិសាស្ដ្រ តំបន់​ទេសចរណ៍​ក្នុង​ខេត្តរតនគិរី ហើយ​មកលេង​កម្សាន្ដ នៅពេល​រាជរដ្ឋាភិបាល​ប្រកាស​បើក​ឱ្យមាន​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ធម្មតា​ឡើងវិញ​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​រតនគិរី លោក​ កុល ផាន់ណា ថ្លែង​នា​ថ្ងៃទី​ ១៨ តុលា​ថា ការដែល​លោក​អភិបាលខេត្ដ​ជ្រើសរើស​យក​ថ្ងៃ​សុក្រ ចុង​សប្តាហ៍ គឺ​ដើម្បីឱ្យ​មន្ទីរ អង្គភាព​ទាំងអស់​សម្អាត​នៅ​បរិវេណ​របស់ខ្លួន​ផង និង​ដក​កម្លាំង​មន្ដ្រី​មួយ​ចំនួន​ទៅ​សម្អាត​នៅតាម​ក្រុង ស្រុក​ផងដែរ​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នេះ គឺជា​យុទ្ធនាការ​មួយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម សម្អាត​ទីក្រុង​ទាំងអស់​គ្នា ដោយ​ផ្ដើមចេញពី​មន្ដ្រីរាជការ​ធ្វើជា​គំរូ​របស់​ប្រជាពលរដ្ឋ​»​។

លោក​ ផាន់ណា ​លើកឡើងថា ការដាក់ចេញ​នូវ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង និង​ដើម្បី​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ផង នៅពេល​រដ្ឋាភិបាល​ប្រកាស​បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម​ឡើងវិញ​នាពេល​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ជា​យុទ្ធសាស្ដ្រ​របស់​ឯកឧត្ដម​អភិបាលខេត្ដ​ថ្មី លោក​យល់ឃើញថា ក្នុង​ខេត្ដ​រតនគិរី គឺជា​ខេត្ដ​មួយ​ដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​។ ដូច្នេះ លោក​ចង់​បំផុស​ចលនា​ពី​ឥឡូវ​ទៅ​ដើម្បី​ត្រៀមខ្លួន​រៀបចំ​សោភណភាព ទីក្រុង​ស្អាត ដោយ​ផ្ដើមចេញពី​មន្ដ្រីរាជការ​»​។

លោក​បន្តថា ជា​មហិច្ឆតា​របស់លោក​អភិបាលខេត្ដ ក្នុង​អាណត្ដិ​ដែល​ដឹកនាំ​នេះ គឺ​ចង់ឃើញ​ខេត្ដ​រតនគិរី​មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ច្រើន និង​ចង់​អភិវឌ្ឍ​សោភណភាព​ទីក្រុង អភិវឌ្ឍ​វិស័យ​សណ្ឋាគារ​ឱ្យដល់​លំដាប់​ផ្កាយ​ ៥ ឱ្យមាន​នៅក្នុង​ខេត្ដ​រតនគិរី​។

បើតាម​រដ្ឋបាល​ខេត្ដ ខេត្ត​រតនគិរី​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ខេត្ដ​នេះ​ត្រូវបាន​បង្កើតឡើង នា​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ១៩៥៩ ក្នុង​រជ្ជកាល​សម្តេចព្រះ​នរោត្តម សុរាម្រិត ដែល​ត្រូវបាន​កាត់​ចេញពី​ខេត្ត​ស្ទឹងត្រែង និង​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ៥៨៨ ​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង​។ ខាងកើត​ជាប់​នឹង​ខេត្ត​យ៉ាឡាយ និង​ខេត្ត​កន្ទូម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រវែង​ ២១០ ​គីឡូម៉ែត្រ​។ ខាងជើង​ជាប់​នឹង​ខេត្ត​អត្តពឺ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រវែង​ ១៦៥ ​គីឡូម៉ែត្រ និង​ខាងត្បូង​ជាប់​នឹង​ខេត្ត​មណ្ឌលគិរី​។

ខេត្ដ​នេះ​មាន​ភូមិសាស្ត្រ​ជា​តំបន់​ខ្ពង់រាប សម្បូរ​ភ្នំ ជ្រោះ​ជ្រលង​ដងអូរ និង​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​មាន​ទន្លេ​ឆ្លងកាត់​ចំនួន​ ២ គឺ​ទន្លេសេសាន និង​ទន្លេស្រែពក​។ ខេត្តរតនគិរី​មាន​ផ្ទៃដី​សរុប​ ១០ ៧៨២ ​គីឡូម៉ែត្រ​ក្រឡា​។ រដ្ឋបាល​ដែនដី​ត្រូវបាន​ចែក​ជា ១ ​ក្រុង និង​ ៨ ​ស្រុក ៤៦ ​ឃុំ ៤ ​សង្កាត់ និង​ ២៤៣ ​ភូមិ​។ បច្ចុប្បន្ន​ខេត្ត​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​ ២ ​សែន​នាក់ មានគ្រួសារ​សរុប​ជាង​ ៤,៩ ​ម៉ឺន​គ្រួសារ​។ ដង់ស៊ីតេ​ប្រជាពលរដ្ឋ​ ១៩ ​នាក់​/​គីឡូម៉ែត្រ និង​មាន​ជនជាតិ​ដើម​ភាគតិច​ ៨ ​អម្បូរ ស្មើនឹង​ ១២២ ៨០១ ​នាក់ ស្មើនឹង​ប្រមាណ​ជាង​ ៥៨% នៃ​ប្រជាជន​សរុប​ទូទាំង​ខេត្ដ​។

រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត​សរុប​មាន​ចំនួន​ ១៤ ​កន្លែង​ក្នុង​នោះ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​ ១២ ​កន្លែង និង​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ចំនួន​ ២ កន្លែង រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ចំនួន​ ៨ ​កន្លែង​គ្រប់គ្រង​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិច​។ សេវាកម្ម​ស្នាក់នៅ​សរុប​ចំនួន​ ៥០ ​កន្លែង ស្មើនឹង​ ១ ១២៩ ​បន្ទប់ ក្នុងនោះ​មាន​សណ្ឋាគារ ចំនួន​ ១៤ ​កន្លែង ស្មើនឹង​ ៦២៥ ​បន្ទប់ និង​ផ្ទះសំណាក់​ចំនួន​ ៣៦ ​កន្លែង គឺ​ស្មើនឹង ៥០៤ ​បន្ទប់ មាន​ភោជនីយដ្ឋាន​ចំនួន​ ១៤ ​កន្លែង អាហារដ្ឋាន​ចំនួន​ ២៥ ​កន្លែង និង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​សរុប​មាន​ចំនួន​ ១៩ ​កន្លែង​៕