ស្វាយរៀងៈ បុរស​ ២ ​នាក់​ក្នុង​នោះ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ នា​ថ្ងៃទី​ ១៧ តុលា ពីបទ​ជួញដូរ​គ្រឿងញៀន​ជិត​ ២០ ​គីឡូក្រាម ក្រោយពី​សមត្ថកិច្ច​ខេត្តស្វាយរៀង​បង្ក្រាបបាន ខណៈ​ពួកគេ​កំពុង​បម្រុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​វៀតណាម នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត​។

លោក ទេព ផល្លា ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១៨ តុលា ថា ក្រោយពី​សមត្ថកិច្ច​ខេត្ដ​ស្វាយរៀង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​ ២០ ​គីឡូក្រាម ដែល​ជនសង្ស័យ​បម្រុង​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​ ១៣ ខែតុលា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ ២ ​នាក់​មក​សាលាដំបូង​ ដើម្បី​បន្ត​អនុវត្ដ​តាម​នីតិវិធី​។

លោក​ថ្លែងថា​៖ «​យើង​បាន​បញ្ជូន​ពួកគេ​ទាំង​ ២ ​នាក់​ទៅ​ឃុំខ្លួន​កាលពី​ម្សិលមិញ​ [​ថ្ងៃទី ១៧ តុលា​]​។ យើង​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ និង​ការកាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មាន​ ២ ​បទ​ចោទ​នេះ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្វាយរៀង​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៨ ខែ​តុលា បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១៣ ខែតុលា នៅវេលា​ម៉ោង​​ ១៩ និង​ ៣០ ​នាទី​នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​ អែម សុវណ្ណារិទ្ធិ អធិការនគរបាល​ក្រុង​បាវិត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប ករណី​ជួញដូរ ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ ១ ​ករណី ដោយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ២ ​នាក់​។

ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ ឈ្មោះ​ ឡេ វ៉ាន់ថ អាយុ​ ១៨ ​ឆ្នាំ ភេទ​ប្រុស​ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ​រស់នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ម្នាក់ទៀត ឈ្មោះ​ វ៉ាន់ សុផា អាយុ​ ២០ ​ឆ្នាំ​ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ​រស់នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ របាយការណ៍​បញ្ជាក់ថា ពួកគេ​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​។

បើតាម​របាយការណ៍ វត្ថុតាង​ដែល​សមត្ថកិច្ច​នគរបាល​ចាប់​យកបាន​រួមមាន​ថ្នាំញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ទម្ងន់​ ៣ ៥០២ ​ក្រាម ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ទម្ងន់​ ២ ៩៨៦ ​ក្រាម ថ្នាំញៀន​ប្រភេទ​កេតាមីន​ទម្ងន់​ ១៣ ០០០ ​ក្រាម​ (​សរុប​មាន​ទម្ងន់​ ១៩ ៤៨៨ ​គីឡូក្រាម​)​។ ក្រៅពីនេះ​កងកម្លាំង​សមត្ថកិច្ច​បាន​ឆែក​រកឃើញ​ជនសង្ស័យ​មាន​ប្រើប្រាស់​អាវុធ​ខ្លីម៉ាក​ K54 ​ចំនួន​ ១ ​ដើម បង់​ ១ និង​មាន​គ្រាប់​ចំនួន​ ៨ ​គ្រាប់ ម៉ូតូ​ ១ ​គ្រឿង និង​កាបូប​ធំ​សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​ ១​។

លោក​ អែម សុវណ្ណារិទ្ធិ អធិការ​នគរបាល​ក្រុង​បាវិត​ថ្លែង​នៅ​ថ្ងៃទី​ ១៨ តុលា​ថា ក្រោយ​បង្ក្រាប​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​អនុវត្ដ​នីតិវិធី​បន្ត​។ ដូច្នេះ​ទាក់ទង​នឹង​ការបន្ត​ស៊ើបអង្កេត​អ្នកពាក់ព័ន្ធ​នឹង​ករណីនេះ គឺ​មិន​ស្ថិតក្នុង​នីតិវិធី​របស់លោក​ទៀត​ទេ​។ ប៉ុន្ដែ​លោក​ កឹង ឃន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​បិទ​ទូរស័ព្ទ ពេល​ទាក់ទង​កាលពី​ថ្ងៃទី​ ១៨ ខែតុលា​។

លោក​អធិការ​ថ្លែងថា​៖ «​ក្រោយ​ការបង្ក្រាបបាន យើង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ កាលពី​ថ្ងៃទី​ ១៣ ខែតុលា​។ ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​បន្ត​រឿងនេះ​គឺ​ស្ថិតនៅលើ​ជំនាញ​បន្តទៀត​នៅ​ខាង​ខេត្ដ ព្រោះ​ករណី​បង្ក្រាប​យើង​បាន​បញ្ជូនទៅ​រួចហើយ​»៕