ព្រះសីហនុៈ នាវាចម្បាំង​កងទ័ពជើងទឹក​អូស្ត្រាលី​ឈ្មោះ HMAS Anzac ចំនួន​ ១ ​គ្រឿង​ ដែល​ផ្ទុក​នាវិក​ជិត​ ១៦០ ​នាក់​​ បាន​មក​បំពេញ​ទស្សនកិច្ច​ ៣ ​ថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ១៨-២០ ខែតុលា ដើម្បី​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

នេះ​ជា​លើកដំបូង​ហើយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ ​មក ដែល​នាវាចម្បាំង​កងទ័ពជើងទឹក​អូស្ត្រាលី​បាន​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ប្រទេស​កម្ពុជា​។ នាវា HMAS Anzac ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ចូលរួម​ក្នុង​តំបន់​នៃ​នាវា​​បញ្ជាការ​របស់​អូស្ត្រាលី​ដែល​ហៅថា កិច្ចខិតខំ​ប្រឹងប្រែង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​​ (Indo-Pacific Endeavour)​។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​នៅ​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៨ ខែតុលា​ថា «​នៅក្នុង​ឆ្នាំ​ ២០២១ នេះ​យើង​ឃើញ​មាន​កម្លាំង​ប្រតិបត្តិការ​តូច​មួយ​របស់​នាវា​កងទ័ព​ជើងទឹក អូស្ត្រាលី​ចូល​សំចត​តាម​កំពង់ផែ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ និង​មនុស្សធម៌ ព្រមទាំង​ផ្លាស់ប្តូរ​គំនិត​ថ្មីៗ និង​ទស្សនវិស័យ​នានា​ស្តីពី​បញ្ហា​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​​របស់​អូស្ត្រាលី នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។

នៅក្នុង​ពិធី​ទទួល​ការ​មកដល់​នៃ​នាវា​នេះ​នៅឯ​កំពង់ផែ​​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៨ តុលា លោក Pablo Kang ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​ បានប្រគល់​អំណោយ​ជា​សម្ភារ​ការពារ​ខ្លួន​ និង​សម្ភារ​​វេជ្ជសាស្ត្រ​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ចំនួន ៨០០ ​គីឡូក្រាម ជូន​ដល់​លោក គួច ចំរើន អភិបាល​​ខេត្ត​ព្រះសីហនុ និង​លោក អ៊ុកសីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ស្រង់​សម្ដី​លោក Pablo Kang ដែល​ថ្លែង​ក្នុង​ពិធី​នេះ​ថា ប្រទេស​កម្ពុជា​បានធ្វើឱ្យ​សកម្មភាព​កិច្ចខិតខំ​ប្រឹងប្រែង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ទទួលបាន​ជោគជ័យ ហើយ​ការគាំទ្រ​ និង​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​ក្នុងការ​ដោះស្រាយ​ជំងឺ​កូវីដ​ ១៩ គឺមាន​សារៈសំខាន់​ណាស់​។

លោក​បាន​ថ្លែងថា​៖ «​ទស្សនកិច្ច​នេះ ពង្រឹង​ដល់​ការប្តេជ្ញា​ចិត្ត​របស់​អូស្ត្រាលី ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា រួមមាន ការស្តារ​សេដ្ឋកិច្ច និង​សុខាភិបាល​ឡើងវិញ​ពី​ជំងឺ​កូវីដ-១៩ និង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​របស់​យើង​»​។

លោក Pablo Kang បន្ថែមថា ទស្សនកិច្ច​នេះ​កើតឡើង​ក្នុង​សប្តាហ៍​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០ នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដែល​បាន​ត្រួសត្រាយ​ផ្លូវ​បញ្ចប់​ជម្លោះ​ជាច្រើន​ទសវត្សរ៍ នៅក្នុង​ប្រទេស​កម្ពុជា​។ ​កិច្ចព្រមព្រៀង​នេះ​បាន​​នាំឱ្យមាន​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​កងទ័ព​អូស្ត្រាលី​ជា​បុរស និង​ស្ត្រី​ជាច្រើនរូប បាន​មក​ចូលរួម​បំពេញការងារ​ប្រកបដោយ​​កិត្តិយស​។

បើ​យោងតាម​សេចក្តី​ប្រកាស​​ព័ត៌មាន​នេះ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ កងនាវិក​ក៏​នឹង​រៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ អនឡាញ ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​ជាមួយ​តំណាង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ដែល​នឹង​ជា​មូលដ្ឋាន សម្រាប់​ការគាំទ្រ​គោលនយោបាយ និង​ហិរញ្ញវត្ថុ​របស់​អូស្ត្រាលី​ចំពោះ​ដំណើរការ​ជោគជ័យ​នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ​នៃ​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ដែល​ក្រសួង​កិច្ចការ​នារី​របស់​ប្រទេស​កម្ពុជា បានរៀបចំ​ប្រារព្ធ​ធ្វើ កាលពី​​សប្តាហ៍​មុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​សាលាខេត្ត​ព្រះសីហនុ​បាន​ដកស្រង់​សម្ដី​លោក គង់ វិតាណ: អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្លែង​ក្នុង​ពិធី​នេះ​ថា ការផ្តល់​អំណោយ​របស់​អូស្ត្រាលី​នេះ​​បង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ប្រទេស​​អូស្ត្រាលី​ និង​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ជើង​ទឹក​ដ៏សំខាន់​របស់​អូស្ត្រាលី​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឆ្នាំ​ ២០២១​។

លោក​បាន​ថ្លែងថា​៖ «​សូមឱ្យ​ចំណង​សាមគ្គីភាព​នេះ​កាន់តែ​មាន​ភាពស្អិតល្មួត​បន្ថែមទៀត​រវាង​ប្រទេស​ទាំង​ ២ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២»​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ នាវាចម្បាំង HMAS Anzac មួយគ្រឿង​នេះ​មាន​បណ្តោយ​ប្រវែង​ ១១៨ ​ម៉ែត្រ ទទឹង​ ១៤,៨ ​ម៉ែត្រ ទម្ងន់​ផ្ទុក​ ៣ ៨១០ ​តោន មាន​នា​វឹក​ចំនួន ១៥៨ ​នាក់ ដឹកនាំ​ដោយ​លោក Mal Wise មេបញ្ជាការ​នាវា​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃ​កងទ័ពជើងទឹក​របស់​ប្រទេស​អូស្ត្រាលី ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចាប់ពី​ថ្ងៃទី​ ១៨-២០ ខែតុលា​៕