រតនគិរី/មណ្ឌលគិរីៈ អាជ្ញាធរ​ខេត្ត​ភាគ​ឦសាន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​ជាប់មាត់​ទឹក​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះទឹកជំនន់​ ខណៈ​ទឹក​ទន្លេស្រែពក បាន​​ហក់​ឡើង​លើសពី​កម្រិត​ប្រកាសអាសន្ន និង​បានចាប់ផ្តើម​លិច​ចូលទៅក្នុង​វាលទំនាប និង​ដងអូរ​មួយចំនួន​នៃ​ខេត្តរតនគិរី​ និង​ខេត្តមណ្ឌលគិរី​។

លោក អ៊ុំ សុវណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ស្ថានភាព​កម្ពស់​ទឹកទន្លេ​ស្រែពក​នៅ​ស្ថានីយ​ជលសាស្ត្រ​លំផាត់​នា​ព្រឹក​ថ្ងៃទី​ ១៨ ​តុលា បាន​ជន់ឡើង​ដល់ ១២,៧០ ​ម៉ែត្រ លើសពី​កម្រិត​ប្រកាសអាសន្ន​ ២០ ​សង់ទីម៉ែត្រ ហើយ​ទឹក​នៅតែ​បន្ត​ជន់​ឡើង​យ៉ាង​សន្សឹមៗ​បន្ថែមទៀត ។

លោក​ថ្លែងថា​៖ «​លំនៅឋាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០ ​ភាគរយ ដែល​ស្ថិតនៅ​ទី​ទំនាប​តាម​បណ្ដោយ​ដងទន្លេ​ស្រែពក​បាន​រង​ការជន់លិច និង​កំពុង​ហូរ​ចាក់​ទៅកាន់​តំបន់​ទំនាប​មួយចំនួនទៀត​នៅក្នុង​ស្រុក​កូនមុំ​ ​និង​ស្រុក​លំផាត់ »​។

បើតាម លោក សុវណ្ណា ការជន់ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ទឹកទន្លេ​ស្រែពក​នាពេលនេះ គឺ​បណា្ដល​មកពី​ឥទ្ធិពល​នៃ​ព្យុះ​ KOMPASU ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​បូករួម​នឹង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៃ​ប្រទេស​វៀតណាម​ មួយចំនួន​ដែល​ស្ថិតនៅក្នុង​ខេត្ត Gia Lai, Kon Tum និង ខេត្ត Dak Lak ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​។

ជាមួយ​គ្នា​នេះ លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ​ខេត្តរតនគិរី​បានឱ្យដឹង​ដែរ​ថា ថ្វីបើ​ទឹកបាន​ជន់លិច​តំបន់​ទំនាប​មួយចំនួន​នៅក្នុង​ស្រុក​លំផាត់ និង​​ស្រុក​កូនមុំ ប៉ុន្តែ​វា​មិនទាន់​មាន​ផលប៉ះពាល់​ជា​ដុំកំភួន​ដល់​ដំណាំ​ស្រូវ​នោះទេ​។

លោក​ថ្លែងថា៖ «​តាម​ធម្មតា​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​ស្រែពក គឺ​មិនយូរ​ទេ បើ​មេឃ​រាំងភ្លៀង​តែ​ ១ ​ថ្ងៃ​ ២ ​ថ្ងៃនោះ គឺ​ទឹក​ស្រក​ទៅវិញ​អស់ហើយ​»​។ ប៉ុន្តែ​សម្រាប់​ដំណាំ​ដំឡូងមី​គឺ​វា​អាច​នឹង​ប៉ះពាល់ ឬ​ខូចខាត​ដែរ ប្រសិនបើ​ទឹក​លិច​លើសពី​ ១ ​សប្ដាហ៍ ព្រោះ​មើម​វា​ងាយ​ស្អុយរលួយ មិន​ដូចជា​ដំណាំ​ស្រូវ​នោះទេ​។

លោក​បន្តថា​ទោះជា​បែបណា​នៅពេលនេះ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះសួរសុខទុក្ខ និង​ផ្ដល់​​ជំនួយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​រង​ការជន់លិច និង​ត្រៀមកម្លាំង និង​មធ្យោបាយ​​ ដើម្បី​ជួយ​អន្តរាគមន៍​ជម្លៀស​ពួកគាត់​ទៅកាន់​ទីទួល​សុវត្ថិភាព​ក្នុង​ករណី​ទឹក​នៅតែ​បន្ត​ជន់​លិច​ខ្លាំង​ជាង​នេះ​។

យោងតាម​ទិន្នន័យ​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែតុលា ស្ថានភាព​កម្ពស់​ទឹក​នៅ​ទន្លេសេសាន នៅ​ស្ថានីយ​កាចូន ក្នុង​ខេត្តរតនគិរី ក៏បាន​ឡើងដល់​កម្រិត​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ផងដែរ​គឺ​ ៧,១៥ ​ម៉ែត្រ ខណៈ​កម្រិត​ប្រកាសអាសន្ន​ ៨,៥០ ​ម៉ែត្រ​។ ស្រុក​ដែល​អាច​រង​ផលប៉ះពាល់​ពី​ទឹក​ទន្លេសេសាន មាន​ស្រុក​អណ្តូង​មាស ស្រុក​តាវែង និង​ស្រុក​វ៉ឺនសៃ​។

ចំណែក​នៅឯ​ខេត្តមណ្ឌលគិរី​វិញ ជំនន់​ទឹកភ្លៀង និង​ទឹក​ជន់ឡើង​ពី​ទន្លេ​ស្រែពក ចូល​ទៅតាម​ដងអូរ និង​ដងព្រែក​នានា​បាន​បង្ក​ការជន់លិច​ផ្នែក​ខ្លះ​នៃ​ស្រុក​កោះញែក និង​ស្រុក​កែវសីមា​។ នេះ​បើតាម លោក ជាក់ ម៉េងហ៊ាង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​។

លោក ម៉េងហ៊ាង បាន​ថ្លែងថា​៖ «​យោងតាម​របាយការណ៍​បឋម ដែល​ទទួលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ឡើង​ និង​ហូរ​ធ្លាក់​ពី​ទន្លេស្រែពក​នាពេលនេះ​បាន​បណ្តាល​ឱ្យ​ទឹក​លិច​ទីតាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ស្រែ​សង្គម​, លិច​ស្ពាន​យោល​ឆ្លងទៅ​ឃុំ​អូរបួន​, លិច​ស្ពាន​យោល​ឆ្លងទៅ​ឃុំ​ស្រែហ៊ុយ និង​លិច​កំណាត់​ផ្លូវ​ចូល​ឃុំ​ស្រែសង្គម ចំនួន​ ៣ ​កន្លែង ហើយ​ស្ថានភាព​ទឹក​នៅតែ​បន្ត​ឡើង​ដដែល​» ។

ដោយឡែក​នៅឯ​ខេត្តបាត់ដំបង​វិញ ទឹកស្ទឹង​សង្កែ​នៅ​រសៀល​ថ្ងៃទី​ ១៨ ​ខែតុលា បាន​ស្រក​ចុះ​ ១,៣០ ​ម៉ែត្រ បើ​ធៀប​ទៅនឹង​កម្ពស់​ទឹក​កាលពី​រសៀល​ថ្ងៃទី​ ១៧ តុលា ដែល​ទឹក​មាន​កម្ពស់​ ១៣,៥៥ ​ម៉ែត្រ​។ នេះ​បើតាម លោក មូល ធន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ។

លោក​ថ្លែងថា​៖ «​ជំនន់​ទឹកភ្លៀង​កាលពីថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែតុលា​​កន្លងមកនេះ បាន​បង្ក​ជន់លិច​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​សរុប ២ ៤៦០ ​ខ្នង​ផ្ទះ ដែលមាន​ទីតាំង​ស្ថិតនៅតាម​តំបន់​ទំនាប​ជាប់មាត់​ទឹក​នៃ​ក្រុង-ស្រុក​ចំនួន​ ៦ គឺ​ស្រុក​សំឡូត ស្រុក​ឯកភ្នំ ស្រុក​សង្កែ ស្រុក​បាណន់ ស្រុក​រតនមណ្ឌល និង​ក្រុង​បាត់ដំបង​។ ក្នុងនោះ​នៅ​ក្រុង​បាត់ដំបង ប៉ះពាល់​ច្រើនជាងគេ​រហូតដល់ ១ ០៧៦ ​ខ្នង​ផ្ទះ​»​។

បើតាម​លោក មូល ធន ការជន់លិច​លំនៅឋាន​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង មិន​បណ្ដាលមកពី​ការជន់​ឡើង​នៃ​កម្ពស់​ទឹកស្ទឹង​សង្កែ​នោះទេ តែ​បណ្ដាល​​មកពី​ការកកស្ទះ​ប្រព័ន្ធ​បណ្ដាញ​លូ​បង្ហូរទឹក​នៅក្នុង​ក្រុង ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។

ចំណែក​ទឹកស្ទឹង​សង្កែ​ដែល​ទទួល​ទឹក​ពី​ផ្នែក​ខាងលើ​តាម​ប្រព័ន្ធអូរ និង​​ព្រែក​ពិសេស​ពី​សំណង់​ទំនប់​ពហុបំណង​បាត់ដំបង​ហៅ​ទំនប់​សេកសក និង​ទំនប់​ស្ទាក់​ទឹក​កង្ហត​មិនបាន​ជន់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ឬ​​ហៀរហូរ​ជន់​លិច​ផ្លូវ និង​លំនៅឋាន​ប្រជាពលរដ្ឋ​នោះទេ​។ ក្នុង​រយៈពេល​ ២ ​ថ្ងៃ នេះ​ [​ថ្ងៃទី​ ១៧ និង​ ១៨ ខែតុលា​នេះ​] ស្ថានភាព​អាកាសធាតុ​ក្នុង​ខេត្ត​បាត់ដំបង គឺ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​មិនមាន​ភ្លៀង​ធ្លាក់​នោះទេ​៕

វីដេអូ៖