កំពង់ឆ្នាំង៖ អាជ្ញាធរ​ឃុំ​ជ្រៃបាក់​នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​កំពុង​សម្របសម្រួល​រក​ដំណោះស្រាយ បន្ទាប់ពី​ពលរដ្ឋ​បាននាំគ្នា​ទៅ​តវ៉ា​នៅ​ចំណុច​អន្លង់ភ្លង ឃុំ​ជ្រៃបាក់ នាពេល​ថ្មីៗ​នេះ រឿង​ម្ចាស់​រណ្តៅ​ដី​បិទផ្លូវ​មិន​ឱ្យ​ពួកគាត់​ចូល​ជីក​យក​ដីឥដ្ឋ​ ដើម្បី​យកទៅ​ធ្វើ​ចង្ក្រាន ឆ្នាំង​។

លោក​ តាំង ប៊ុនទត មេឃុំ​ជ្រៃបាក់​ថ្លែង​នៅ​ថ្ងៃទី​ ១៧ តុលា​ថា ពលរដ្ឋ​ប្រមាណ​ជាង​ ៤០ ​នាក់ បាន​តវ៉ា​នៅ​ចំណុច អន្លង់ភ្លង ក្នុង​ឃុំ​ជ្រៃបាក់ ស្នើឱ្យ​អាជ្ញាធរ​ឃុំ​ជួយ​រក​ដំណោះស្រាយ ជាមួយ​ម្ចាស់​រណ្តៅ​ដី​។ កន្លងមក​ម្ចាស់​រណ្តៅ​ដី​នោះ​ធ្លាប់​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​យក​ដីឥដ្ឋ​ធ្វើ​ឆ្នាំង ប៉ុន្តែ​ពេលនេះ​បែរជា​បិទ​មិន​អនុញ្ញាត​ទៅវិញ​។

លោក​មេឃុំ​ប្រាប់ថា ដើមឡើយ ដី​នោះ​ត្រូវបាន​ម្ចាស់​ដី​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទុក​ជីក​យក​ដី​ក្រួស​ និង​អាចម៍ដី​លក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​សម្រួល​ ដើម្បី​ឱ្យ​ពួកគាត់​បាន​ដី​ ១ ​កន្លែង​សម្រាប់​យក​ដីឥដ្ឋ​ទៅធ្វើ​ឆ្នាំង​បន្ត​មុខរបរ​ចិញ្ចឹមជីវិត ដែលមាន​តាំងពី​យូរ​មកហើយ​។

លោក​ តាំង ប៊ុនទត បញ្ជាក់ថា ក្រោយពី​លោក​ធ្វើការ​សម្របសម្រួល​ខាង​ម្ចាស់​ដី ក៏​ព្រម​កាត់​ដី​ចំនួន​ ៤ ​ហិកតា​នៅ​អន្លង់ភ្លង​នោះ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ចូល​យក​អាចម៍ដី​ទៅ​ធ្វើ​ឆ្នាំង​។ ប៉ុន្តែ​ខាង​ម្ចាស់​ដី​នៅ​មិនទាន់​មាន​សកម្មភាព​ជីក​យក​អាចម៍ដី​នៅឡើយ​។

នៅ​ឆ្នាំ​ ២០១៧ ទើប​អ្នកស្រី​ អ៊ិត ដានី ជា​ម្ចាស់​ដី​ចាប់ផ្តើម​ជីក​យក​អាចម៍ដី​លក់ ដែលមាន​ទីតាំង​នៅជាប់​កន្លែង​ដែល​កាត់​ជូន​ពលរដ្ឋ​នោះ​។ ក្រោយមក​ពលរដ្ឋ​ក៏​នាំគ្នា​ឆ្លង​ចូលទៅ​កាប់​ដី​នោះ​យកទៅ​ធ្វើ​ឆ្នាំង​ខ្លះ​ និង​លក់​ខ្លះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ហាមឃាត់​ទេ លុះដល់​ចុងខែ​កញ្ញា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​ក៏​លែង​អនុញ្ញាត​។

លោក​ថ្លែងថា​៖ «​មកដល់​ចុងខែ​កញ្ញា ដើមខែ​តុលា​ហ្នឹង ភ្លៀង​ចូល​ទឹក​ក្នុង​រណ្តៅ​ដី​លិច​អស់​។ អ៊ីចឹងទៅ ពលរដ្ឋ​ចេះតែ​ដើរ​ទៅយក​របស់គេ​ទៀត​ទៅ ដល់​ឥឡូវ​គេ​ហាម​។ ពេល​គេ​ហាម គាត់​បានឱ្យ​ខ្ញុំ​ហ្នឹង​ទៅសុំ​ចរចា​ជាមួយ​ម្ចាស់​ដី​ ដើម្បី​ដូរ​ដី ទៅ​កន្លែង​ ៤ ​ហិកតា​ដែល​គេ​ទុកឱ្យ​ហ្នឹង​»​។

លោក​មេឃុំ​បញ្ជាក់ថា បញ្ហា​មិនទាន់​អាច​ដោះស្រាយ​ទៅ​បាន​ដោយសារ​តែមាន​ពលរដ្ឋ​មួយចំនួន​ជា​អ្នកត្រូវការ​ដី​ធ្វើ​ឆ្នាំង​ចង់​ដូរ​ដី​វិញ​។ ព្រោះតែ​ដី​របស់​ក្រុមហ៊ុន​ដែល​នៅជាប់​នោះ​បាន​កាយ​ក្រួស​ចេញ​អស់ ធ្វើឱ្យ​គាត់​មិន​ពិបាក​ហត់​ក្នុង​ការ​លុងដី​ចូល​ជីក​យក​ដីឥដ្ឋ​។

ដោយឡែក​អ្នក​មិនត្រូវការ​ដីឥដ្ឋ​ធ្វើ​ឆ្នាំង មិន​យល់ព្រម ព្រោះ​ចង់​ទុក​ដី​ដែលមាន​ក្រួស​ខ្លះ​ ដើម្បី​ដឹកយក​មក​ចាក់​បំពេញ​ដី​ភូមិ​របស់​ពួកគាត់​។ រីឯ​មួយចំនួនទៀត​ចង់ឱ្យ​មាន​កន្លែង​ដែលមាន​ព្រៃ​សម្រាប់​ពួកគាត់​អាច​កាប់​អុស​ដុត​។

លោក​ថ្លែងថា​៖ «​ពិបាក​តម្រូវ​មតិ​គាត់ បើ​ជួយ​ជា​ដី វា​អត់​ [​មាន​សម្រាប់​អ្នកត្រូវការ​អុស​]​។ តែបើ​តាម​ទស្សនៈ​ខ្ញុំ ខ្ញុំ​ចង់​ប្តូរ​ ២ ​ហិកតា ទុក​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវការ​ដី​ក្រួស​និង​ព្រៃ ចំណែក​ ២ ​ហិកតា​ទៀត​សម្រាប់​អ្នកត្រូវការ​ដីឥដ្ឋ​ធ្វើ​ឆ្នាំង​។ នេះ​គ្រាន់តែ​ខ្ញុំ​គិត​សិន​ទេ មិនទាន់​ជា​ផ្លូវការ​ទេ​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់បាន​រាយការណ៍​រឿង​ហ្នឹង​ទៅខាង​ស្រុក​នៅឡើយ​ទេ​។ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​ព្យាយាម​ជួប​ជាមួយ​ភាគី​ម្ចាស់​ដី​ឱ្យអស់​លទ្ធភាព​សិន បើ​បរាជ័យ គេ​មិន​ទទួល​យក ចាំ​រាយការណ៍​ទៅ​ស្រុក​បន្តទៀត​»​។

អ្នកស្រី​ អ៊ិត ដានី ជា​ម្ចាស់​ដី​ថ្លែង​នា​ថ្ងៃទី​ ១៨ តុលា​ថា អ្នកស្រី​យល់ព្រម​ចែក​ដី​ដែល​អ្នកស្រី​បានទិញ​លក្ខណៈ​ឯកជន​ជូនទៅ​ពលរដ្ឋ ប៉ុន្តែ​ដី​ដែល​បាន​ចែកជូន​នោះ​ពលរដ្ឋ​មិនបាន​ចូលទៅ​ជីក​យក​ដីឥដ្ឋ​ដោយ​ខ្លួនឯង​នោះទេ បែរជា​ចូល​មក​ជីកដី​កន្លែង​ផ្សេង​ដែល​អ្នកស្រី​ធ្វើ​អាជីវកម្ម​កាយ​ក្រួស និង​អាចម៍ដី​លក់​ទៅវិញ​។

អ្នកស្រី​ថ្លែងថា​៖ «​ទីតាំង​ដី​ចែក​ឱ្យ​គាត់​ហើយ​គាត់​អត់​យក​ទេ ហើយ​ពួកគាត់​ថា​ខ្ញុំ​បិទផ្លូវ​មិនមែន​ខ្ញុំ​បិទ ផ្លូវដី​ដែល​ខ្ញុំ​ចែក​ឱ្យ​គាត់​ហ្នឹង​ទេ​។ ខ្ញុំ​កាយ​ផ្តាច់​ផ្លូវ​ក្នុង​ដី​ខ្ញុំ ហើយ​ពួកគាត់​ហ្នឹង​ចូលទៅ​យក​ដី​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​កាយ​ក្រួស​ក្រហម​អស់​។ អស់​ព្រៃ​អស់​អី​ហើយ​ពួកគាត់​ស្រួល​ចូល​យក​។ អ៊ីចឹង​ពួកគាត់​ស្រឡាញ់​ពេញចិត្ត​តែ​កន្លែង​ដែលមាន​ស្រាប់ៗ ហាម​មិន​ស្តាប់​»​។

អ្នកស្រី​ថា បើ​ពលរដ្ឋ​ស្នើសុំ​ដោះដូរ​ដី អ្នកស្រី​ឱ្យ​ពលរដ្ឋ​ទៅ​ជួប​ផ្ទាល់ ដើម្បី​ជជែក​គ្នា​។ អ្នកស្រី​ថា​៖ «​រយៈពេល​ ៣ ​ឆ្នាំ​មក​ហ្នឹង​គាត់​ដូរ​តាម អំពើ​ចិត្ត​គាត់​រហូត ខ្ញុំ​មាន​ដី​ប៉ុន្មាន​កន្លែង​ ដើម្បី​ដូរ​ទៀត​។ ឥឡូវ​គាត់​ចង់ ដូរ អូខេ! មកជួប​និយាយ​ជាមួយ​ខ្ញុំ​ឱ្យ​ច្បាស់ ឈប់​ដើរ​ជីក​តែ​ពីស​តែ​ពាស ខ្ញុំ​ទទួលយកបាន​»​។

មិនអាច​រក​ប្រភពពី​ពលរដ្ឋ ដើម្បី​បំភ្លឺ​បានទេ​ពីថ្ងៃ​ទី​ ១៨ ​តុលា​៕