បាត់ដំបងៈ អភិបាលខេត្ត​បាត់ដំបង​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី លោក សុខ លូ បាន​ណែនាំ​ដល់​សមត្ថកិច្ច​នៅតាម​បន្ទាត់​ព្រំដែន​ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​រួមគ្នា​ទប់ស្កាត់​ពលរដ្ឋ​កុំឱ្យ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ តាមរយៈ​ការអូសទាញ​ពី​ពួក​មេខ្យល់​។

លោក សួស សុភ័ក្ត្រ ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តបាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ តុលា​ថា ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​រដ្ឋបាលខេត្ត​បាត់ដំបង​ពីថ្ងៃ​ទី​ ១៤ តុលា លោក សុខ លូ លើកឡើងថា ពលរដ្ឋ​ដែល​បម្រុង​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ​តែងតែ​កើតមាន​ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ដូចជា ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ជាដើម​។

លោក សុខ លូ ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​នៃ​រដ្ឋបាល​ក្រុង​ស្រុក​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់​ត្រូវមាន​វិធានការ ទប់ស្កាត់​ឱ្យបាន​នូវ​លំហូរ​នៃ​ការលួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ជាពិសេស​​ត្រូវ​វែកមុខ​បក្ខពួក​ក្រុម​មេខ្យល់​ដែល​តែង​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ឱ្យបាន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី។ រូបថត រដ្ឋបាលខេត្តបាត់ដំបង

លោក សួស សុភ័ក្ត្រ ថ្លែងថា​៖ «​ឯកឧត្តម​អភិបាលខេត្ត​​ក៏បាន​ដាស់តឿន​ដល់​អាជ្ញាធរ​ដែនដី​តាម​បណ្តា​ស្រុក​ទាំងនេះ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​ផ្នែក​រដ្ឋបាល​លើ​ទីតាំង​ដែល​សង្ស័យ​មាន​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ ដែល​បម្រុង​ឆ្លងដែន ដែល​មេខ្យល់​បានកំណត់ មុន​នាំ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ និង​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​កុំឱ្យ​ចាញ់បោក​មេខ្យល់​​ដែល​នាំ​ឆ្លងដែន​ខុសច្បាប់​»​។

លោក សុក គឹមខុន អភិបាល​ស្រុក​កំរៀង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ តុលា ថា ពលរដ្ឋ​កម្ពុជា​នៅតែ​បន្ត​ចាញ់បោក​មេខ្យល់​ និង​មួយទៀត​ពួកគាត់​បាន​ឆ្លងដែន​ខុសច្បាប់​ទៅ​​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​នៅតែមាន​ជា​បន្តបន្ទាប់​។ ​សកម្មភាព​នេះ​មិនមែន​កើតឡើង​តែ​នៅពេល​បច្ចុប្បន្ននេះ​ទេ គឺ​កើតឡើង​តាំងពី​អំឡុងពេល​​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង ហើយ​ភាគី​ថៃ​ក៏​បាន​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មកវិញ និង​អ្នក​ខ្លះទៀត​ក៏បាន​លបលួច​ត្រឡប់​ទៅវិញ​ដែរ​។

លោក​បាន​បន្តថា សម្រាប់​ស្រុក​កំរៀង សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​កុំឱ្យ​ពលរដ្ឋ​លួច​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ​ប៉ុន្តែ​ករណីនេះ​ក៏​រមែង​តែងតែ​មាន​ការឆកល្វែង​ខ្លះ​ ព្រោះ​ប្រជាពលរដ្ឋ​បាន​លួច​ចូលទៅ​មិនឱ្យ​សមត្ថកិច្ច​ដឹង​ជាមុន​។ ទោះយ៉ាងណា សម្រាប់​មេខ្យល់​វិញ​​នៅពេល​ដែល​អាជ្ញាធរ​ឃាត់ខ្លួន​បាន​គឺ​មិនដែល​លើកលែង​នោះទេ​គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​ ដើម្បី​អនុវត្ត​តាមច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ « កងកម្លាំង​គ្មាន​បាន​ទំនេរ បាន​សម្រាក​បុណ្យទាន​អី​ទេ ហើយក៏​មិនដែល​បាន​ដេក​ស្រួល​ដែរ ជាពិសេស​កម្លាំង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។ និយាយ​រួម​យើង​បាន​ដុតដៃដុតជើង ទាំង​កម្លាំង​ខាងក្នុង និង​ខាងក្រៅ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ពលរដ្ឋ​លួច​ឆ្លងដែន ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​»​។

បើតាម​លោក គឹមខុន ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​មិនមែន​អ្នក​រស់នៅក្នុង​ស្រុក​កំរៀង​ទេ តែ​ភាគច្រើន​គឺ​មកពី​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​ដោយមាន​មេខ្យល់​ដឹកនាំ និង​ឮ​តាម​គ្នា​ថា​​ច្រកព្រំដែន ត្រូវបាន​បើក​វិញ ខណៈ​ដែល​សាច់ញាតិ​នៅក្នុង​ប្រទេស​ថៃ​ខ្លះ​បាន​ទាក់ទង​ហៅ​ត្រឡប់​ទៅវិញ ដើម្បី​បាន​បេះ​ផ្លែឈើ ស្រប​ពេលដែល​​ប្រទេស​ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​។

លោក សុក គឹមខុន ថា អាជ្ញាធរ​ស្រុក​កំរៀង​ក៏ដូចជា​ស្រុក​ផ្សេងទៀត​នៅជាប់​ព្រំដែន​មិនអាច​ទប់ស្កាត់​មិនឱ្យ​លួច​ចូលទៅ​កាន់​ប្រទេស​ថៃ​តែឯង​បានទេ លុះត្រាតែ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​​ខេត្ត​នានា​នៅ​ទូទាំងប្រទេស ត្រូវ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅក្នុង​ភូមិ​ស្រុក​របស់ខ្លួន​ពី​គ្រោះថ្នាក់​ទើប​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​។

តាម​របាយការណ៍​បូកសរុប​របស់​គណៈបញ្ជាការដ្ឋាន​ឯកភាព​រដ្ឋបាល​ខេត្តបាត់ដំបង​ប្រចាំ​ខែកញ្ញា​ឆ្នាំនេះ​បង្ហាញថា តាមរយៈ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ​ព្រំដែន សមត្ថកិច្ច បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​បម្រុង​ឆ្លងដែន​ខុសច្បាប់​បាន​ចំនួន​ ១៩ ​លើក ដោយមាន​មនុស្ស​ចំនួន​ ១៩៨ ​នាក់ (​ស្ត្រី​ ៦៥ ​នាក់​) ជា​អនីតិជន ២៨ ​នាក់​។

ជាមួយ​គ្នា​នេះ ខាង​សមត្ថកិច្ច​ថៃ​ក៏​ធ្លាប់បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ឱ្យ​ត្រឡប់មកវិញ​ចំនួន ៧៨ ​លើក​ដែលមាន​មនុស្ស​ចំនួន ១ ២៤៥ ​នាក់​ក្នុង​នោះ​ជា​ស្ត្រី ៤៧៧ ​នាក់ និង​អនីតិជន​ចំនួន ២៤ ​នាក់​ផងដែរ​៕