តាកែវៈ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា សម្តែង​​ការព្រួយបារម្ភ​ចំពោះ​កម្ពស់​ទឹក​​នៅ​តំបន់​ការពារទេសភាព​បឹងព្រែកល្ពៅ ខេត្តតាកែវ​ដែល​ទាប​ជាង​ឆ្នាំកន្លងមក​ ដែល​នឹងធ្វើ​ឱ្យ​សត្វ​នៅ​តំបន់​នេះ​ជួប​ហានិភ័យ​ក្នុង​ការរក​ចំណី​នៅ​រដូវប្រាំង​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ពីថ្ងៃ​ទី​ ១៧ ខែតុលា​​ថា រហូត​មកទល់​ពេលនេះ អាង​គ្រប់គ្រង​ទឹក​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្នុងស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​ ពុំទាន់​ទទួលបាន​របប​ទឹក​គ្រប់គ្រាន់​ទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំកន្លងមក​។

នៅក្នុង​ខែតុលា ឆ្នាំនេះ​ទឹក​ទើបតែ​ឡើង​បាន​ប្រមាណ​តែ​ ១ ​ម៉ែត្រ​ដោយ​ឆ្នាំកន្លងមក​កម្ពស់​ទឹក​ធ្លាប់បាន​ឡើង​រហូតដល់​ប្រមាណ​ ៣ ​ម៉ែត្រ​ក្នុង​ខែតុលា ដូចគ្នា​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​យើង​បាន​សង្កេតឃើញថា កម្ពស់​ទឹក​​បាន​ធ្លាក់ចុះ​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​ហើយ​ទឹក​ក៏​ពន្យារពេល​ក្នុង​ការជន់លិច និង​ស្រក​ទៅវិញ​ឆាប់រហ័ស ដែល​បាន​បង្កើតជា​ក្ដី​ព្រួយបារម្ភ​ចំពោះ​តំបន់ដីសើម​មួយ​នេះ​»​។ ​

កាលណា​កម្ពស់​​ទឹក​ឡើង​ទាប​ពេក ការរក្សា​ទឹក​ទុក​សម្រាប់​សត្វ​ក្រៀល និង​សត្វស្លាប​ផ្សេងទៀត សម្រាប់​រក​ចំណី​នៅ​រដូវប្រាំង​នឹង​ជួប​ហានិភ័យ ដោយសារ​តំបន់​ទាំងមូល​​នឹង​ឆាប់​ស្ងួត​ហួតហែង ដែល​ធ្វើឱ្យ​សត្វ​ក្រៀល​ឆាប់​ផ្លាស់​ទី​ចេញពី​តំបន់​ទេសភាព​បឹងព្រែកល្ពៅ​នេះ​។

ប្រភព​ដដែល​បញ្ជាក់ថា ផលអវិជ្ជមាន​មួយទៀត​នៅពេល​ដែល​កម្រិត​ទឹកជំនន់​ទាប និង​រយៈពេល​ជន់លិចខ្លី ក៏បាន​បណ្ដាលឱ្យ​ជះឥទ្ធិពល​ដល់​​ការគ្រប់គ្រង​រុក្ខជាតិ​ទន្ទ្រាន​ផងដែរ គឺ​បន្លា​អ៊ុយយ៉ាស់​។ កាលណា​ទឹកជំនន់​តិច រយៈពេល​ជន់លិចខ្លី នោះ​ដើម​រុក្ខជាតិ​នេះ​នឹង​មាន​អត្រា​ដុះ​ឡើងវិញ​ខ្ពស់ បន្ទាប់ពី​ទឹក​ស្រក​។ ទឹកជា​កត្តា​ចម្បង​ដែល​ត្រូវបាន​ប្រើ​ ដើម្បី​គ្រប់គ្រង​ការដុះដាល​នៃ​រុក្ខជាតិ​ចង្រៃ​នេះ ដោយ​កាប់​ដើម​ពន្លិចទឹក​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​ប៉ុន្តែ​យើង​សង្ឃឹមថា ទឹកនឹង​នៅតែ​បន្ត​ឡើង ព្រោះ​តាមរយៈ​ការកត់ត្រា​ប្រចាំថ្ងៃ​របស់​ក្រុម​ការងារ​យើង កម្ពស់​ទឹក​មាន​ការកើនឡើង​ប្រមាណ​ជា​ ២ ​សង់ទីម៉ែត្រ​ក្នុង​ ១ ​ថ្ងៃ ហើយ​នៅតែ​​បន្ត​កើនឡើង​»​។

គម្រោង​អភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម​បឹង​ព្រែកល្ពៅ ស្ថិតក្រោម​កិច្ចសហការ​រវាង​ក្រសួង​បរិស្ថាន​ដែលមាន​មន្ទីរ​បរិស្ថាន​​ខេត្តតាកែវ​ជា​សេនាធិការ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អង្គការ​ WWT​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៨ ខែតុលា​​ថា តំបន់​បឹង​ព្រែកល្ពៅ​ដែល​ទទួលបាន​របប​ទឹក​ពី​ទន្លេ​បាសាក់​មាន​ការប្រែប្រួល​ក្នុង​រយៈពេល​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ ទន្ទឹមនេះ​ក៏មាន​ការធ្វើ​ស្រែប្រាំង​ច្រើន​ផងដែរ ដោយ​កសិករ​បូមទឹក​ពី​ក្នុង​អូរ​មក​ស្រោចស្រព​ស្រែ​របស់​ពួកគាត់​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ទឹក​ទទួលបាន​តិច ហើយ​ហូរ​ចេញ​លឿន ហើយ​និង​មាន​ការបូមបាច​ទៀត រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​យើង​ឃើញថា ទឹក​មានការ​ហួតហែង មានន័យ​ថា អស់​ខ្លាំង​នៅក្នុង​តំបន់​ព្រែកល្ពៅ​ហ្នឹង​។ អ៊ីចឹង​ជា​ចំណាត់ការ​របស់​យើង​កន្លងមក​ហ្នឹង​គឺ​​យើង​ធ្វើ​អាង​ ដើម្បី​ស្ទាក់​ទឹក​ទុក​​នៅក្នុង​អាង​ឱ្យ​វា​ហូរ​តាម​ធម្មជាតិ​​វិញ​ ដើម្បី​កុំឱ្យ​វា​ស្រក​តាម​អូរ​ទៅវិញ​លឿន​ពេក​»​។

លោក ប៊ូ វរសក្ស បន្តថា អាង​នេះ​ត្រូវបាន​រៀបចំ​ឡើង​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ ដែល​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៤ ​សម្រាប់​ការស្ទាក់​ទឹក​​ទុក​ចំនួន​ ១៦ ​ហិកតា​ ដែល​​ជា​ដំណាក់កាល​សាកល្បង​។

រយៈពេល​ប្រមាណ​ ៣ ​ឆ្នាំ​ ដែល​បាន​សាកល្បង​នេះ អាង​នេះ​អាច​ទប់ទឹក​បានតែ​រយៈពេល​ ១ ​ខែ​ប៉ុណ្ណោះ​ ដោយសារ​ទឹក​ក្នុង​អាង​នៅតែ​ហូរ​ជ្រាប​ចេញ ព្រោះ​វា​មាន​ជម្រាប​ព្រមទាំង​មាន​កម្រិត​រំហួត​ខ្លាំង​៕