កំពតៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​នៅ​ថ្ងៃទី​ ១៨ ​តុលា ​កំពុងតែបន្ត​ការសាកសួរ​ជន​ប្រុស-ស្រី​ ៩ ​នាក់​ ពាក់ព័ន្ធ​សកម្មភាព​ឆក់​កាបូប និង​ប្លន់​ម៉ូតូ​អ្នកដំណើរ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្រុក​ដងទង់​ខេត្តកំពត​កាលពី​ថ្ងៃទី​ ១៥ ខែតុលា​។

លោក ខា ដែនណា អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពត​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែតុលាថា​៖ «​ករណីនេះ​តំណាង​អយ្យការ​កំពុង​សាកសួរ​ពួកគេ​បន្ត​មុននឹង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​នីតិវិធី​នៃ​ការចោទប្រកាន់​យ៉ាងណា​នោះ​ខ្ញុំ​នៅ​មិនទាន់​ដឹង​ទេ​»​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក ឈឹម ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែតុលា​ថា ជនសង្ស័យ​ទាំង​ ៩ ​នាក់​នោះ​ មាន​អាយុ​ចន្លោះ​ពី​ ១៦ ​ឆ្នាំ​ ដល់​ ២១ ​ឆ្នាំ​។ ក្នុងនោះ​ស្រី​ជនសង្ស័យ​ ២ ​នាក់ ​ឈ្មោះ​ សេង ស្រីលីន អាយុ​ ១៦ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ សុទ្ធ ស្រីរ៉ាត់ អាយុ​ ១៨ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​សែនសុខ​ ២ សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

លោក​បន្តថា​៖ «​ក្រុម​ជនសង្ស័យ​ទាំងនេះ​ត្រូវ​សមត្ថកិច្ច​របស់ខ្ញុំ​បញ្ជូន​ទៅ​តុលាការ​តាំងពី​ថ្ងៃទី​ ១៥ ខែតុលា​។ តែ​មកដល់​ (​ថ្ងៃទី​ ១៨ តុលា តុលាការ​) ​លោក សួរ​មិនទាន់​អស់​គ្នា​អ៊ីចឹង​លោក​បន្ត​សួរ​ទៀត​»​។

លោក​បាន​រំឭក​ប្រាប់ថា ក្រុម​ជនសង្ស័យ​សុទ្ធតែ​រស់នៅ​រាជធានី​ភ្នំពេញ​ហើយ​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​ចំនួន​ ៥ ​គ្រឿង​ទៅ​ខេត្តកំពត​។ ក្រុម​ជនសង្ស័យ​បាន​បន្លំ​ធ្វើជា​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត​​រាល់​ការធ្វើដំណើរ​របស់​ក្រុម​ជនល្មើស​ទាំងនេះ​មក​ខេត្ត​កំពត​តែង​ធ្វើដំណើរ​ពេលយប់​ ឬ​ពាក់​កណ្តាលយប់​ ហើយ​កាលពី​ថ្ងៃទី​ ២៨ ខែ កញ្ញា ឆ្នាំ​ ២០២១ ​វេលា​ម៉ោង​ ៤ ទៀបភ្លឺ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ ១ ​គ្រឿង​ ម៉ាក​សេ ១២៥ ពី​អ្នកដំណើរ​ម្នាក់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ដងទង់ ខេត្តកំពត​។

នៅ​យប់​ថ្ងៃទី​ ៩ ខែ តុលា ឆ្នាំ​ ២០២១ ក្រុម​សង្ស័យ​បាន​ប្លន់​ម៉ូតូ​សេ ១២៥ ​ឆ្នាំ ១ ​គ្រឿង​ទៀត​ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ដងទង់​ដដែល នៅ​ថ្ងៃ​បន្ទាប់​មាន​បុរសរងគ្រោះ​ម្នាក់​បាន​ប្តឹង​មក​សមត្ថកិច្ច​ព្រហ្មទណ្ឌ ដោយ​ប្រាប់​ពី​ភិនភាគ​ក្រុម​ជនសង្ស័យ​។ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​មក​សមត្ថកិច្ច បាន​រាយ​កម្លាំង​នៅ​ចំណុច​ដែល​ក្រុម​ជនសង្ស័យ​តែង​ធ្វើ​សកម្មភាព​ប្លន់​។

លុះ​នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៣ ​ទៅ​ ៤ ​ទៀបភ្លឺ ថ្ងៃទី​ ១៣ តុលា​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ​ ៥ ​គ្រឿង​ពី​រាជធានី​ភ្នំពេញ​មក​ខេត្តកំពត​ទៀត ដោយ​ឃើញ​ភិនភាគ និង​សង្ស័យថា​ជា​ក្រុមចោរ​ដូចដែល​ជនរងគ្រោះ​បាន​ប្តឹង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ឱ្យ​ឈប់​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ល្អាង​ក្នុង​ស្រុក​ដងទង់ ខេត្តកំពត​។

លោក ឈឹម ឈាង ថ្លែងថា​៖ «​នៅ​យប់នោះ​យើង​ចាប់​ក្រុម​ជនសង្ស័យ​បាន​ ៦ ​នាក់ និង​តាម​ចាប់​នៅ​ភ្នំពេញ​បាន​ ៣ ​នាក់​ទៀត​»៕

វីដេអូ៖