កណ្ដាលៈ ចៅក្រម​ស៊ើប​សួរ​នៃ​តុលា​ការ​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី ១៨ ​ខែតុលា ​បាន​សម្រេច​ចោទ​ប្រកាន់​បុរស​វ័យ ​៣៨ ឆ្នាំម្នាក់ ​ឈ្មោះ​ ស្រេង តាយ​ ពី​បទ​ឃាត​កម្មគិត​ទុក​ជា​មុន​ ហើយ​បាន​បញ្ជូន​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន​ មុន​ជម្រះ​ក្ដី។

លោក ​សូ សារិន អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្តាល​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១៩ ​តុលា បានឱ្យដឹង​ថា​ ឈ្មោះ ​ស្រេង តា​យ ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ​។

លោក​ សារិន ប្រាប់ថា​៖ «​លោក​ចៅក្រម​ស៊ើបសួរ ​ថោង ផល្លា​រង្សី ​បានចេញ​ដីកា​ឃុំ​តាម​ការ​ចោទ​របស់​តំណាង​អយ្យការ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។ ​បទ​ចោទ​នេះ​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

ពាក់ព័ន្ធ​បទ​ចោទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ​បានចែង​ពី​ទណ្ឌកម្ម​ទោស ​គឺ​ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត​។​ នេះ​ប្រសិនបើ​តុលាការ​រកឃើញថា ​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តំណាង​អយ្យការ​មែន​។

ពាក់ព័ន្ធ​ដំណើររឿង​នៃ​អំពើ​ឃាត​កម្មនេះ​ត្រូវបាន​លោក ទូច អ៊ី​ណាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១៩ ​តុលា​ថា ​ជនរងគ្រោះ​ឈ្មោះ ង្វៀង ដាង​ជុង ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម មានរ​បរជា​អ្នកម៉ៅការ​សំណង់​រស់នៅ​ភូមិ​ ៦ ឃុំ ព្រែកខ្សាយ ​(​ខ​) ​ស្រុកពាម​រក៍ ​ខេត្តព្រៃវែង​។ ​ជនរងគ្រោះ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​។ ​

កាលពី​ថ្ងៃទី ​១៤ ​ខែតុលា ឆ្នាំ ​២០២១ ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ដោយ​នៅលើ​ខ្លួន​មាន​ស្នាម​ចាក់​លើ​ទ្រូង និង​ខ្នង​ផង​។​ ការសម្លាប់​នេះ ​កើតឡើង​នៅ​យប់​ថ្ងៃទី​ ១៣​ តុលា​ ស្ថិត​ក្នុងភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល​។ នៅ​ថ្ងៃទី ​១៤ ​តុលា​ដដែល​នោះ​ ក្រោយ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​មុខកំពូល​ហើយ​សមត្ថ​កិច្ច​បាន​រាយការណ៍​បន្ត​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​។

បន្ទាប់មក​លោក និង​កម្លាំង​ជំនាញ និង​ដោយមាន​ការបញ្ជា​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​សំ តុលា នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​ស្ថិត​ក្នុងភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល​។

លោក​បន្តទៀតថា ​រហូត​ដល់​ថ្ងៃទី​ ១៥​ តុលា​ សមត្ថកិច្ច​របស់​លោក​បាន​តាម​ទៅដល់​ស្រុកកំណើត​របស់​ជនសង្ស័យ​នៅ​ភូមិ​ ៦ ឃុំ ព្រែក ខ្សាយ ​(​ខ​) ​ស្រុកពាម​រក៍​ ខេត្តព្រៃវែង​ ចាប់ខ្លួន​ជនសង្ស័យ​បាន​ដោយ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ ចាប់ខ្លួនបាន​តែម្តង​។​ ការសម្លាប់​ជនរងគ្រោះ​នេះ​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​៕