ភ្នំពេញៈ ការនេសាទ​នៅតែ​ជា​របរចិញ្ចឹម​ជីវិត​ដ៏សំខាន់​ក្នុង​ប្រទេស​កម្ពុជា ​ឡាវ​ ថៃ​ និង​វៀតណាម ​ប៉ុន្តែ​ការនេសាទ ​ធ្វើ​ឡើង​ហួស​កម្រិត​ រីឯ​ការខូចខាត​ទីជម្រក ​ក៏​បណ្តាល​មក​ពី​កំណើន​ប្រជាជន ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ។ នេះ​បើ​តាម​របាយ​ការណ៍​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)។

សេចក្តី​ប្រកាស​ព័ត៌មាន រ​បស់ MRC កាល​ពី​ថ្ងៃ​ទី ១៩ ​តុលា ​បាន​ដកស្រង់​របាយការណ៍​ចំនូន​ ២ ​បញ្ជាក់ថា​៖ «ការនេសាទ​ នៅតែជា​របរ​ចិញ្ចឹម​ជីវិត​ដ៏សំខាន់​ក្នុង​ប្រទេស​កម្ពុជា ​ឡាវ ​ថៃ ​និង​វៀតណាម។ ក៏​ប៉ុន្តែ ​ការនេសាទ​ហួស​កម្រិត ​និង​ការខូច​ខាត​ទីជម្រក​បណ្តាល​មកពី​កំណើន​ប្រជាជន​យ៉ាង​សន្ធឹក​សន្ធាប់។ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ​និង​ការប្រែប្រួល​អាកាស​ធាតុ ​កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ជលផល​អាង​ទន្លេ​មេគង្គ​ក្រោម ​ស្របពេល​ដែល​បម្រែបម្រួល​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​អាង​នេះ ​កំពុង​ជះ​ឥទ្ធិពល​លើ​ស្ថានភាព​សង្គម»។

របាយ​ការណ៍​ទាំង២​រកឃើញ​ថា​ក្រុមគ្រួសារ​នៅតែ​បន្ត​ពឹង​អាស្រ័យ​លើ​ធនធាន​ទឹក ​ដែល​កំពុងរង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង។

លោក​អាន ពេជ្រហត្ថដា ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន ​MRC ​បានថ្លែង​ថា​៖«ការសិក្សា​ស្រាវជ្រាវ​ទាំងនេះ ​រំលេច​បន្ថែម​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ ​ផល​ប្រយោជន៍​ថ្នាក់​ជាតិ ​និង​តំបន់​ដែល​មាន​តុល្យភាព ​និង​កិច្ច​សហប្រតិបត្តិការ​តំបន់​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ​ដើម្បី​រក្សា​ការពារ​ធនធាន​ទឹក ​និង​ធនធាន​ពាក់ព័ន្ធ​នៃ​ទន្លេ​មេគង្គ»។

របាយ​ការណ៍​ទាំង​ ២ ​ផ្តល់​អនុសាសន៍​ឱ្យមាន​ការគាំពារ​ដល់​ស្តុក​បរិមាណ​ត្រី ​ដើម្បី​ធានា​ឱ្យមាន​ការផ្គត់ផ្គង់​ស្បៀង​សម្រាប់​ប្រជាជន​រាប់​លាន​នាក់ ​ដែល​កំពុង​រស់នៅ​តាម​អាង​ទន្លេ​មេគង្គ​ក្រោម ​និង​រក្សា​ការពារ​ការធ្លាក់​ចុះ​បន្ថែម​ទៀត ​នៃ​ប្រាក់​ចំណូល​របស់​ក្រុម​គ្រួសារ។

បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ធ្វើការ​វាយតម្លៃ​ក្នុង​ឆ្នាំ ២០១៨ ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ចំនួន ​២ ៨០០ ​គឺ​មាន​គ្រួសារ​ដែល​ស្ទង់​មតិ​៣៥ភាគរយ​ បានលើក​ឡើងថា ​ប្រាក់​ចំណូល​របស់​ពួកគេ​មាន​កម្រិត​ទាប​ជាង​មុន​ ៣២ ភាគរយ​ ថា​ស្ថាន​ភាព​ចំណូល​នៅតែ​ដដែល។ មាន​តែ​ ២៦ ភាគរយ​ប៉ុណ្ណោះ​ដែល​ថា​ប្រាក់​ចំណូល​បានកើន​ឡើង​បន្តិចបន្តួច​ ខណៈ​ដែល​ ៦ ភាគរយ​ ទៀត​បញ្ជាក់ថា ​វា​បាន​កើន​ឡើង​គួរឱ្យ​កត់សម្គាល់ ​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៣។

របាយ​ការណ៍​នេះ​បន្តថា ​ការផ្លាស់ប្តូរ​អវិជ្ជមាន​ក្នុង​ធនធាន​ទឹក ​រួមមាន​កសិកម្ម​ វារីវប្បកម្ម ​មឆ្ឆា ​និង​សត្វ ​និង​រុក្ខជាតិ​ក្នុង​ទឹក​ផ្សេង​ទៀត ​កំពុង​ជះឥទ្ធិព​លើ​ប្រាក់​ចំណូល ​ដោយ ​២២ ភាគរយ​ នៃ​ក្រុម​គ្រួសារ ​បានបញ្ជាក់​ថា ​ពួកគេ​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ។

បើ​តាម​របាយការណ៍​ដដែល​ ការចិញ្ចឹម​ជីវិត​មិន​ពាក់ព័ន្ធ​ធនធាន​ទឹក​ដទៃ​ទៀត​ រួមទាំង​ការងារ ​ឬ​មុខ​ជំនួញ ​ឬ​ពាណិជ្ជកម្ម​ដែល​មាន​ប្រាក់​ចំណេញ ​ដើរ​តួនាទី​រឹតតែ​សំខាន់ ​និង​អាច​កាត់​បន្ថយ​ភាពងាយ​រងគ្រោះ​លើ​បម្រែ​បម្រួល​នានា​ក្នុង​ធនធាន​ទឹក​ទន្លេ​មេគង្គ។

របាយ​ការណ៍​ទាំង២​នេះ ​លើកឡើង​ថា ​ វា​នៅ​មាន​វិសាលភាព​ធំ​គួរឱ្យ​កត់សម្គាល់​សម្រាប់​ការធ្វើ​ឱ្យប្រសើរ​ឡើង​វិញ ​ដែល​រដ្ឋាភិ​បាល​អាច​រៀបចំ​ចេញ​ជាគោល​នយោបាយ ​ប្រសិនបើ​សហគមន៍​ត្រូវបាន​ការពារ​ពី​ភាពងាយ​រងគ្រោះ ​ដោយ​ទឹក ​និង​ភាពងាយ​រងគ្រោះ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាស​ធាតុ។

របាយការណ៍​១ទៀត​ដែល​ធ្វើការ​សិក្សា​ពី​ឆ្នាំ​ ២០០៧ ​ដល់​ឆ្នាំ​ ២០១៨​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជាសមាជិក​ទាំង ៤​ ពង្រឹង​បទប្បញ្ញត្តិ​ថ្នាក់​ជាតិ ​និង​អនុវត្ត​រួមគ្នា​នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​ជលផល​សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល​ដែល​បាន​អនុម័ត ​ដើម្បី​ស្តារ​ឡើងវិញ​នូវ​សហគមន៍​នេសាទ​ដែល​រង​សម្ពាធ។

ការសិក្សា​នេះ ​ក៏បាន​ស្នើ​បន្ថែម​ទៀត​ឱ្យមាន​ផែនការ​គ្រប់គ្រង​ទន្លេ​បែប​ចម្រុះ​នានា ​ដើម្បី​ដោះស្រាយ​រាល់​ហានិភ័យ ​ពីការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​កើន​ឡើង។

ចាប់​ពី​ឆ្នាំ ២០០៧ ​ដល់​ឆ្នាំ ២០១៨ ​ការតាម​ដាន​ត្រូវបាន​អនុវត្ត​រៀងរាល់​ថ្ងៃ ​ដោយ​មន្ត្រី​ជំនាញ​ផ្នែក​ជលផល ​នៅតាម​ស្ថានីយ​ចំនួន ​៣៨ ​តាម​ទន្លេមេ​នៃ​ទន្លេ​មេគង្គ ​និង​ដៃ​ទន្លេ​សំខាន់ៗ។ ក៏ប៉ុន្តែ ​ដោយសារ​កត្តា​កង្វះ​ទិន្នន័យ ​មានតែ​ទីតាំង​ចំនួន ​២៥ ប៉ុណ្ណោះ ​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នេះ។ ក្នុង​នោះ ​ស្ថានីយ​ចំនួន​១១ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា ​ចំនួន​ ៤ នៅ​ប្រទេស​ឡាវ ​និង ​៥ ​នៅ​ប្រទេស​ថៃ ​និង​វៀតណាម៕