The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្តរតន​គិរី បាន​ជួយ​ជម្លៀស​ពលរដ្ឋ​ជិត​ ២០០ ​គ្រួសារ ខណៈ​ទឹក​ជំនន់​បាន​ជន់​លិច​លំនៅឋាន​ពួកគេ​

អាជ្ញាធរ​ខេត្តរតន​គិរី បាន​ជួយ​ជម្លៀស​ពលរដ្ឋ​ជិត​ ២០០ ​គ្រួសារ ខណៈ​ទឹក​ជំនន់​បាន​ជន់​លិច​លំនៅឋាន​ពួកគេ​

Content image - Phnom Penh Post
កំណាត់ផ្លូវ​ជាតិ​លេខ ៧៦ ចាប់​ពី​ចំណុច​បង្គោល​គីឡូម៉ែត្រ លេខ​ ២៧២ ដល់បង្គោលគីឡូម៉ែត្រលេខ ២៧៣ ត្រូវ​ទឹក​ជន់​លិច។ រូប​ថត អាជ្ញាធរ

អាជ្ញាធរ​ខេត្តរតន​គិរី បាន​ជួយ​ជម្លៀស​ពលរដ្ឋ​ជិត​ ២០០ ​គ្រួសារ ខណៈ​ទឹក​ជំនន់​បាន​ជន់​លិច​លំនៅឋាន​ពួកគេ​

រតនគិរីៈ អាជ្ញាធរ​ខេត្តរតន​គិរី នៅ​ថ្ងៃទី ១៩ តុលា បាន​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ជិត ​២០០ ​គ្រួសារ ទៅកាន់​ទីទួល​សុវត្ថិ​ភាព បន្ទាប់ពី​ទឹកជំនន់​ទន្លេស្រែពក និង ទន្លេសេសាន​ បាន​ជន់​លិច​លំនៅឋាន​របស់​ពួកគេ​ ដែល​ស្ថិតនៅក្នុង​តំបន់​ទំនាប​ជាប់​មាត់ទឹកនៃ​ដង​ទន្លេ​ទាំង ២​ នេះ។

លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​អង្គា​រថា ទឹក​ទន្លេស្រែពក នៅតែ​បន្ត​ជន់​ឡើងសន្សឹមៗនៅឡើយ ខណៈ​ទឹក​ទន្លេសេសាន​ បាន​ស្រក​ចុះ​បន្តិច​វិញ​ បន្ទាប់ពី​បាន​ជន់​លិច​ហៀរហូរ​ចូលទៅក្នុង​បឹងបួរ អូរ ព្រែក និង​ប្រឡាយ ព្រមទាំង​ជន់​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៩៨២ ខ្នង លិច​សាលារៀន​ចំនួន ៥ កន្លែង វត្ត​អារាម​ចំនួន ​៣ ​កន្លែង តូប​លក់ដូរ ៧៥ តូប និង​រោង​សិប្បកម្ម​ចំនួន ១៣ កន្លែង ដែល​ស្ថិតនៅ​ស្របតាម​ដង​ទន្លេ​នេះ។

លោក​បញ្ជាក់ថា៖ «នៅ​តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​ស្រុក​លំផាត់ និងស្រុក​កូន​មុំ ទឹកបាន​ជន់​លិច​ក្នុង​ជម្រៅ​ជាង ១ ម៉ែត្រ និងកន្លែង​​ខ្លះទៀត​ទឹក​លិច​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ។ ក្នុងស្ថានភាព​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​មួយចំនួន​មកកាន់​ទីទួល​សុវត្ថិភាព ដែល​គិត​ត្រឹម​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី ១៩ ខែតុលា បាន​ជិត ២០០ គ្រួសារ»។

ក្រៅពី​ជម្លៀស​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ ក៏បាន​ជួយ​អន្តរ​គម​ន៍​ជម្លៀស​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ ក្នុងនោះ​មាន​គោ​ចំនួន​ ២៤៨ ​ក្បាល ជ្រូក​ចំនួន ១១៦ ក្បាល និង​មាន់-ទា​ចំនួន ១ ០៦៥ ក្បាល។

បើតាម ​លោក សំអឿន ការ​ជន់​ឡើង​នៃ​ទឹកទន្លេ​ គឺ​បណ្ដាលមកពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា នៅ​ផ្នែក​ខាងលើ ពិសេស​នៅ​តំបន់ភ្នំ​នៃ​ខេត្ត​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ដែលមាន​ព្រំប្រទល់​ជាប់ ខេត្តរតនគិរី​។ ទោះយ៉ាងណា​នៅពេលនេះ​ស្ថានភាព​អាកាសធាតុ​ផ្ទៃមេឃ​ស្រឡះ​បើក​ថ្ងៃ និង​មិន​មាន​ភ្លៀង​ធ្លា​ក់ទៀត​នោះ​ទេ។

យោងតាម​ទិន្នន័យ​ស្ដីពី​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក និងទន្លេសេសាន ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាននៅ​ថ្ងៃទី ១៩ ខែតុលា កម្ពស់​ទឹក​ទន្លេស្រែពកនៅ​ស្ថានីយ​ជល​សាស្ត្រ​លំផាត់ ទឹកបាន​ជន់​ឡើងដល់ ១៣,៨០ ម៉ែត្រ កើន​លើសពី​ល្ងាច​ថ្ងៃទី ១៨ តុលា ០,៧៨ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន ១២,៥០ ម៉ែត្រ។

ចំណែក​កម្ពស់​ទឹក​ទន្លេសេសាន​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​កា​ចូ​ន បាន​ស្រក​ចុះមក​នៅត្រឹម ៩,១៧ ម៉ែត្រ ទាប​ជាង​ថ្ងៃទី ១៨ ខែតុលា ០,២៩ ម៉ែត្រ ប៉ុន្តែ​នៅ​លើសពី​កម្រិត​ប្រកាសអាសន្ន ០,៦៧ ម៉ែត្រ (កម្រិត​ប្រកាសអាសន្ន​គឺ ៨,៥០ ម៉ែត្រ)។

ជំនន់​ទឹកទន្លេ​ទាំង ២​ នេះ បាន​បង្ក​ឱ្យជន់​លិច​កំណាត់​ផ្លូវលំ​ជនបទ និងកំណាត់​ផ្លូវជាតិ​មួយចំនួន​នៅក្នុង​ខេត្តរតនគិរី ពិសេសកំណាត់​ផ្លូវជាតិ​លេខ ៧៦ ដែល​ស្ថិតនៅ​ក្នុងស្រុក​លំផាត់ ត្រូវបាន​ទឹក​ជន់​លិច​ខ្លាំង​បង្ក​ឲ្យ​កកស្ទះ​ចរាច​ណ៍។

ដើម្បី​បង្កា​ទប់ស្កាត់​ផលប៉ះពាល់​និង​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ ក៏ដូចជា​បញ្ចៀស​នូវ​ឧ​ប្ប​ទ្ទ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើ​ដំណើរ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តរតន​គិរី នៅ​ព្រឹក​ថ្ងៃទី ១៩ តុលា បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ចាប់ពី​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ ២៧២ ដល់ បង្គោល​គីឡូម៉ែត្រ​លេខ ​២៧៣ ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់។

ចំណែក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តរតនគិរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ទឹកជំនន់​ទន្លេ​ស្រែពក និង​ទន្លេសេសាន បាន​ជន់​លិច​ និង​ប៉ះពាល់​ដំណាំ​ស្រូវ ១ ២០៣ ហិកតា និងជន់​លិច​ខូចខាត​ដំណាំ​ដំឡូង​មី ចំនួន​ជាង​ ២០ ​ហិកតា។

លោក​បញ្ជាក់ថា៖ «ទោះយ៉ាងណា យើង​មាន​សុទិដ្ឋិនិយម​ថា ដំណាំ​ស្រូវ​នឹងមិន​ខូចខាត​នោះទេ លើកលែងតែ​ទីតាំង​ដីស្រែ​ដែល​នៅ​ចុះ​មុខទឹក​ហូរ​កាត់​ខ្លាំង ដែល​អាច​រំលើង​គល់​ហូរ​ទៅតាម​ទឹក ព្រោះ​នៅពេលនេះ​ ទឹក​នៅតាម​វាលស្រែ​បាន​ស្រក​បន្តិច​វិញ ហើយ​ដំណាំ​ស្រូវ​វា​ធន់​នឹង​ទឹកបាន​រហូតដល់ ២ សប្ដាហ៍​ឯណោះ»។

គ្រោះទឹកជំនន់ ថ្វីត្បិតតែ​បង្ក​ផល​លំបាក​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និងប៉ះពាល់​ដល់​ដំណាំ​កសិផល​រួមទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួន ប៉ុន្តែ​វា​បាន​ផ្ដល់នូវ​គុណប្រយោជន៍​សម្រាប់​វិស័យ​ជលផល។ នេះ​បើតាម​ ​លោក ផាត បញ្ញា នាយ​ខណ្ឌ​ជលផល​រតនគិរី។

លោក​បាន​ថ្លែងថា៖ «នៅពេល​មាន​ទឹកជំនន់​កាន់តែ​ធំ វិសាលភាព​នៃ​វិស័យ​ជលផល​កាន់តែ​ល្អប្រសើរ ព្រោះ​ទឹក​អាច​ជន់​លិច​តំបន់​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន​ និង​រស់នៅ​ធំធាត់​បានល្អ។ បើ​គ្មាន​ទឹកជំនន់​ទេ នោះ​ធនធាន​ជលផល​នឹងត្រូវ​បាត់បង់»៕

អត្ថបទគួរចាប់អារម្មណ៍