រតនគិរីៈ ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​នៅ​កម្ពុជា​ (BirdLife in Cambodia) ​បាន ធ្វើ​កំណត់ត្រា​ដំបូង​ សម្រាប់​កម្ពុជា​ពី​វត្តមាន​បក្សី​សមុទ្រ​បុលវ័រ​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តរតនគិរី​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ​ខែ តុលា ឆ្នាំ​ ២០២១ ​ដែល​នៅ​ចម្ងាយ​រហូតដល់​ប្រមាណ​ជាង​ ២០០ ​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

លោក ប៊ូ វរសក្ស តំណាង​អង្គការ BirdLife in Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៩ ខែតុលា​ថា បក្សី​សមុទ្រ​បុលវ័រ (Bulwer’s Petrel) ​គឺជា​សត្វ​ស្លាប​សមុទ្រ​ ១ ​ប្រភេទ​​ ដែល​ធម្មតា​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ផ្ទៃសមុទ្រ​បើកចំហ​ឆ្ងាយ​ពី​តំបន់​ដីគោក​។

លោក​បាន​បញ្ជាក់ថា បក្សី​ ១ ​ក្បាល​នេះ​ ត្រូវបាន​កត់ត្រា​ដោយ​ក្រុមការងារ​អង្គការ BirdLife in Cambodia នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ខេត្តរតនគិរី​នៅ​ល្ងាច​ថ្ងៃទី​ ១៧ ​ខែ​តុលា​ឆ្នាំនេះ ដែលមាន​ចម្ងាយ​រហូតដល់​ជាង​ ២០០ ​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ ដែល​ទំនង​មក​ព្យុះ​បោកបក់​។

បើតាម​លោក ប៊ូ វរសក្ស កំណត់ត្រា​នេះ​អាច​នឹង​តំណាងឱ្យ​កំណត់ត្រា​ដំបូងបង្អស់​នៃ​ប្រភេទ​សត្វ​ស្លាប​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​។ លោក​ថ្លែងថា៖ «​យើង​សង្ស័យថា​ព្យុះ​ទីហ្វុង​ “Kompasu” ដែល​កំពុង​ធ្វើ​​ដំណើរ​ឆ្លងកាត់​ភាគខាងត្បូង​ប្រទេស​ចិន ​ចូល​ទៅក្នុង​តំបន់​ឥណ្ឌូចិន​ភាគ​ខាងជើង​បាន​បក់បោក​នាំយក​បក្សី​មួយ​នេះ​ពី​ដែនសមុទ្រ​ឆ្ងាយ​មកកាន់​តំបន់​ដីគោក​»​។

តំណាង​អង្គការ BirdLife in Cambodia រូបនេះ​បាន​បន្ថែមថា បក្សី​សមុទ្រ​បុលវ័រ គឺជា​សត្វ​ដែល​គេ​កម្រ​ប្រទះឃើញ​នៅក្នុង​ដែនទឹក​អាស៊ីអាគ្នេយ៍ ហើយ​ត្រូវបាន​គេ​កត់​ត្រាទុក​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​សមុទ្រ​ជុំវិញ​អាស៊ីអាគ្នេយ៍​ដីគោក​។ ​

បក្សី​សមុទ្រ​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ប្រភេទ​ដែល​បន្ត​ពូជ​នៅ​តំបន់​កោះ​តូចៗ​នៅ​សមុទ្រ​ចិន​ខាងកើត និង​ប៉ាស៊ីហ្វិក​ខាងលិច រួមទាំង​នៅ​ទីតាំង​មួយចំនួន​នៅ កោះ​រីយូឃ្យូ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​សូម​អរគុណ​លោក ផល្លី ណាក់ (​កសិករ​នៅ​លំផាត់​ដែល​បាន​ជូនដំណឹង​អំពី​បក្សី​នេះ​បាន​ហើរ​ចូលទៅ​បរិវេណ​គេហដ្ឋាន​របស់​​គាត់​ និង​បាន​ដោះលែង​ទៅវិញ​) និង​អរគុណ​សហការី​របស់​យើង ដែល​បាន​ជួយ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ប្រភេទ​សត្វ​ដែល​មិន​ធ្លាប់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នេះ​»​។

លោក​ សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែតុលា​ថា ចំពោះ​ប្រភេទ​បក្សី​នេះ ជា​ករណី​ថ្មី​ដែល​លោក​មិនដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​​មុន​មក​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា បក្សី​នេះ​អាច​កំពុង​ហើរ​ផ្លាស់​ទី​ឆ្លង​ទ្វីប ហើយ​បាន​ចុះ​សម្រាក​ស្លាប​ ដើម្បី​រក​ចំណី​។

លោក​ថ្លែងថា​៖ «​ជួនកាល​វា​ហើរ​ឆ្លង​ទ្វីប ហើយ​បាន​ចុះ​សម្រាក​ស្លាប​ដោយសារ​វា​ហើរ​ឆ្ងាយ​។ ​លក្ខណៈ​វា​ហើរ​ឆ្ងាយ ធម្មតា​វា​អត់​ខុសពី​មនុស្ស​ទេ តែ​កាលណា​ហត់​វា​ចៀស​មិន​ផុតពី​ត្រូវការ​ឈប់​សម្រាក​សិន ហើយ​ជួនកាល​វា​រក​ចំណី​នៅ​បឹង អ៊ីចឹង​​ទៅបាន​ ១ ​ថ្ងៃ​ ២ ​ថ្ងៃ វា​ក៏​ហើរ​ទៅរក​សមុទ្រ​​វិញ វា​អាច​ឆ្លង​ពី​សមុទ្រ​ចិន មក​សមុទ្រ នៅ​ខ្មែរ​អ៊ីចឹង​ទៅណា​»៕