កំពង់ចាមៈ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​កាកបាទក្រហម​កម្ពុជា សហការ​ជាមួយ​កាកបាទ​ក្រម​ហម​កម្ពុជា​ខេត្តកំពង់ចាម ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី «​ការលុបបំបាត់​ការចម្លង​មេរោគ​អេដស៍ និង​ស្វាយ​ពី​ម្តាយ​ទៅ​កូន ក្នុង​អំឡុងពេល​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩» ដើម្បី​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​បញ្ហា​អេដស៍ នៅ​ឆ្នាំ​ ២០២៥​។

លោកស្រី​ ប៉ាង ដានី អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម​ថ្លែង​នៅ​ថ្ងៃទី​ ១៩ តុលា ថា​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​កាកបាទ​ក្រហម​កម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​នៃ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ចាម បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្តីពី «​ការលុបបំបាត់​ការចម្លង​មេរោគ​អេដស៍ និង​ស្វាយ​ពី​ម្តាយ​ទៅ​កូន​ក្នុង​អំឡុង​ពេល​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩» ​នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ចាម​នា​ថ្ងៃទី​ ១៨ ខែតុលា​។

លោកស្រី​ថ្លែងថា ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ ដើម្បី​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ឈាន​ឆ្ពោះ​ទៅរក​ការបញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​ ២០២៥​។ ក្រៅពី​ការផ្សព្វផ្សាយ​លើក​នេះ សាខា​កាកបាទក្រហម កម្ពុជា​ខេត្តកំពង់ចាម​គ្រោង​នឹង​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត នៅ​តាម​បណ្តា ឃុំ ស្រុក ក្រុង ក្នុង​គោលបំណង បញ្ជ្រាប​ការយល់ដឹង​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។

លោក​ ទូច ឆៃ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ថ្លែង​នៅ​ថ្ងៃទី​ ១៨ តុលា​ថា ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​មេរោគ​អេដស៍ ជំងឺអេដស៍​។ ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​វាយលុក​យ៉ាងសកម្ម​នៅ​កម្ពុជា​។ ពង្រីក​ការយល់ដឹង​វិធានការ​ទប់ស្កាត់​កុំឱ្យ​ឆ្លង​រាលដាល​ដល់​គ្រួសារ​ និង​សហគមន៍ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព មាតា ទារក និង​កុមារ​។

បើតាម​លោក​ ទូច ឆៃ ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​បាន​ផ្តាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់​បន្ត​ផ្សព្វផ្សាយ​ចំណេះដឹង​ឱ្យបាន​ទូលំទូលាយ ដើម្បី​លុបបំបាត់​ការចម្លង​មេរោគ​អេដស៍ និង​ស្វាយ​ពី​ម្តាយ​ទៅ​កូន ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​ ២០២៥ ក៏ដូចជា​ចូលរួម​ទទួល​ខុសត្រូវ​ក្នុង​ការទប់ស្កាត់​ការចម្លង​មេរោគ​កូវីដ​ ១៩ ហើយ​អនុវត្ត​ការរស់នៅ​ធម្មតា​តាមគន្លង​ប្រក្រតីភាព​ថ្មី​។

លោកនាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ប្រាប់​ថា ប្រជាពលរដ្ឋ​ជា​អ្នកចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ ៩ ​នាក់ ស្ត្រី​ផ្ទុកមេរោគ​អេដស៍​ ៧ ​នាក់ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ ៥ ​នាក់ សរុប​ទាំងអស់​ ២១ ​នាក់ ដែល​បានជ្រើសរើស​ចេញ​មកពី​ ៩ ​ភូមិ​នៃ​សង្កាត់​ទាំង​ ៤ ក្នុង ក្រុង​កំពង់ចាម​។

លោក​ ទូច ឆៃ បាន​ថ្លែងថា​៖ «​ជា​លទ្ធផល អ្នក​ចូលរួម​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​ដែល​បាន​ជួយ​រំឭក​ដាស់តឿន​ពួកគាត់​ឱ្យ​បាន​យល់ដឹង​បន្ថែម ហើយ​គាត់​បាន​សន្យាថា នឹង​ពាំនាំ​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​ដល់​គ្រួសារ ដល់​បងប្អូន មិត្តភក្តិ អ្នកជិតខាង និង​សហគមន៍​ឱ្យបាន​យល់ដឹង ដូច​ពួកគាត់​ដែរ ដើម្បី​រួមគ្នា​ទប់ស្កាត់ មិន​ឱ្យ​មាន​ការឆ្លង​ដល់​គ្រួសារ និង​សហគមន៍​»៕