ភ្នំពេញៈ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​រួមគ្នា​ពិភាក្សា​អំពី​គោលនយោបាយ​ថ្នាក់ជាតិ​ស្វែងរក​ដំណោះស្រាយ​ ដើម្បី​​បញ្ចប់​អំពើហិង្សា​លើ​កុមារ ខណៈ​ការប្ដេជ្ញាចិត្ត​លុបបំបាត់​បញ្ហា​នេះ​ត្រូវ​បាន​ប្រកាស​ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។

កិច្ចពិភាក្សា​គោលនយោបាយ​ថ្នាក់ជាតិ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៩ តុលា តាម​ប្រព័ន្ធ​អនឡាញ​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គាំទ្រ​ពី​យូនីសេហ្វ អង្គការ Save the Children និង​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា (CRC Cambodia)​។

កិច្ចពិភាក្សា​នេះ​មាន​ការចូលរួម​ពី​សមាជិក​សមាជិកា​នៃ​គណៈកម្មការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព​ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ទីភ្នាក់ងារ​សហប្រជាជាតិ ម្ចាស់ជំនួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ វិស័យ​ឯកជន និង​តំណាង​កុមារ និង​យុវជន​ផងដែរ​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ខាងលើ​។

សេចក្តី​ប្រកាស​រួម​បាន​បញ្ជាក់ថា​ «​វត្តមាន​ចូលរួម​របស់​តំណាង​កុមារ​​ និង​យុវជន​នៅក្នុង​កិច្ចពិភាក្សា​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ថា សំឡេង​របស់​ពួកគេ ត្រូវ​បាន​គេ​ដឹងឮ និង​ឆ្លុះបញ្ចាំង​នៅក្នុង​ការប្តេជ្ញាចិត្ត​ដែល​ត្រូវធ្វើ​ឡើង​នៅថ្ងៃនេះ​តែម្តង​។ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ជំហរ​យ៉ាងច្បាស់​របស់ខ្លួន​ដោយ​​ចាត់ទុកថា ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​គឺជា​អាទិភាព​មួយ​»​។

ការប្តេជ្ញាចិត្ត​ដែល​ធ្វើឡើង​នេះ​នឹង​ផ្ដល់​ជា​សក្ខីកម្ម​សម្រាប់​ដោះស្រាយ​ចំពោះ​បញ្ហា​អំពើហិង្សា​លើ​កុមារ​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ហើយនឹង​ត្រូវ​ចែករំលែក​ជា​ជំហាន​សកល​មួយ​នៅក្នុង​ព្រឹត្តិការណ៍​អ្នកដឹកនាំ​ ដើម្បី​បញ្ចប់​អំពើហិង្សា​ (#EndViolence Leaders Event) ​នៅ​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​ ២០២១​។ ​នេះ​បើតាម​ការអះអាង​រួម​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។

លោក នឹម ថូត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​លើកឡើងថា ទន្ទឹមនឹង​ការអភិវឌ្ឍ​សកល​ភាវូបនីយកម្ម​ និង​បច្ចេកវិទ្យា ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាននិង​កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​ក្នុង​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​។

លោក​បន្តថា អំពើហិង្សា​លើ​កុមារ​ទោះ​ក្នុង​ទម្រង់​ណាមួយ​ក៏ដោយ សុទ្ធសឹង​ជា​សកម្មភាព​ដែល​មិនអាច​អត់ឱន​បាន ព្រោះថា​អំពើ​បែបនេះ​បាន​​បង្ក​ជា​ផលប៉ះពាល់​យ៉ាង​អន្តរាយ​ដល់​ការអភិវឌ្ឍ​របស់​កុមារ សីលធម៌-សង្គម សេចក្តីថ្លៃថ្នូរ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នាពេល​អនាគត​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​លើកកម្ពស់​កិច្ចការពារ​កុមារ​ និង​សុខុមាលភាព​កុមារ រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​អនុវត្ត​ច្បាប់​គតិយុត្ត គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​មួយចំនួន​។ ដើម្បី​បន្ត​គាំទ្រ​ដល់​វឌ្ឍនភាព​នៃ​កិច្ចការពារ​កុមារ ថ្ងៃនេះ​យើង​សូម​អំពាវនាវ​ឱ្យមាន​កិច្ចសហការ និង​ការខិតខំ​រួមគ្នា​ជា​បន្ត​ពី​សំណាក់​គ្រប់​ក្រសួង​ស្ថាប័ន អង្គការ​ជាតិ-អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​យូនីសេហ្វ ប្រចាំ​ប្រទេស​​កម្ពុជា​បាន​ថ្លែង​ដែរ​ថា យូនីសេហ្វ ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏មាន​អត្ថន័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការពង្រឹង​ប្រព័ន្ធ​នានា​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើ​​ហិង្សា​លើ​កុមារ ព្រមទាំង​ពង្រឹង​បន្ថែមទៀត​ចំពោះ​ប្រព័ន្ធ​ទាំងនោះ​។

លោកស្រី​បាន​បន្តថា​៖ «​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​បាន​ស្តែង​ឱ្យឃើញ​​បន្ថែមទៀត​ពី​តម្រូវការ​ជាបន្ទាន់​ក្នុង​ការពន្លឿន​ចំណាត់ការ​នានា​ ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ទាំង​នៅក្រៅ​ និង​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​។ យូនីសេហ្វ​នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​យ៉ាង​មុតមាំ​ក្នុង​ការជួយ​គាំទ្រ​ដល់​ចំណាត់ការ​ឥត​ប្រែប្រួល និង​កាន់តែ​លឿន​ទៅមុខ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ ព្រមទាំង​អនុវត្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ឱ្យ​ខាងតែ​បាន​ក្នុង​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅត្រឹម​ឆ្នាំ ២០៣០»​។

កាលពី​ឆ្នាំ​ ២០១៣ ប្រទេស​កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​រៀបចំ​ធ្វើ​អង្កេត​ថ្នាក់ជាតិ​ស្ដីពី​អំពើហិង្សា​លើ​កុមារ​ដោយមាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​​សម្រាប់​ការគ្រប់គ្រង​ជំងឺ​ (CDC) នៃ​សហរដ្ឋអាមេរិក​ និង​យូនីសេហ្វ​។

លទ្ធផល​ពី​ការអង្កេត​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព​ ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ (​ឆ្នាំ​ ២០១៧-២០២១) ​ដែល​បាន​កំណត់ឱ្យ​ស្ថាប័ន​ក្រសួង​ចំនួន​ ១៣ ​ត្រូវ​ចូលរួម​អនុវត្ត​លើ​គោលដៅ​រួមមួយ​នេះ​។

សូមជម្រាបថា តាម​សេចក្តី​ថែ្លងការណ៍​របស់​ស្ថាប័ន​ទាំងនេះ​ក៏​បាន​បញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​ការប្តេជ្ញាចិត្ត​បន្ត​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ឆ្ពោះ​ទៅ​រក​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅត្រឹម​ឆ្នាំ​ ២០៣០ តាមរយៈ​ការហាមឃាត់​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ ការពង្រឹង​ទិន្នន័យ​ និង​ការតាមដាន​ត្រួតពិនិត្យ​លើ​កិច្ចការពារ​កុមារ ការជួយ​ជំរុញ​ដល់​ឪពុក-ម្ដាយ ឬ​អាណាព្យាបាល និង​អ្នក​ថែទាំ​​ធ្វើឱ្យ​កុមារ​មាន​សុវត្ថិភាព ការធ្វើឱ្យ​បណ្ដាញ​អ៊ីនធឺណិត​មាន​សុវត្ថិភាព​​សម្រាប់​កុមារ ការធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព គ្មាន​អំពើហិង្សា និង​ប្រកបដោយ​បរិយាប័ន្ន​៕