ភ្នំពេញៈ ​ពេញ​ ១ ​ខែកញ្ញា ឆ្នាំ​ ២០២១ កន្លងទៅ​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៥៣៩ ​ករណី​ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ១ ០៣៩ ​នាក់​ស្រី ៧៣ ​នាក់ និង​ចាប់យក​គ្រឿងញៀន​សរុប​ជាង​ ២៦ ​គីឡូក្រាម ធៀប​នឹង​ខែសីហា​មាន​ជាង​ ៥៧ ​គីឡូក្រាម​ថយចុះ​ជាង​ ៣១ ​គីឡូក្រាម​ស្មើនឹង​ជាង​ ៥៤ ​ភាគរយ​។

យោងតាម​របាយការណ៍​លើ​ហ្វេសប៊ុក​លោក​ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៩ តុលា​បង្ហាញថា លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខែកញ្ញា​ឆ្នាំ​ ២០២១ គឺ​ក្នុង​រយៈពេល​ពេញ​ ១ ​ខែ​នោះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៥៣៩ ​ករណី​ធៀប​នឹង​ខែសីហា ឆ្នាំ​ ២០២១ មាន​ ៤៤០ ​ករណី កើន​លើស​ ៩៩ ​ករណី​ស្មើនឹង​ ២២,៥ ​ភាគរយ​។

ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខែកញ្ញា​សមត្ថកិច្ច​បាន​ចាប់យក​គ្រឿងញៀន​សរុប​ចំនួន​ជាង​ ២៦ ​គីឡូក្រាម​ធៀប​នឹង​ខែសីហា ឆ្នាំ​ ២០២១ ​មាន​ជាង​ ៥៧ ​គីឡូក្រាម​ថយចុះ​ជាង​ ៣១ ​គីឡូក្រាម ស្មើនឹង​ជាង​ ៥៤ ​ភាគរយ​។ គ្រឿងញៀន​បង្ក្រាប​បានរួម​មាន​មេតំហ្វេតាមីន​ក្រាម​ម្សៅ​ជាង​ ១៣ ​គីឡូក្រាម​មេតំហ្វេតាមីន​គ្រាប់​ជាង​ ១៣១ ​ក្រាម​អ៊ិចស្តាស៊ី​ជាង​ ៨ ​គីឡូក្រាម​កេតាមីន​ជាង​ ១ ​គីឡូក្រាម Nimetazepam ជាង​ ១ ​គីឡូក្រាម សា​ធាតុគីមី​ផ្សំ​ជាង​ ៤ ​គីឡូក្រាម និង​កញ្ឆា​ស្ងួត​ជាង​ ៤ ​គីឡូក្រាម​។

ក្នុងចំណោម​បទល្មើស​គ្រឿងញៀន​នោះ មាន​ករណី​ជួញដូរ​រក្សាទុក​ ៤៦៣ ​ករណី​ប្រើប្រាស់​ ៧៥ ​ករណី ករណី​សំយោគ​កែច្នៃ​ ១ ​ករណី​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​ ១ ០៣៩ ​នាក់​ស្រី​ ៧៣ ​នាក់​ធៀប​នឹង​ខែសីហា​ឆ្នាំ​ ២០២១ ​មាន​ ៨៦១ ​នាក់ កើន​ ១៧៨ ​នាក់​ស្មើនឹង​ ២០,៦ ​ភាគរយ​ក្នុងនោះ​ជនសង្ស័យ​ជួញដូរ​រក្សាទុក​ ៨៣២​ ករណី ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ ២០៥ ​នាក់ ជនសង្ស័យ​សំយោគ​កែច្នៃ​ ២ ​នាក់​។ មាន​ជនបរទេស​ ៤១ ​នាក់​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​ដែរ​។ នេះ​បើតាម​របាយការណ៍​។

របាយការណ៍​ឱ្យដឹងថា ក្នុង​ចំណោម​បទល្មើស​គ្រឿងញៀន​ ៥៣៩ ​ករណី​នោះ ករណី​គ្រឿងញៀន​ធំៗ ដែលមាន​ប្រភព​ចរាចរណ៍​ឆ្លងកាត់​តាម​ច្រក​ព្រំដែន​គោក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ឃើញ និង​បង្ក្រាបបាន​ចាប់ពី​ ១ ​គីឡូក្រាម​ឡើងទៅ មាន​ចំនួន​ ៤ ​ករណី​ស្មើនឹង​ ៤ ​ក្រុម​ឃាត់ខ្លួន​ជនសង្ស័យ​ ៦​ នាក់ និង​រឹបអូស​គ្រឿងញៀន​សរុប​បាន​ជាង​ ១៦ ​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​បាន​ជាង​ ៤ ​គីឡូក្រាម​។

ក្នុង​ខែកញ្ញា​នោះដែរ សមត្ថកិច្ច​ក៏បាន​អនុវត្ត​វិធានការ​រដ្ឋបាល​បាន​ចំនួន​ ១៣១ ​លើក បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ និង​អ្នកពាក់ព័ន្ធ​មក​ស្ដាប់​ការណែនាំ​ចំនួន​ ២៨ ​លើក ស្មើនឹង​ ៦៥៧ ​នាក់ ចុះ​អប់រំ​ម្ចាស់​ទីតាំង​អាជីវកម្ម​ចំនួន​ ១០៣ ​លើក និង​ ១ ​គោលដៅ​ចុះ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ក្មេង​ទំនើង​ជន​មាន​តម្រុយ​ប្រើប្រាស់​គ្រឿងញៀន និង​ឆ្មក់​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដឹក​កម្មករ​ដឹក​អ្នកដំណើរ​បុគ្គលិក​កម្សាន្ត​កាស៊ីណូ​សណ្ឋាគារ​ខារ៉ាអូខេ​សរុប​ ៥០ ​លើក ស្មើនឹង​ ១៣៤ ​នាក់ រកឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ ៤៨ ​នាក់ យក​ទៅ​ទទួល​សេវា​បន្សាប និង​ព្យាបាល​។

លោក ស ខេង បញ្ជាក់ថា​៖ «​ក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងនាម​ក្រសួងមហាផ្ទៃ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​ប្រធាន​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​ ៦ ខ្ញុំ​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ការលើក​ទឹកចិត្ត​ខ្ពស់ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស៊ីវិល នគរបាល និង​កងរាជ​អាវុធហត្ថ ដែល​បានរួម​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម​ជូន​ជាតិ​ និង​ប្រជាជន​»​។

លោក​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន​សង្គម និង​កម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់​ឱ្យ​ចូលរួម​គាំទ្រ​ និង​អនុវត្ត​ពាក្យស្លោក​ជាតិ ៣ការពារ ១រាយការណ៍ គឺ​កុំ​ពាក់ព័ន្ធ​៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត​ និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​។ កុំ​អន្តរាគមន៍​៖ ​កុំ​រារាំង​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ​សាច់ញាតិ​ ឬ​មិត្តភក្តិ​ក៏ដោយ​។ កុំ​លើកលែង​៖ ​កុំ​បន្ធូរបន្ថយ​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​ទៅតាម​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​ជន​គ្រប់រូប​ត្រូវគោរព​ និង​អនុវត្ត​ច្បាប់​។

១ រាយការណ៍ គឺ​ត្រូវ​រាយការណ៍​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ​ចែកចាយ​ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត​ និង​ទីតាំង​ស្តុក​ទុក​គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច​...​ដើម្បី​យើង​អាច​បន្ត​រួម​កម្លាំង​សាមគ្គី​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដែល​ជា​សត្រូវ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ធនធានមនុស្ស ជាពិសេស​ធនធាន​យុវជន ដែលជា​សសរទ្រូង​ប្រទេសជាតិ​៕