កំពតៈ លោក​ ម៉ៅ ធនិន អភិបាល​ខេត្តកំពត​បាន​ចុះ​ដោះស្រាយ និង​ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ជា​លើក​ដំបូង​នៅក្នុង​ផ្សារ​សាមគ្គី ខណៈ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​បាន​បើក​វេទិកាសាធារណៈ​ជា​លើកដំបូង នៅ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត នៅ​ថ្ងៃទី​ ១៩ ​តុលា ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពលរដ្ឋ​រាយការណ៍​ពី​ភាពខ្វះ​ចន្លោះ​របស់​សមត្ថ​កិច្ច​ដែនដី​។

កាលពី​ថ្ងៃទី​ ១៨ តុលា លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី ស្ថិត​ក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត​។

ក្នុងឱកាស​នោះ​លោក​ ម៉ៅ ធនិន បាន​ថ្លែងថា ការចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​នាពេលនេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង ដើម្បី​ស្វែងយល់​ពី​សំណូមពរ​តម្រូវការ​របស់​អាជីវករ​ក៏​ដូចជា​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ក្នុង​គោលបំណង​ដើម្បី​បាន​ជា​មូលដ្ឋាន​រួម សម្រាប់​ធ្វើការ​ដោះស្រាយ​ឱ្យបាន​សម្រេច​នៅពេល​ក្រោយ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​ភាតរភាព​ជា​គ្រួសារ​តែមួយ ជាពិសេស​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពត ទាំងមូល ដើម្បី​រួមគ្នា​គិត រួមសុខ​រួមទុក្ខ និង​រួមគ្នា​ដោះស្រាយ​បញ្ញា​ការលំបាក​បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ​ផ្សេងៗ ក៏ដូចជា​ជំហាន​នៃ​ដំណើរ​កិច្ចការ​អភិវឌ្ឍន៍​មូលដ្ឋាន​ទៅមុខទៀត​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែមទៀត សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​»​។

បើតាម​លោក​ ម៉ៅ ធនិន ក្នុងឱកាស​នោះ លោក​បានទទួល​សំណូមពរ​របស់​អាជីវករ​ជាច្រើន​ចំណុច ដែល​រួមមាន​សំណូមពរ​ស្នើសុំ​ឱ្យ​អាជីវករ​លក់​ត្រី​ឱ្យមាន​ការលក់ដូរ​ប្រមូល​ផ្ដុំគ្នា​តែមួយ​ក្នុង​ផ្សារ បញ្ឈប់​ឱ្យមាន​ការលក់ដូរ​ខាងក្រៅ​ផ្សារ​តាម​ចិញ្ចើមផ្លូវ​បញ្ហា​ការជួសជុល​ដំបូល​ផ្សារ​ដែល​បញ្ហា​នេះ លោក​ថា ក្រុមការងារ​នឹង​បន្ត​ជួបគ្នា​ទៀត​ជាមួយ​អាជីវករ​នៅពេល​ក្រោយ ដើម្បី​ធ្វើយ៉ាងណា ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ជូន​អាជីវករ​ឱ្យបាន​សម្រេច​។

បន្ថែម​ពីនេះ​លោក​ ម៉ៅ ធនិន ​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​បង្ហូរ​ទឹក​ក្នុង​ផ្សារ​ឱ្យបាន​ឆាប់​ជាបន្ទាន់ និង​ស្នើ​ដល់​ប្រធាន​ផ្សារ និង​អាជ្ញាធរ​ក្រុង​កំពត ត្រូវ​ចៀស​ឱ្យបាន​ពី​ការយក​ភាស៊ី​ទៅលើ​អ្នក​លក់ដូរ​តាម​កញ្ច្រែង​តូចតាច​ និង​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​សាមគ្គី​នេះ​ឱ្យបាន​ជាក់លាក់​ ដើម្បី​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការឧបត្ថម្ភ​ក្នុង​ស្មារតី​វប្បធម៌​ចែករំលែក​ខ្មែរ​ស្រឡាញ់​ខ្មែរ​សម្រាប់​ពួកគាត់ ដែលមាន​ជីវភាព​ និង​ការខ្វះខាត​ផងដែរ​។

លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការកំណត់​ចុះ​ធ្វើ​វេទិកាសាធារណៈ​ជា​លើកដំបូង នៅក្នុង​សង្កាត់​ក្រាំងអំពិល នៅ​ថ្ងៃទី​ ១៩ ​តុលា គឺ​មិនមែន​បានន័យ​ថា សង្កាត់​នេះ​មាន​បញ្ហា​អសកម្ម​ច្រើន​នោះទេ​។ ប៉ុន្តែ គឺជា​ការចុះ​ស្រង់​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខណៈដែល​គ្រប់​សង្កាត់ ឃុំ​ទូទាំង​ខេត្ត​នឹងត្រូវ​ធ្វើ​វេទិកាសាធារណៈ​បែបនេះ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​គោលដៅ​យើង​នេះ ​គឺ​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដើម្បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ចឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​លោក​សំណូមពរ​ខ្ញុំ​នឹង​រាយការណ៍​បន្តទៅ​អភិបាលខេត្ត​ ដើម្បី​រួមគ្នា​ដោះស្រាយ ហើយ​ចំពោះ​បញ្ហា​ផ្សេងៗ ដែល​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ភ្លាមៗ​យើង​នឹង​ធ្វើ​ក្នុង​ពេល​ហ្នឹង​តែម្តង​»​។

ទោះយ៉ាងណា​លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា អ្វីដែល​លោក​ផ្តោត​ខ្លាំង​បំផុត នៅក្នុង​វេទិកា​សាធារណៈ គឺ​របៀប​ធ្វើការ​របស់​កម្លាំង​ក្រោមបង្គាប់​របស់​លោក​នៅតាម​មូលដ្ឋាន ហើយ​គ្រប់​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នឹងត្រូវ​បាន​ទទួល​យកមក​ពិចារណា និង​ដោះស្រាយ​។

លោក​ឡើយ វណ្ណារ៉ា ពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពត​បាន​សាទរ​ និង​ស្វាគមន៍​ចំពោះ​ការចុះ​ដោះស្រាយ​ និង​ការបើក​វេទិកា​សាធារណៈ​របស់​អាជ្ញាធរខេត្ត​នេះ​។ លោក​យល់ថា ការបង្កើត​នូវ​កម្មវិធី​ទាំងនេះ​នឹង​អា​ចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាពិសេស​បញ្ហា​ទំនាស់​ដីធ្លី ភាព​អសកម្ម​របស់​មន្ត្រី និង​បញ្ហា​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។

លោក​បញ្ជាក់ថា​៖ «​ឃើញថា នេះ​គឺជា​រឿង​ដែល​ល្អ​មួយ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​មួយចំនួន​ហើយ​វេទិកា​ទាំងនេះ គឺអាច​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ដោយ​ផ្ទាល់​។ ខ្ញុំ​ក៏មាន​សំណូមពរ​មួយ​ដែរ​ទាក់ទង​នឹង​ផ្លូវលំ​ ១ ​ខ្សែ​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ដែល​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើឱ្យ​ខូច​។ ខ្ញុំ​សង្ឃឹមថា ពេល​វេទិកា​ទាំងនេះ​បាន​មកដល់​តំបន់​ខ្ញុំ បញ្ហា​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​»៕

វីដេអូ៖