ឧត្តរមានជ័យៈ អាជ្ញាធរខេត្ត​ឧត្តរមានជ័យ​សម្រេច​បន្ត​វិធានការ​រដ្ឋបាល ដោយ​ហាមឃាត់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​រហូត​ដល់​ថ្ងៃទី​ ៣១ ខែតុលា​។

លោក​ ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ​ចេញ​លិខិត​សម្រេច​បន្ត​វិធានការ​រដ្ឋបាល​បែបនេះ នៅ​ថ្ងៃទី​ ១៨ តុលា ដោយ​លោក​បញ្ជាក់ថា រាល់​ការបម្រើ​សេវាកម្ម​របស់​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ​ជាដើម ត្រូវតែ​គោរព​ឱ្យ​ខាង​តែ​បាន​នូវ​វិធានការ​អនាម័យ ដូចជា ការរៀបចំ​ជែល អាល់កុល​បាញ់សម្លាប់​មេរោគ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម ស្របតាម​ការណែនាំ និង​វិធាន​សុខាភិបាល​ក្នុង​ការបម្រើ​សេវាកម្ម​របស់ខ្លួន​។ ជាមួយគ្នា​នោះ​ត្រូវ​ហាមឃាត់​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​។

លោក​បញ្ជាក់ថា​៖ «​ហាមឃាត់​ជា​បណ្តោះអាសន្ន​ការធ្វើសកម្មភាព​មុខរបរ​ និង​អាជីវកម្ម ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន អាជីវកម្ម​ម៉ាស្សា រោង​សម្តែង​សិល្បៈ និង​សកម្មភាព​មុខរបរ អាជីវកម្ម​ដែល​នឹង​បង្កឱ្យមាន​ស្ថានភាព​ប្រឈម ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក​អភិបាលខេត្ត​បន្ថែមថា ចំពោះ​រាល់​សកម្មភាព​ការងារ​មុខរបរ និង​អាជីវកម្ម ដែល​មិន​ត្រូវបាន​ហាមឃាត់​ត្រូវអនុវត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំ​ជែល អាល់កុល បាញ់សម្លាប់​មេរោគ ការវាស់កម្តៅ ការប្រើប្រាស់​ប្រព័ន្ធ​ QR Code “​ទប់ស្កាត់​កូវីដ​” និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣ការពារ ៣កុំ​។

អាជ្ញាធរខេត្ត​នេះ​ក៏​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង ការជួបជុំ​តាមបែប​សាសនា និង​ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ដែល​ពុំមាន​ភាពជា​ចាំបាច់ លើកលែងតែ​ចំពោះ​ករណី​មួយចំនួន ដូចជា ការជួបជុំ​សមាជិក​គ្រួសារ ការធ្វើ​បុណ្យសព​តាម​ការណែនាំ​របស់​អាជ្ញាធរ បុណ្យជាតិ អន្តរជាតិ ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​។

ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ដូចជា​ការយក​សំណាក និង​ចាក់​វ៉ាក់សាំង ការជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត ត្រូវ​ធ្វើតាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖ «​បុគ្គល​គ្រប់រូប មាន​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​គោរព​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព ស្របតាម​ស្មារតី​នៃ​ប្រកាសលេខ​ ០៨១ ស.នក.ប្រក ចុះ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២១ របស់​ក្រសួង​សុខាភិបាល​ជា​កំហិត​»​។

បើតាម​លោក​ ប៉ែន កុសល្យ បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្ត​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​នឹង​ត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់​ផ្សេងទៀត​៕