ភ្នំពេញៈ សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី​ចំនួន​ ៣៣ ​រូប ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ក្រោយ​ការបោះឆ្នោត ដែល​ក្រុមប្រឹក្សា​ថ្មី​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ កើត រិទ្ធ សង្ឃឹមថា ពួកគេ​នឹង​ខិតខំ​បំពេញ​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការលើកកម្ពស់ វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​។

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ថ្មី ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​​ ២០២៤ ​ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយ​នឹង​មហាសន្និបាត​គណៈមេធាវី​កម្ពុជា​លើក​ទី​២៦ ដែលមាន​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៨ តុលា នៅ​ទីស្នាក់ការ​គណៈមេធាវី រាជធានី​ភ្នំពេញ​។

លោក​ លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៨ តុលា ថា បេក្ខភាព​ចំនួន ៣៣ ​រូប​ត្រូវបាន​ជាប់ឆ្នោត​ដោយមាន​សំឡេង ច្រើនជាងគេ​ក្នុង​ចំណោម​បេក្ខភាព ចំនួន​ ១១០ ​រូប ដែល​បាន​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ដើម្បី​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាគណៈមេធាវី​អាណត្តិ​ទី​១០​។

លោក​រំពឹងថា សមាជិក​ក្រុមប្រឹក្សា ដែល​បាន​ជាប់ឆ្នោត​ថ្មី​នេះ​នឹង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គណៈមេធាវី ដើម្បី​លើកកម្ពស់​វិស័យ​ច្បាប់ និង​យុត្តិធម៌​នៅក្នុង​ប្រទេស ជាពិសេស​ជួយ​ឱ្យ​ការងារ​របស់​គណៈមេធាវី​ប្រព្រឹត្ត​ទៅមុខ​យ៉ាងសកម្ម ខណៈ​មេធាវី​នៅតែ​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​។

លោក​បានបញ្ជាក់​ក្នុង​ពិធី​ប្រកាស​លទ្ធផល​ថា​៖ «​ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​រួមគ្នា​ធ្វើ​ការងារ​ជាមួយ​បងប្អូន​សហភាតា​ដែល​ជាប់ឆ្នោត​ដើម្បី​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​របស់​យើង​។ សូម​រួមគ្នា​ជាមួយ​ខ្ញុំ​ដើម្បី​ឧត្តមភាព​ និង​កិត្យានុភាព​គណៈមេធាវី​»​។

បើតាម​លោក​ លី ច័ន្ទតុលា ក្រុមប្រឹក្សា​គណៈមេធាវី​រួមគ្នា​ពិនិត្យ ដោះស្រាយ​គ្រប់​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី និង​ធានា​ដល់​ការបំពេញ​ភារកិច្ច និង​ការពារ​សិទ្ធិ​របស់​មេធាវី​។ សមាជិក​គណៈមេធាវី​ក៏មាន​សិទ្ធិ​ធ្វើ​បទបញ្ជា​ផ្ទៃក្នុង​ក្រមសីលធម៌​សម្រេច​លើ​ការស្នើសុំ​ការអនុញ្ញាត​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មេធាវី រួមទាំង​កិច្ចការ​ជាច្រើន​ទៀត​ដោយ ៥០ ​បូក​ ១ ឬ​សំឡេង​ភាគច្រើន​។

លោក​ កើត រិទ្ធិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា មេធាវី គឺជា​បុគ្គល​ដែល​ចូលរួម និង​មិនអាច​ខ្វះ​បាន​ក្នុងការ​លើកកម្ពស់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​។ ស្ថាប័ន​នេះ​ក៏បាន​ចូលរួម​ផ្តល់​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​នៅ​ចំពោះមុខ​ច្បាប់​ផងដែរ​។

លោក​បង្ហាញ​នូវ​ក្តី​រំពឹងថា​៖ «​ក្រុមប្រឹក្សា​គណៈមេធាវី​ថ្មី​នេះ​នឹង​បំពេញ​តួនាទី​ដ៏មាន​សារៈសំខាន់​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ជា​ឧត្តមប្រយោជន៍​ដល់​គណៈមេធាវី​សម្រាប់​មេធាវី​។ សមត្ថភាព​ខាងវិជ្ជាជីវៈ​របស់​មេធាវី គឺជា​កត្តា​រួមចំណែក​មិនអាច​ខ្វះ​បាន​ និង​ដំណើរការ​លើកកម្ពស់ ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​»​។

បន្ថែម​ពីនេះ លោក​ កើត រិទ្ធ ក៏​លើកទឹកចិត្ត​ឱ្យ​មេធាវី​គ្រប់រូប​ចូលរួម​បន្ថែមទៀត​ ដើម្បី​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ និង​ផ្តល់​ការការពារ​ក្តី​ជូន​ជនក្រីក្រ​ឱ្យបាន​កាន់តែច្រើន​។ លោក​ថា​ការចូលរួម​របស់​មេធាវី​ចំពោះ​បញ្ហា​នេះ ពួកគេ​នឹង​ទទួល​បាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅក្នុង​សង្គមជាតិ​។

លោក​បញ្ជាក់ថា​៖ «​សូម​មេធាវី​គ្រប់រូប​បន្ត​ចូលរួម​ និង​គាំទ្រ​បន្ថែម ដល់​យន្តការ​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់ ដោយ [​ឥត​] ​គិតថ្លៃ​។ ជាក់ស្តែង​មេធាវី​ដែល ទទួល​បាន​ការការពារ​ជូន​ជនក្រីក្រ កាន់តែច្រើន​នឹង​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ មេធាវី​រូបនោះ​នឹង​ទទួលបាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅក្នុង​សង្គមជាតិ​ផងដែរ​»​។

លោក​ ទូច ធីរិទ្ធ មេធាវី ដែល​ទទួលបាន​សំឡេងឆ្នោត​ច្រើន​ក្នុង​លំដាប់​ទី​៣ ក្នុងចំណោម​មេធាវី​ជាប់ឆ្នោត​ទាំង​ ៣៣ ​រូប​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៨ តុលាថា លោក​ពេញ​ចិត្តនឹង​ការបំពេញ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ក្នុង​អាណត្តិ​ថ្មី​នេះ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ ២ ​ចំណុច​ក្នុង​ការប្តេជ្ញាចិត្ត គឺ​ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការងារ​ និង​ចូលរួម​កិច្ចប្រជុំ​របស់​គណៈមេធាវី​។ ទី​២ គឺ ខ្ញុំ​នឹង​បន្ត​និរន្តរភាព​ចូលរួម​សកម្មភាព​ក្នុង​ការចូលរួម​ជាមួយ​ការដឹកនាំ​របស់​គណៈមេធាវី​លើ​គោលការណ៍ ៨ ​ចំណុច ដើម្បី​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​»​។

លោក​មើលឃើញថា ការបោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ គឺមាន​លក្ខណៈ​ល្អ និង​ត្រឹមត្រូវ ដែល​បង្ហាញ​តម្លាភាព​ និង​ភាពច្បាស់លាស់​ក្នុង​ការជ្រើសរើស​សមាជិក ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​ការងារ​ក្នុង​វិស័យនេះ​ឱ្យ​កាន់តែ​រីកចម្រើន​៕