សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​កំពុង​រៀបចំ​បើក​ដំណើរការ​សាកល្បង​សាលា​កម្រិត​បឋមសិក្សា​ចំនួន​ ១២៩ ​ទៀត​នៅ​ថ្ងៃទី​ ២០ តុលា នេះ បន្ទាប់ពី​សាលារៀន​រដ្ឋ​កម្រិត​មធ្យមសិក្សា​ចំនួន​ ៤៤ ​សាលា​នៅ​ស្រុក​ចំនួន​ ៨ ទើបបាន​បើក​សាកល្បង​កាលពី​ថ្ងៃទី​ ១៨ ​ខែតុលា​។

លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី​ ១៨ តុលា​ថា​៖ «​សាលារៀន​បើក​នៅ​ថ្ងៃ​ ១៨ ខែតុលា​​មាន​ ៤៤ ​សាលា​នៅក្នុង​ ៨ ​ស្រុក​។

នេះ​ជា​ការបើក​កម្រិត​ចាប់ពី​ថ្នាក់​ទី​ ៩ ​និង​ថ្នាក់​ទី​ ១២ ​បើក​ធ្វើការ​សាកល្បង​។ ​ថ្ងៃ​ ២០ [​តុលា​] ​ទៅ​យើង​បើក​សាលា​ ១២៩ ​បន្ថែមទៀត​នៅក្នុង​កម្រិត​បឋម​»​។

ស្រុក​ទាំង​ ៨ ​នោះ​រួមមាន​ស្រុក​បន្ទាយស្រី ស្រុក​ស្វាយលើ ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទ​បាគង ស្រុក​ស្រីស្នំ ស្រុក​វ៉ារិន ស្រុក​អង្គរធំ​ និង​ស្រុក​ក្រឡាញ់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ១៨ ខែតុលា បាន​ដកស្រង់​សម្ដី លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​សៀមរាប​ថា​៖ «​មុននឹង​យើង​បើក​សាលារៀន​វិញ​នៅថ្ងៃនេះ យើង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​នៃ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ច្រើន​ករណី​ណាស់​គឺ​បើក​នៅតាម​សាលា​នៃ​បណ្ដា​ស្រុក​ដែលមាន​ហានិភ័យ​ទាប​ដោយ​អនុវត្ត​ការរៀន​តាម​បណ្ដុំ មិន​លើស​​ពី​ ១៥ ​នាក់​ទៅ​តាម​ស្តង់ដា​ប្រតិបត្តិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល និង​ផ្ដល់​អាទិភាព​ដល់​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី ១២ សម្រាប់​តំបន់​មាន​ហានិភ័យ​មធ្យម​»​។

មុននឹង​បើក​សាលា​ឡើងវិញ​នេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​ពិនិត្យ​លើ​គ្រូបង្រៀន និង​សិស្ស​ទាំងអស់​ដែល​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទាំង​ ២ ​ដូស​គ្រប់ៗ​គ្នា​ និង​បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​សាលារៀន​នៃ​ស្រុក​មួយចំនួន​ដូចជា​សាលា​ត្រូវមាន​ទីកន្លែង​សម្រាប់​លាងដៃ​នឹង​សាប៊ូ លាងដៃ​នឹង​អាល់កុល ការត្រួតពិនិត្យ​កម្ដៅ និង​សិស្ស​ត្រូវ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា និង​គ្រប់ពេលវេលា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្ដី លោក លី ប៊ុនណា ប្រធាន​មន្ទីរអប់រំ ខេត្តសៀមរាប​ថា ខេត្តសៀមរាប​កន្លងមក បើទោះជា​ការរៀន​តាម​បណ្តុំ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ ក៏ប៉ុន្តែ​ការរៀន​ពី​ចម្ងាយ​ត្រូវបាន​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​នៅ​​ទីជនបទ ដោយបាន​រៀបចំ​ឱ្យមាន​ក្នុង​រូបភាព​ចម្រុះ ជា​បណ្តុំ​​តាម​សហគមន៍ ដែល​ធ្វើឱ្យ​កិច្ចការ​ទាំងនេះ​បាន​បង្កើត​ឱ្យ​មាន​បទពិសោធ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ការបើក​សាលារៀន​ឡើងវិញ មាន​វិទ្យាល័យ​ចំនួន​ ១៤ ​កន្លែង និង​អនុវិទ្យាល័យ​ចំនួន​ ៣០ ​កន្លែង ដែល​ក្នុង​ថ្នាក់រៀន​នីមួយៗ​មាន​សិស្ស​មិន​លើសពី​ចំនួន​ ១៥ ​នាក់ ហើយ​លក្ខខណ្ឌ​ ឬ​​វិធានការ​សម្រាប់​ដំណើរការ​​បើក​សាលារៀន​ឡើងវិញ​នោះ​គឺ​គណៈកម្មការ ឬ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ការចូលរួម​ពី​​គ្រប់​អ្នកពាក់ព័ន្ធ​នោះ​គឺ​ត្រូវតែ​ពិនិត្យ​ស្ថានភាព​តំបន់​»​។

លោក លី ប៊ុនណា បន្ថែមថា ការបើក​សាលា​ឡើងវិញ​នៅ​ថ្ងៃទី​ ១៨ តុលា ធ្វើឡើង​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ កាលពី​ដើម​ខែកញ្ញា ព្រម​ជាមួយ​នឹង​ការណែនាំ​បន្ថែម​ស្តីពី​ស្តង់ដា​អនាម័យ ការអនុវត្ត​វិធានការ​៣ការពារ ៣កុំ ការចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​សិស្ស និង​បុគ្គលិក​អប់រំ និង​ការធ្វើ​តេស្ត​​សំណាក​គ្រូបង្រៀន មុន​បើក​សាលាបង្រៀន​សិស្ស​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បីឱ្យ​ដំណើរការ​សិក្សា​នេះ ប្រកប​ដោយ​ភាពរលូន​នោះ ការចូលរួម​របស់​មាតាបិតា​ ឬ​អាណាព្យាបាល​របស់​សិស្ស ក្នុង​ការត្រួតពិនិត្យ​សុខភាព និង​សកម្មភាព​របស់​កូន​ខ្លួនឯង គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​ជាទីបំផុត​»​។

ខេត្តសៀមរាប​មាន​សាលាមត្តេយ្យ​សិក្សា​ចំនួន​ ២០ ​កន្លែង និង​មាន​ថ្នាក់​មត្តេយ្យ​សិក្សា​ផ្សេងទៀត​ដែល​ស្ថិតក្នុង​សាលា​​បឋមសិក្សា​ជាង​ ៤០០ ​កន្លែង​។

ខេត្ត​នេះ​មាន​សាលាបឋមសិក្សា​ ៥១៤ ​កន្លែង​មាន​អនុវិទ្យាល័យ​ចំនួន​ ៨២ ​កន្លែង និង​មាន​វិទ្យាល័យ​ចំនួន​ ៤១ ​កន្លែង​៕