បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​សម្រេច​ឃុំខ្លួន​យុវជន​ជា​មេខ្យល់​ ២ ​នាក់ ​​ក្នុង​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​​នឹង​ករណី​នាំ​ពលករ​ជាង​ ៤០ ​នាក់ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

លោកស្រី ឌី សុជាតិ ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១៩ តុលា​ថា ជន​ត្រូវ​ចោទ​ ២ ​រូបនេះ​មាន ឈ្មោះ ម៉ា និត ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ និង​ឈ្មោះ ជឿន កុយ ភេទ​ប្រុស​អាយុ​ ១៥ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​​ហើយ​ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពីថ្ងៃ​ទី​ ១៨ តុលា​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ជន​ទាំង​ ២ ​នាក់​ត្រូវបាន​តំណាង​​អយ្យការ​ចោទ​ពី​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​។ បទ​ចោទ​នេះ​តាម​មាត្រា​ ១១ ​នៃ​ច្បាប់​ការបង្ក្រាប អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

ពាក់ព័ន្ធ​នឹង​បទចោទ​នេះ បើ​តុលាការ​រកឃើញ​ថា ពួកគេ​ទាំង​ ២ ​នាក់​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។

លោកស្រី ឌី សុជាតិ បាន​ឱ្យ​ដឹងថា ពួកគេ​ទាំង​ ២ ​នាក់​​នោះ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ អូរបីជាន់​សហការ​ជាមួយ​កម្លាំងយោធា​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៤ ខែតុលា ឆ្នាំ​ ២០២១ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខណៈ​ពួកគេ​កំពុង​នាំ​ពលករ​ប្រុស​ស្រី​ចំនួន​ ៤១ ​នាក់ (​មាន​ក្មេងៗ​ជា​កូន​ពលករ ២ ទៅ​ ៣ ​នាក់​ដែរ​) ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។

លោកស្រី​បាន​បន្តថា បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​ ២ ​នាក់​ថា ពួកគេ​ធ្វើជា​អ្នក​នាំផ្លូវ​ពលករ​ខ្មែរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ធ្វើការ​នៅ​​ទីនេះ​បាន​ចំនួន​ ២ ​លើក​មក​​ហើយ​។ ប៉ុន្តែ​នៅលើក​ទី​ ៣ ​នេះ​​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​តែម្តង​។ ចំពោះ​តម្លៃ​នាំ​ពលករ​ឆ្លងទៅ​ប្រទេស​ថៃ​នេះដែរ​ពួកគេ​យក​គឺ​ក្នុង​មនុស្ស​ម្នាក់​ចំនួន​ ២ ​ពាន់​បាត​៕