ភ្នំពេញៈ តំណាង​អង្គការ GIZ បានប្រកាស​បើក​ឱ្យ​ដំណើរការ «​វគ្គ​បណ្តុះបណ្តាល​សកម្មភាព​អាកាសធាតុ​សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​» កាលពី​ថ្ងៃទី ១៨ ខែតុលា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឧស្សាហកម្ម​នេះ​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ការប្រកាស​បើក​ឱ្យ​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​តាមរយៈ​កម្មវិធី «​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ និង កាត់ដេរ​នៅ​ទ្វីបអាស៊ី​ (GIZ FABRIC)​។ វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​អ្នកផ្គត់ផ្គង់​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ស្បែកជើង​នៅ​អាស៊ី​ដោយ​កំណត់​គោលដៅ​លើ​ផលិតផល​សម្រេច និង​ដំណើរ​ការផលិត​សម្ភារ​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​តួនាទី​របស់​ពួកគេ​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

វគ្គ​នេះ​មាន​នៅលើ​គេហទំព័រ www.atingi.org ដែលមាន​ជា​ភាសា​អង់គ្លេស ភាសា​ខ្មែរ និង​ភាសា​ផ្សេងទៀត ដែល​អ្នកផ្គត់ផ្គង់​ផលិតផល​អាច​រៀន​ដោយខ្លួនឯង​ដោយ​មិន​គិតថ្លៃ​នៅពេល​ណា​ក៏បាន និង​នៅទីណា​ក៏បាន​ដើម្បី​ឱ្យ​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ក្នុង​ប្រទេស​ផលិតកម្ម សំខាន់​អាច​ទទួល​បាន​ការបណ្តុះបណ្តាល​បែបនេះ​បាន​។

វគ្គ​នេះ​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​អ្នកផ្គត់ផ្គង់​ផ្នែក​វាយនភណ្ឌ​ និង​កាត់ដេរ​ដើម្បី​ស្វែងយល់​ពី​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ការគិតគូរ​ពី​ការបញ្ចេញ​ឧស្ម័ន​របស់​ក្រុមហ៊ុន ការកំណត់​គោលដៅ​កាត់បន្ថយ​ និង​ដំណោះស្រាយ​នៅក្នុង​វិស័យ​ថាមពល​ និង​ថាមពល​កកើត​ឡើងវិញ​ដែល​ក្រុមហ៊ុន​ឧស្សាហកម្ម​អាចធ្វើ​ការពិចារណា​។

វគ្គ​នេះ​ក៏​អាច​ត្រូវបាន​ផ្តល់ជូន​ដោយ​គ្រូ​បង្គោល​ក្នុងស្រុក​ដែល​ត្រូវបាន​ទទួលស្គាល់​ដើម្បី​ណែនាំ​ដល់​អ្នកផ្គត់ផ្គង់​តាមរយៈ​វគ្គ​នេះ​ ដើម្បី​ទទួលបាន​បទពិសោធ​សិក្សា​ដ៏ទូលំទូលាយ​៕