ភ្នំពេញៈ គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ​(ICRC) ​ផ្ដល់​សម្ភារ​សិក្សា​ចាំបាច់ ​និង​ថវិកា​ដល់​កុមារ​ដែល​មាន​ពិការភាព​រង​ផល​ប៉ះពាល់​ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ​លើក​ទី២ ​ចំនួន​ ៥៧ នាក់ ​នៅ​សាលា​បឋមសិក្សា ​និង​មធ្យម​សិក្សា​មកពី​ខេត្ដ​បាត់ដំបង ​និង​ខេត្ដ​មួយចនួន​ទៀត ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការសិក្សា ​និង​គ្រួសារ​របស់​ពួកគេ​ក្នុង​ពេល​ចូល​រៀនវិញ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ​ICRC ​ថ្ងៃទី ១៩​ តុលា ​បាន​ឱ្យដឹងថា ​ពិធី​ប្រគល់​សម្ភារ​សិក្សា​ចាំបាច់ ​និង​ថវិកា​ដល់​កុមារ​ដែល​មាន​ពិការភាព ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ក្នុង​ខេត្ត​បាត់ដំបង ​ដោយ​មាន​ការចូលរួម​ពី​សិស្ស ​ចំនួន​ ៥៧ នាក់ ​មក​ពី​ខេត្ត​បាត់ដំបង ​និង​ខេត្ត​មួយចំនួន​ទៀត។

ICRC ​បាន​ឱ្យដឹងថា ​សិស្ស​ម្នាក់ៗ​ទទួល​បាន​កាបូប​ស្ពាយ ​សៀវភៅ ​សម្ភារ​សិក្សា ​និង​កង់ ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​ទៅ​សាលា​រៀន ​និង​ថវិកា​ចំនួន ៥០ ដុល្លារ​បន្ថែម ​សម្រាប់​ជួយ​ពួកគេ ​និង​គ្រួសារ​របស់​ពួកគេ ​ក្នុង​ការរួមចំណែក​នៃ​ការរង​នូវ​ផលប៉ះពាល់​ពី​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក​ស្រី ​Dena Fisher ​តំណាង​បេសកកម្ម​តំបន់​មេគង្គ​របស់ ​ICRC ​លើកឡើង​ថា ​ការឧបត្ថម្ភ​សម្ភារ​សិក្សា ​គឺជា​ផ្នែក​មួយ​នៃ​ការប្ដេជ្ញា​ចិត្ត​របស់​ICRC​ ក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន​សង្គម​សម្រាប់​ជន​ពិការ។​ លទ្ធភាព​ក្នុង​ការទទួល​បាន​ការអប់រំ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ​ ជាពិសេស​បច្ចុប្បន្ន​​ថ្នាក់​រៀន​ត្រូវបាន​ផ្អាក​ជាយូរ​មក​ហើយ​ដោយ​សារ​កូវីដ១៩។

លោកស្រី​ថ្លែងថា​៖ «ការឧបត្ថម្ភ​និង​ការគាំទ្រ​របស់​យើង​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការរួម​ចំណែក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​​ការជួយ​ជន​ដែល​មាន​ពិការភាព​រាប់​ពាន់​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ឱ្យ​ទទួលបាន​នូវ​ការចល័ត​និង​ការធ្វើ​សមាហរណកម្ម​ឡើង​វិញ​ទៅ​ក្នុង​សង្គម»។

លោកស្រី​បញ្ជាក់ថា​៖ «ទោះបីជា​មាន​បញ្ហា​ប្រឈម​ក៏ដោយ​យើង​បានខិតខំ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​ ដើម្បី​ធានា​បានថា ​ផ្នែក​ផ្សេង​ទៀត​នៃ​កម្មវិធី​បរិយាប័ន្ន​សង្គម​របស់ ​ICRC ​អាចបន្ត​ដូចជា​ការផ្ដល់​ជំនួយ​សម្រាប់​ជនពិការ​ក្នុង​ការចាប់​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ជាដើម»។

លោក​កែវ ផល្លា ​មន្ត្រី ​ICRC ​នៅ​កម្ពុជា​បានលើក​ឡើង​ថា ​ជំនួយ​ឧបត្ថម្ភ​នេះ​នឹង​រួមចំណែក​ជួយដល់​សិស្ស​ដែល​មាន​ពិការភាព​ឱ្យ​ត្រឡប់​ទៅ​សាលារៀន​វិញ​នៅ​ពេលដែល​សាលារៀន​បាន​ចាប់ផ្ដើម​ដំណើរការ​ជាធម្មតា។

លោក​ថ្លែងថា​៖ «យើង​ទាំងអស់​គ្នា​បានដឹង​ថា ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​តំបន់​ជនបទ​បានរង​ផល​ប៉ះពាល់​ ដោយ​វិបត្តិ​នេះ​យ៉ាង​ខ្លាំង។​ រឿង​ដ៏​កក់ក្តៅ​បំផុត​មួយ​ ដែល​ខ្ញុំ​ដឹង​ គឺ​យើង​បានធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ យើង​បានដើរ​តួនាទី​សំខាន់​ក្នុង​ការបំពេញ​បំណង​ប្រាថ្នា​របស់​កុមារ ​ដែលចង់​រៀន​សូត្រ ​ដែល​ពួកគេ​បាន​បង្អាក់​ដោយ​គ្រា​លំបាក​ដែល​យើង​ជួប​ប្រទះ​ដូច​សព្វថ្ងៃ​នេះ»។

បើ​តាម ​ICRC ​នេះ​គឺជា​ការឧបត្ថម្ភ​ជា​លើក​ទី២ ​បន្ទាប់ពី​ការឧបត្ថម្ភ​លើក​ទី១ ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ៤ ​តុលា ​នៅ​មជ្ឈមណ្ឌល​ស្ដារ​កាយ​សម្បទា​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដោយ​មាន​សិស្ស​ចំនួន​ ៤០ នាក់ ​ជាអ្នក​ជំងឺ​ដែល​បាន​ចុះឈ្មោះ​នៅ​មណ្ឌល។ ពួកគេ​បានទទួល​សម្ភារ​សិក្សា​ដើម្បី​ត្រឡប់​ទៅ​សាលា​រៀន​វិញ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​ICRC ​បានចាប់​ផ្ដើម​កម្មវិធី​ស្តារ​លទ្ធភាព ​ពលកម្ម​ កាយសម្បទា ​នៅ​ឆ្នាំ ១៩៩១ ​ដើម្បី​ជួយ​ដល់​សហគមន៍​ដែលរង​ផល​ប៉ះពាល់​ដោយ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ICRC ​បានបន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា​ ក្នុង​ការគាំទ្រ​ដល់​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​ផ្នែក​ឆ្អឹង​នៅ​ភ្នំពេញ ​និង​មណ្ឌល​ស្ដារ​កាយសម្បទា​ខេត្ត​បាត់ដំបង ​និង​កំពង់ស្ពឺ​ ដែល​ផ្តល់​សេវាកម្ម​នៅ​ទូទាំង​ខេត្ត​ចំនួន ៧ ​ក្នុងប្រ​ទេស​កម្ពុជា។

ICRC​ឱ្យដឹង​ថា​មនុស្ស​ជិត​១១ ០០០នាក់​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ដែល​ផ្តល់​នៅ​មជ្ឈមណ្ឌល​ទាំងនោះ​ជារៀងរាល់​ឆ្នាំ ​ខណៈមកដល់​ពេល​នេះ ​នៅ​តែ​មានអ្នក​ជំងឺ​ថ្មី ​ដែល​រងរបួស​ដោយសារ​គ្រាប់មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ បច្ចុប្បន្ន​សេវាកម្ម​នេះ ​ក៏​ត្រូវបាន​ផ្តល់​ជូន​ដល់​ជន​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ជំងឺ​និង​របួស​ដោយ​ចៃដន្យ​ផ្សេង​ទៀត​ផង​ដែរ។

លោក ​យៀប ម៉ាលីណូ ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ​នៃ​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា ​ថ្លែង​នៅ​ថ្ងៃទី ២០ ​តុលា​ថា​ បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​មាន​កុមារ​ពិការភាព​ជាង​ ៥ ម៉ឺន​នាក់ ​ក្នុងនោះ​កុមារ​ពិការភាព​ជាង​ ៦ ពាន់​នាក់ ​កំពុងតែ​សិក្សា​នៅក្នុង​សាលា​អប់រំ​បញ្ចូល​គ្នា ​និង​សាលា​អប់រំ​ពិសេស។

លោក​ថ្លែងថា​៖«សម្រាប់​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ​មាន​អង្គការ​ដៃគូ​ច្រើន​ក្នុង​ការសហការ ​ការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ ​កុមារ​មាន​ពិការភាព។ ប៉ុន្ដែ​ក្នុង​នោះ ​ICRC ​គឺជា​អង្គការ​ដៃគូ​យុទ្ធសាស្រ្ដ​មួយ​ដែល​បានជួយ​ដល់​ប្រជាពលរដ្ឋ ​និង​កុមារ​មាន​ពិការភាព​នៅក្នុង​ខេត្ដ​បាត់ដំបង ​និង​កំពង់ស្ពឺ ​លើ​ការស្ដារ​លទ្ធភាព​ពលកម្ម ​និង​កាយសម្បទា​ឡើង​វិញ»។

លោក​ឱ្យដឹង​ថា ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ​បានសហការ​ជាមួយ​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ ​សម្រាប់​សម្រួល​ដល់​កុមារ​ពិការភាព​ឱ្យ​ទទួល​បាន​ការអប់រំ។ ក្រៅពី​នេះ ​ក៏មាន​ការគាំទ្រ​ជំនួយ​សង្គម ​តាមរយៈ​កញ្ចប់​គាំទ្រ​ជំនួយ​សង្គម​ជាច្រើន ​ដូចជា​កម្មវិធី​ថែទាំ ​ការថែទាំ​ជំនួស​ដោយ​ឪពុក​ម្ដាយ​ធម៌​ដល់​កុមារ​មាន​ពិការភាព​ផង​ដែរ៕