បាត់ដំបងៈ តុលាការ​កំពូល​​កាល​ពីថ្ងៃ​ទី ២​០​ ខែតុលា​ បា​ន​យក​សំណុំ​រឿង​ ឃាត​កម្ម​ប្ដី​សម្លាប់​ប្រពន្ធ​ មក​ជម្រះ តាមប​ណ្ដឹង​សារទុក្ខ ក្រោយ​ពី​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់​ដំបង​ ប្រកាស​ឱ្យ​ជា​ន​ជាប់​ចោទ រួ​ច​ផុត​ពីការ​ចោទ​ប្រកាន់​ពីបទ​ចោទ​ជាប់​ពន្ធ​នា​គារ។​

លោក​ចៅក្រម​ ឃឹម ប៊ុណ្ណ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​ឱ្យដឹង​ថា ជ​នជាប់​ចោទ​ឈ្មោះ​ ព្រំ​សួស សំណាង អាយុ​ ៣៤​ ឆ្នាំ ​​ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ អូន ចន្ថា អាយុ ​២៥ ​ឆ្នាំ​ ជា​គ្រូបង្រៀន​សាលា​ម​ត្តេ​យ្យ​នៅ​ភូមិ​អំពិល​លើ​ឃុំ​សំឡូត ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។ នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ ​ជនជាប់ចោទ​និយាយប្រាប់​ចៅក្រម​ជំនុំជម្រះ​ថា​គាត់​មិនបាន​សម្លាប់​ប្រពន្ធ​របស់គាត់​ទេ​។ ​ព្រោះ​នៅ​ចន្លោះ​ម៉ោង ​១០ ​ទៅ​ ១១ ​ព្រឹក​គាត់​កំពុង​មើល​កូនតូច​របស់គាត់​។

ជ​ន​ជាប់​ចោទ​ថា​៖ «​ខ្ញុំ​សូម​តុលាការ​កំពូល​រក​យុត្តិធម៌​សម្រាប់​ខ្ញុំ​និង​សព​ប្រពន្ធ​ខ្ញុំ​ផង​»​។

នៅ​ថ្ងៃទី​ ១៦ ខែ ធ្នូ ឆ្នាំ​ ២០១៩ ​ស្ត្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ព្រៃ​ក្នុងភូមិ​បឹង​រុន ឃុំ​-​ស្រុក​សំឡូត ខេត្តបាត់ដំបង​។​នៅ​ទីកន្លែង​កើតហេតុ​គេ​បានឃើញ​សម្ភារបង្រៀន​របស់​ស្ត្រី​រងគ្រោះ​រាយប៉ាយ​នៅ​ជុំវិញខ្លួន​ជាមួយ​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ​ ១​ គ្រឿង​ផង​។ ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​ ១៨ ​ខែ តុលា​​ ​ឆ្នាំ ២០២១​ ​សមត្ថកិច្ច​ចាប់ខ្លួន​ប្តី​របស់​ស្ត្រី​រងគ្រោះ​(​ជនជាប់ចោទ​) ​​ព្រោះ​មូលហេតុ​នៃ​ការសម្លាប់​នោះ​ គឺ​ដោយ​សារ​ជន​ជាប់​ចោទ​​​ប្រចណ្ឌ​​នឹង​ស្ត្រី​រងគ្រោះ​ជាមួយ​បុរស​ដែលជា​សង្សារ​ចាស់​របស់​នាង​។

គួរ​រំឭ​ក​ថា​ ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្តបាត់ដំបង​បើកស​វនា​ការ​​ជំនុំ​ជម្រះ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១ ​កក្កដា ​ឆ្នាំ​ ២០១៩ ​ផ្តន្ទា​ទោស​ឈ្មោះ​ ព្រំ​សួស​ សំណាង ​ដាក់​ពន្ធនា​គារ​១​ជីវិត​ក្នុង​បទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​ ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​​តំបន់​ខេត្ត​បាត់​ដំបង​។

សាលា​ឧទ្ធរណ៍​បាន​បើក​សវនាកា​រ​​ជំនុំ​ជ​ម្រះ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៩ មករា ​ឆ្នាំ​ ២០២១​ សម្រេច​ដោះ​លែង​ជនជាប់​ចោទ​។​​

បើ​តាម​អង្គ​ហេតុថា ​ការដែល​សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​នេះ​ដោយ​សំអាងថា ​ស្ត្រី​រងគ្រោះ​ចេញពី​បង្រៀន​ក្មេង​នៅ​ចន្លោះ​ម៉ោង ​១០​ ទៅ​ម៉ោង ​១១​ ព្រឹក ​ប៉ុន្តែ​បាត់​មិន​ឃើញ​ទៅផ្ទះ​។​ ចំណែក​ជនជាប់ចោទ​នៅ​ចន្លោះ​ពេលនោះ​ក៏​កំពុង​មើល​កូនស្រី​អាយុ​ ២ ​ខួប​ របស់​ស្ត្រី​រងគ្រោះ​ដែរ​។ ​ដូច្នេះ​ជនជាប់​ចោទ​​គ្មាន​ពេល​ទៅ​សម្លាប់​ជន​រងគ្រោះ​​កើត​ទេ​។ អង្គ​ហេតុ​បង្ហាញ​ថា​ការដែល​សាលាឧទ្ធរណ៍​ដោះលែង​ជនជាប់​ចោទ​នេះ​ធ្វើឱ្យ​ម្តាយ​បង្កើត​របស់​ស្ត្រី​រងគ្រោះ និង​អគ្គព្រះ​រា​ជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ខេត្តបាត់ដំបង​មិន​សុខចិត្ត​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទៀត​។

លោក​ ឌុ​ច គឹម​សន តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា​ លោក​បាន​សិក្សា​អង្គ​ហេតុនេះ​ឃើញថា​សំណុំ​រឿងនេះ​នៅ​មិន​ច្បាស់លាស់​ត្រង់​ពេលវេលា​។ ព្រោះ​ដោយសារ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនជាប់ចោទ​បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​សេព​គ្រឿងញៀន​។​ដូច្នេះ​ទើប​មានការ​ពាក់ព័ន្ធ​នឹង​ពេល​ម៉ោង​ដែល​ជនជាប់​ចោទ​ចេញពីផ្ទះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ស្នើ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​បង្វិល​សំណុំរឿង​ទៅ​សាលា​ឧទ្ធរណ៍​បាត់ដំបង​ដើម្បី​ស៊ើប​ឡើងវិញ​»​។

ទោះយ៉ា​ងណា​ បើ​តាម​លោក​ លី សុ​វណ្ណា ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់​ចោទ​បាន​សន្និដ្ឋាន​ថា​ នៅ​ចន្លោះ​ម៉ោង ​១០​ ទៅ ​១១ ​ព្រឹក​ ថ្ងៃទី​ ១៦ ​ធ្នូ​ ឆ្នាំ​ ២០១៩​ គឺ​កូនក្តី​របស់លោក​នៅផ្ទះ​មើល​កូន​របស់​គាត់​។​លុះ​ម៉ោង​ជាង​​ ១១ ​​ព្រឹក​ដោយ​មិនឃើញ​កូនស្រី​ត្រឡប់មកផ្ទះ​ម្តាយ​របស់​ស្ត្រី​រងគ្រោះ​បានឱ្យ​ជនជាប់ចោទ​ទូរ​ស័​ព្ធ​ទៅ​ប្រពន្ធ​ហៅចូល​តែ​គ្មាន​អ្នក​លើក​។

​លុះ​ក្រោយមក​ទើប​គេ​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​នៅតាម​ផ្លូវ​ក្នុងព្រៃ​។

លោក​ប្រាប់​ដល់​អង្គជំនុំជម្រះ​ថា​៖ «​ខ្ញុំ​សូម​តុលាការ​ដោះលែង​កូនក្តី​ខ្ញុំ​វិញ​ ព្រោះ​គាត់​មិនបាន​សម្លាប់​ប្រពន្ធ​គាត់​ទេ​។​ ខ្ញុំ​ស្នើ​ក្រុមប្រឹក្សា​កុំ​បង្វិល​ទៅ​សាលាឧទ្ធរណ៍​វិញ​អី​ព្រោះ​រឿងនេះ​ចៅក្រម​សាលាឧទ្ធរណ៍​បាត់ដំបង​ស៊ើប​ល្អិតល្អន់​ហើយ​»​។ ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម​ឃឹម ប៊ុន​ថ្លែងថា ​សាលដីកា​រឿងនេះ​ប្រកាស​នៅ​ថ្ងៃទី ​៣ ​វិច្ឆិកា​៕​