ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ​ បញ្ជូន​ទៅ​តុលាការនា​ថ្ងៃទី ២០ ​តុលា​នេះ ​ពាក់ព័ន្ធ​នឹង​ការវាយ​សម្លាប់​មន្ត្រី​យោ​ធា​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា​ម្នាក់ ​កាលពី​ថ្ងៃទី ១៨ ​តុលា ​នៅ​ភូមិ​ស្រអែម​ខាងជើង ​ឃុំ​ស្រអែម ​ស្រុក​ជាំក្សាន្ត។

លោក ​បូរ៉ា ផុន ​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ស្រុក​ជាំក្សាន្ត ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២០ ​តុលា​ថា ​ជនសង្ស័យ ​ឈ្មោះ​ នួន វ៉ាន ​ភេទ​ប្រុស​ អាយុ​ ៤៣ ឆ្នាំ ​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ​នៅ​ថ្ងៃទី ២០ ​តុលា​ហើយ។

លោក​ថ្លែងថា​៖ «ខ្ញុំ​ដឹង​ថា ​ជន​សង្ស័យ​ម្នាក់​នោះ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ​ហើយ ​(ថ្ងៃ​ទី ២០​ តុលា)»។

លោក​បន្តថា ​ជន​រងគ្រោះ​ឈ្មោះ​កែវ ជាថា ​ភេទប្រុស ​អាយុ ​៤៧ ឆ្នាំ។ ទាំង​ជនរងគ្រោះ ​ទាំង​ជនសង្ស័យ ​បម្រើការ​នៅ​វរសេនា​តូច​អន្តរា​គមន៍​លេខ​ ៣៧១ ជាមួយ​គ្នា។

ជុំវិញ​បញ្ហា​នេះ​លោក​ បូរ៉ា ផុន ​មិនបាន​ប្រាប់​លម្អិត​ពី​ហេតុការណ៍​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​លោក​ ហ៊ុយ សុផុន ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រអែម​ដែល​លោក​ទទួល​បាន​របាយការណ៍​អំពី​ករណី​ឃាតកម្ម​នេះ​ដែរ​នោះ ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២០​ តុលា​ថា ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី ១៨​ តុលា ​ជន​សង្ស័យ​បាន​ផឹក​ស្រា​ជាមួយ​ជនបង្ក ​រហូត​ដល់​ស្រវឹង​រៀៗ​ខ្លួន។ ពេល​នោះ​ពួកគេ​ក៏​ទាស់​ពាក្យ​សម្តី​គ្នា ​ហើយ​បន្ទាប់ពី​ឈ្លោះ​គ្នា​រួច ​ជនរង​គ្រោះ​បាន​ទៅដេក​ក្នុង​អង្រឹង។ ខណៈ​កំពុង​ដេក​នោះ ​ជនសង្ស័យ​បានយក​កំណាត់​ឈើ​ប្រវែង​ប្រហែល​៨តឹក ​វាយ​ចំ​មុខ​ជន​រងគ្រោះ​រហូត​ស្លាប់​នៅ​ក្នុង​អង្រឹង​តែ​ម្តង។

លោក​បញ្ជាក់​ថា ​ក្រោយ​បង្កហេតុ ​ជនសង្ស័យ​មិនបាន​រត់គេច​ខ្លួន​ទៅ​ណា​ទេ ​ពេលនោះ​ខាង​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ជាំក្សាន្ត​ក៏​ចុះ​ចាប់​ខ្លួន​ភ្លាមៗ​តែ​ម្តង៕

វីដេអូ៖