ភ្នំពេញៈ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ២០ តុលា បាន​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ថ្មី​ប្រចាំ​ប្រទេស​រយៈពេល​ ៥ ​ឆ្នាំ​ (២០២១-២០២៦) ​លើក​ទី​៤ ក្រោម​ប្រធានបទ​ «២,៥ លាន​ហេតុផល​» ​និង​អបអរ​ទិវា​កុមារី​អន្តរជាតិ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​រក្សា​នូវ​ការផ្តល់​ប្រយោជន៍​ដល់​ក្មេងស្រី​ និង​ស្ត្រី​វ័យក្មេង​ ២,៥ ​លាន​នាក់​នៅ​កម្ពុជា​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន អង្គការ​នេះ​បានឱ្យ​ដឹងថា ប្រធានបទ​ថ្មី​ចម្បង​របស់​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស គឺ​ ២,៥ ​លាន​ហេតុផល ​ដើម្បី​រក្សា​ឱ្យបាន​តាម​មហិច្ឆតា​ខ្លួន ដោយ​ផ្តល់​ប្រយោជន៍​ដល់​ក្មេងស្រី​ និង​ស្ត្រី​វ័យក្មេង​ ២,៥ ​លាន​នាក់ ក្នុង​នោះ​ប្រហែល​ ១ ​លាន​នាក់​ដោយផ្ទាល់​ និង​ ១,៥ ​លាន​នាក់​ដោយ​ប្រយោល​។

អង្គការ​ភ្លែន​ចង់ឱ្យ​មាន​កិច្ចសហការ​ដើម្បី​ផ្តល់​អំណាច​ដល់​ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង នៅក្នុង​ភាពចម្រុះ​របស់​ពួកគេ​ដើម្បី​ឱ្យមាន​សំឡេង និង​គាំទ្រ​ពួកគេ ក្នុង​ការទទួល​បាន​ចំណេះដឹង ជំនាញ​ និង​ទំនុកចិត្ត​ដែល​ពួកគេ​ត្រូវការ​ដើម្បី​សម្រេច​បាន​នូវ​សិទ្ធិ និង​ឈានដល់​សក្តានុពល​ពេញលេញ​របស់​ពួកគេ​។

លោកស្រី​ គ្វីន នេតវ៉ង ​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ថ្លែងថា​៖ «​ដើម្បី​ពង្រីក​អន្តរាគមន៍​ និង​ជំរុញ​ឱ្យ​គោលបំណង​របស់​យើង​កាន់តែ​ទទួល​បាន​ជោគជ័យ​បន្ថែមទៀត លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​លើក​មុន នៅថ្ងៃនេះ​យើង​កំពុងតែ​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ “​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ថ្មី​ ២,៥ ​លាន​ហេតុផល (២០២១-២០២៦)” ជាមួយ​គ្នា​»​។

លោកស្រី​ថ្លែងថា​៖ «​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ អង្គការ​ភ្លែន​អន្តរជាតិ​នឹង​បន្ត​មហិច្ឆតា​របស់ខ្លួន​ក្នុង​ការលើកកម្ពស់​សិទ្ធិកុមារ​ និង​សមភាព​ក្មេងស្រី ក្នុង​ប្រទេស​កម្ពុជា​»​។ អង្គការ​នឹង​សហការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើន​រួមមាន​កុមារ​ និង​យុវជន​ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិអំណាច​របស់​ក្មេងស្រី ២,៥ ​លាន​នាក់ ជាពិសេស​ក្មេងស្រី​វ័យ​ជំទង់​ និង​ស្ត្រី​វ័យក្មេង​។

យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ ៥ ​ឆ្នាំ​លើក​ទី​៤ ​របស់​អង្គការ​នេះ មាន​កម្មវិធី​យុទ្ធសាស្ត្រ​ចំនួន​ ៤ ​រួមមាន​ទី​១ ការចាប់ផ្តើម​ជាមួយ​សុខភាព​ល្អ គឺ​ការរួមបញ្ចូល​កម្មវិធី​អាហារូបត្ថម្ភ កម្មវិធី​ការគាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច និង​ទឹកស្អាត​ និង​អនាម័យ ដើម្បី​ធានាថា ក្មេងស្រី​ និង​ក្មេងប្រុស​មាន​ការចាប់ផ្តើម​ដោយ​យុត្តិធម៌ នៅក្នុង​ជីវិត​ និង​អាច​ធ្វើការ​ជ្រើសរើស​ដោយ​សេរី និង​ព័ត៌មាន​អំពី​រាងកាយ​របស់​ពួកគេ​។

ទី​២ ​កិច្ចការពារ​ជំនាន់​ថ្មី គឺ​ផ្តោតទៅលើ OCSE អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា CEFM កុមារ​ដែល​ទុកចោល​រួមទាំង​កម្មវិធី​ឆ្លងដែន​ ដើម្បី​រក្សា​កុមារ​ជាពិសេស​ក្មេងស្រី​ និង​យុវជន​ឱ្យមាន​សុវត្ថិភាព​។ ទី៣ ការរៀន​មួយជីវិត​ដោយ​ផ្តោតលើ IQE ការអភិវឌ្ឍ​ជំនាញ និង​ជំនាញ​ជីវិត​រួមទាំង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ដើម្បី​ធានាថា កុមារ​ជាពិសេស​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​ទទួល​បាន​ចំណេះដឹង​ជំនាញ និង​ទំនុកចិត្ត​ដែល​ពួកគេ​ត្រូវការ ដើម្បី​សម្រេចបាន​នូវ​សិទ្ធិ​របស់​ពួកគេ និង​ឈានដល់​សក្តានុពល​ពេញលេញ​។

ទី​៤ ​ភាព​ដឹកនាំ​របស់​ក្មេងស្រី គឺ​ការពង្រឹង​សមត្ថភាព និង​ភាពជា​អ្នកដឹកនាំ​ភាព​ជា​ពលរដ្ឋ​សកម្ម និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ធានាថា ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​មាន​ចំណេះដឹង​ជំនាញ​ និង​ទំនុកចិត្ត​ ដើម្បី​ជោគជ័យ​។

លោកស្រី​ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី លើក​ឡើងជា​អនុសាសន៍ និង​សេចក្ដី​សន្និដ្ឋាន ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ​ថា រាជរដ្ឋាភិបាល តាមរយៈ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ និង​ផែនការអភិវឌ្ឍន៍​ជាតិ ២០១៩- ២០២៣ បានកំណត់​តម្លៃ និង​សារៈសំខាន់​ក្នុង​ការលើក​កម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើត​ភាពអង់អាច​ស្ដ្រី និង​ក្មេងស្រី​គ្រប់រូប ជាពិសេស​តាមរយៈ​ការពង្រឹង​សមភាព​យេនឌ័រ​នៅ​គ្រប់​វិស័យ គ្រប់​កម្រិត និង​ការពង្រឹង​តួនាទី​ស្ដ្រី និង​ក្មេងស្រី​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។

ផ្អែកលើ​មូលដ្ឋាន​នេះ​ និង​ផ្សារភ្ជាប់​ជាមួយ​នឹង​គោល​ការគ្រឹះ​នៃ​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ​ជាតិ កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដោយ​មិន​ទុក​អ្នកណាម្នាក់​ឱ្យនៅ​ឯកោ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការប្រកាស​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ថ្មី​ប្រចាំ​ប្រទេស​រយៈពេល ៥ ឆ្នាំ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​នេះ គឺជា​តម្លៃ​ដ៏ចាំបាច់​ និង​ដែល​មាន​សារៈសំខាន់​មួយ​ក្នុង​ការឆ្លើយតប​ទៅនឹង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​នានា ពិសេស​គឺ​ផែនការ​យុទ្ធសាស្ដ្រ​នារីរតនៈ​ទី​ ៥ របស់​ក្រសួង​កិច្ចការនារី ក៏ដូចជា​ការលើកកម្ពស់​ស្ថានភាព ជីវភាព និង​ភាពអង់អាច​របស់​ស្ដ្រី និង​ក្មេងស្រី​នៅក្នុង​សង្គម​យើង​ផងដែរ​»​។

កុមារី ថន ជេដ្ឋានី ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​នេះ​និយាយថា​៖ «​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ ខ្ញុំ​ពិតជា​ចង់ឃើញ​ក្មេងស្រី​ជាច្រើន​មាន​សុខភាព​ល្អ​តាំងពី​តូច​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព ទទួល​បាន​ការការពារ​ពេញលេញ និង​បំពេញបាន​នូវ​សក្ដានុពល​របស់​ពួកគេ ដើម្បី​ក្លាយជា​បុគ្គល​មួយរូប​មាន​សិទ្ធិអំណាច​ផ្នែក​សេដ្ឋកិច្ច មាន​សិទ្ធិ​សម្រេចចិត្ត​លើ​រូបរាងកាយ​របស់ខ្លួន និង​ក្លាយជា​ពលរដ្ឋ​សកម្ម​នៅក្នុង​សហគមន៍​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ ២០២១ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​ចំនួន​ ៥ គឺ​កម្មវិធី​អាហារូបត្ថម្ភ កម្មវិធី​ថែទាំ និង​អភិវឌ្ឍន៍​កុមារ​តូច កម្មវិធី​ទឹកស្អាត​ និង​អនាម័យ កម្មវិធី​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កុមារា​កុមារី និង​កុមា​រវ័យជំទង់ ដែល​បោះបង់ចោល​ការសិក្សា និង​កម្មវិធី​កិច្ចការពារ​កុមារ​៕