រតនគិរី/ស្ទឹងត្រែងៈ ជំនន់​ទឹក​ទន្លេស្រែពក​ និង​ទន្លេសេសាន​ក្នុង​ខេត្ត​រតនគិរី​បាន​ស្រក​ចុះ​បន្តិច​វិញ នៅ​ថ្ងៃទី​ ២០ ​ខែតុលា ឆ្នាំ​ ២០២១ ប៉ុន្តែ​បាន​ធ្វើឱ្យ​កម្ពស់​ទឹកទន្លេ​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ដែល​មន្ត្រី​អំពាវនាវ​ប្រុងប្រយ័ត្ន ខណៈ​​កម្រិត​ទឹក​នេះ​ធ្វើឱ្យប៉ះពាល់​ដីស្រែ​ចម្ការ និង​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​ក្នុង​ឃុំ​ចំនួន​ ២ ​នៃ​ស្រុក​សេសាន​។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុក​សេសាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ជន់លិច​នៅ​ខេត្តរតនគិរី នៅពេល​នេះ​ទឹកទន្លេ​ទន្លេស្រែពក​ និង​ទន្លេសេសាន​បាន​បន្ត​ជន់​ឡើង​​មក​ផ្នែក​ខាងលើ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ និង​បន្ត​មក​ជន់លិច​លំនៅឋាន​របស់​ពលរដ្ឋ​នៅក្នុង​ឃុំ​ក្បាល​រមាស​ និង​នៅ​ឃុំ​តាឡាត​នៃ​ស្រុក​សេសាន​ខេត្តស្ទឹងត្រែង​ថែមទៀត​។ មិនតែប៉ុណ្ណោះ​បាន​ជំរុញ​ឱ្យ​កម្ពស់​ទឹកទន្លេ​សេកុង​ស្ទុះ​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ដែល​​គិត​ត្រឹម​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃទី ​២០ ​ខែតុលា កម្ពស់​ទឹក​នៅ​ទីនោះ​បាន​ហក់​ឡើងដល់ ១១,១២ ​ម៉ែត្រ កើន​លើសពី​ថ្ងៃទី​ ១៩ ខែ​​តុលា ០,៤៨ ​ម៉ែត្រ ខណៈ​កម្រិត​ប្រកាសអាសន្ន​ទឹក​មាន​កម្ពស់​ ១១,៥០ ​ម៉ែត្រ​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​​នេះ​ទឹកបាន​ជន់លិច និង ប៉ះពាល់ ដីស្រែ​ចម្ការ​ជិត​ ២០០ ​ហិកតា ផ្លូវលំ​ជនបទ ៤ ៥០០ ​ម៉ែត្រ ​ស្ពាន​ ១០ ​កន្លែង លូ​ ៩ ​កន្លែង និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលរមាស និង​ឃុំ​តាឡាត សរុប​ជាង​ ១០០ ​ខ្នង​ផ្ទះ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​មាន​ការជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ​» ។

ទោះជា​បែបណា​ក៏ដោយ​លោក ពិសេដ្ឋ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​រដ្ឋបាល​ស្រុក​សេសាន ត្រៀម​មធ្យោបាយ និង​សម្ភារ ព្រមទាំង​ស្បៀង​បម្រុង​ ដើម្បី​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ទៅកាន់​ទីទួល​សុវត្ថិភាព​ឱ្យបាន​ទាន់ពេល​​វេលា​។ ទន្ទឹមនឹងនេះ​លោក​ក៏​​បាន​រំឭក​ពលរដ្ឋ​ឱ្យ​ត្រៀម​មធ្យោបាយ​ដូចជា​ទូក កាណូត​ និង​មើលថែ​កូនចៅ​កុមារ​តូចៗ​មនុស្ស​វ័យ​​ចំណាស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ផងដែរ​។

នៅពេល​នេះ​ជំនន់​ទឹកទន្លេ​ស្រែពក និង​ទន្លេសេសាន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​ជាង ២ ០០០ ​គ្រួសារ ដែល​រស់នៅ​ទី​ទំនាប​ជាប់​មាត់ទឹក​នៃ​ភូមិសាស្ត្រ​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ខេត្តរតនគិរី ក្នុងនោះ​​មាន​ពលរដ្ឋ​ចំនួន ២៣៦ ​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ជាមួយនេះ​ក៏​ប៉ះពាល់​ដល់​ដីស្រែ​ពលរដ្ឋ​សរុប​ចំនួន ១ ៨៤៤ ​ហិកតា និង​ផ្ទៃដី​ចម្ការ​សរុប​ចំនួន ៥១៨ ​ហិកតា​ទៀត​។ ​នេះ​បើតាម លោក គិត ទ្រី អភិបាលរង​ខេត្ត​រតនគិរី​​កាលពី​រសៀល​ថ្ងៃទី​ ២០ តុលា​។

លោក គិត ទ្រី បានឱ្យដឹងថា​ពេលនេះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក និង​ទន្លេសេសាន​បាន​ស្រក​ចុះ​ជា​បណ្ដើរៗ ហើយ ប៉ុន្តែ​ស្ថិតនៅលើ​កម្រិត​ប្រកាស​​អាសន្ន​នៅឡើយ​។ ក្នុងនោះ​កម្ពស់​ទឹក​ទន្លេសេសាន​នៅ​ស្ថានីយ​កាចូន​បាន​ស្រក​ចុះមក​នៅត្រឹម​ ៨,៧០ ​ម៉ែត្រ ដែល​កម្រិត​​ប្រកាស​អាសន្ន​មាន ៨,៥០ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹកទន្លេ​​ស្រែពក​បាន​ស្រក​ចុះមក​នៅត្រឹម ១៣,៧០ ​ម៉ែត្រ​ដែល​កម្រិត​ប្រកាសអាសន្ន​មាន​ ១២,៥០ ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​យោងតាម​ស្ថានភាព​អាកាសធាតុ និង ស្ថានភាព​កម្ពស់​ទឹកទន្លេ​ទាំង​ ២ ​នាពេលនេះ យើង​រំពឹងថា គ្រោះទឹកជំនន់​នេះ​នឹង​មិន​បង្ក​ការខូចខាត​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នោះឡើយ​»​។

ទោះជា​យ៉ាងនេះ​ក្ដី លោក គន់ គីម អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១ បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តរតនគិរី ដោយ​បាន​ផ្ដល់​​ជំនួយ​សង្គ្រោះ​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​បានមក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ទាំងអស់​ដោយ​ក្នុង​ ១ ​គ្រួសារ​បាន​អង្ករ​ ៥០ ​គីឡូក្រាម ទឹកត្រី និង​ទឹកស៊ីអ៊ីវ សរុប​ ២ ​យួរ និង​កញ្ចប់ឃីត​ចំនួន ២​។

ក្នុងឱកាស​នោះ​លោក​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ត្រៀម​បម្រុង និង​មាន​វិធានការ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា និង​​ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យនៅ​កម្រិត​ទាប​បំផុត ដោយ​ផ្តោត​ជា​អាទិភាព​ខ្ពស់​ចំពោះ​អាយុជីវិត​មនុស្ស​។

ពាក់ព័ន្ធ​នឹង​ការផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​គ្រួសារ​ជនរងគ្រោះ​​ដោយ​ទឹកជំនន់​នេះដែរ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​​ក្រោម​ការគាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ (giz) ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​សហរដ្ឋ​អាមេរិក​ (USAID) ​បានសម្រេច​ផ្តល់​ថវិកា​ដល់​ពលរដ្ឋ​រងគ្រោះ​​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ ១១ ០០០ ​គ្រួសារ​ (​មួយ​ម៉ឺន​មួយ​ពាន់​គ្រួសារ​) ​សម្រាប់​រយៈពេល​ ៣ ​ខែ​ ដែល​មាន​​ថវិកា​សរុប​ប្រមាណ​ ៥ ២៨០ ​លាន​រៀល (​ប្រាំ​ពាន់ពីររយ​ប៉ែតសិប​លាន​រៀល​) ឬ​ស្មើនឹង​ ១,៣២ ​លាន​ដុល្លា​អាមេរិក​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២១​។

បើតាម​របាយការណ៍​នោះ ក្រៅពី​ការផ្តល់​ជំនួយ​ជា​សាច់ប្រាក់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក៏​កំពុង​បន្ត​សហការគ្នា​ ដើម្បី​ពង្រឹង​សកម្មភាព​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​​ផងដែរ​។ ​ក្នុងនោះ​មាន​ការពង្រឹង​សមត្ថភាព​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការពង្រឹង​លើ​ការរៀបចំ និង​អនុវត្ត​ផែនការ​ត្រៀម​បម្រុង​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​គ្រោះមហន្តរាយ​ និង​ការជូន​ដំណឹង​ជាមុន និង​ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​មនុស្សធម៌​នានា​។

គិត​ចាប់ពី​ទឹកជំនន់​ឆ្នាំ​ ២០២០ រហូតមក​ទល់​ពេលនេះ ការផ្តល់​ជំនួយ​សាច់ប្រាក់​ដល់​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ៦ ​លាន​ដុល្លា​អាមេរិក​៕

វីដេអូ៖