ភ្នំពេញៈ ក្នុង​ខែ​កញ្ញា ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចំនួន​ ៦៩ ​គណនី និង​ដោះស្រាយបាន​ ៣៦ ​គណនី​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២០ ខែតុលា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ឱ្យ​ដឹងថា ក្នុងចំណោម​ ៦៩ ​គណនី​នោះ ក្រុមការងារ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយ​ចំនួន​ ៣៦ ​គណនី​។ ដោយឡែក ករណី​ផ្សេងទៀត​ដែល​ពលរដ្ឋ​លើក​ជា​មតិយោបល់ និង​សំណូមពរ​ក្នុង​ខែកញ្ញា និង​សេសសល់​ពី​ខែ​មុនៗ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ ខណៈ​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះទៀត​ត្រូវ​បាន​រកឃើញថា ខុសពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​។

លោក​បញ្ជាក់ថា​៖ «​ជនរួមជាតិ​ជាទីគោរព​! វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេច​បាន​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសហការ​គ្នា​ដ៏ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងមហាផ្ទៃ ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំ នៅពេល​ប្រឈមមុខ​នឹង​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​»​។

ជាមួយ​គ្នា​នេះ លោក ស ខេង ក៏បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មកកាន់​រូបលោក​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធតុលាការ ដែល​អាច​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការរួមគ្នា​អភិវឌ្ឍ​សង្គមជាតិ​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ស្នើសុំ​ការយល់​យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ចំពោះ​ករណី​មួយចំនួន​ទៀត ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់សព្វគ្រប់ អាស្រ័យ​លើ​ករណីខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅតាម​នីតិវិធី​»​។

លោក​ ជា សុគន្ធា ប្រធាន​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​លោក ស ខេង ​ថ្លែង​នៅ​ថ្ងៃទី​ ២០ តុលា ថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​បាន​ដោះស្រាយ​ច្រើនជាងគេ​ក្នុង​ចំណោម​បញ្ហា​ទាំងអស់​ដែល​ពលរដ្ឋ​លើកឡើង​។ ប៉ុន្តែ​យ៉ាងណា បញ្ហា​វិវាទ​នៅ​មូលដ្ឋាន​ដោះស្រាយ​បាន​ទៅតាម​ចំនួន​ជាក់ស្តែង​នៃ​លក្ខណៈ​រឿង ដោយសារ​មាន​រឿង​ខ្លះ​ស្មុគស្មាញ​ពិបាក​ធ្វើការ​ក្នុង​ការដោះស្រាយ​។

លោក​ ជា សុគន្ធា បញ្ជាក់ថា បញ្ហា​ដែល​នៅ​សេសសល់​ទាំងអស់​មាន​ចំនួន​ ៥៤១ ​រឿង​ដែល​កំពុង​បន្ត​ធ្វើការ​ដោះស្រាយ​ក្នុង​នោះ​បញ្ហា​ភាគច្រើន​គឺជា​រឿង​នៅតាម​បណ្តា​ខេត្ត​ក្រុង ដែល​ពាក់ព័ន្ធ​នឹង​ទំនាស់​នៅ​មូលដ្ឋាន​។ ប៉ុន្តែ​នៅ​ថ្នាក់​ក្រសួង​បាន​ដោះស្រាយ​បញ្ហា​រួចរាល់​មិនមាន​សល់​នោះទេ​។

លោក​ថ្លែងថា​៖ «​បញ្ហាសំខាន់ គឺ​ការងារ​នៅ​មូលដ្ឋាន​តែម្តង ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ច្រើន​ជាងគេ បញ្ហា​ការរំលោភ​អំណាច​ខ្លះ ហើយ​និង​បញ្ហា​វិវាទ​រវាង​ប្រជាពលរដ្ឋ​ និង​ប្រជាពលរដ្ឋ ព្រមទាំង​ការថ្នាំងថ្នាក់​របស់​ប្រជាពលរដ្ឋ​ទៅនឹង​អាជ្ញាធរ​មូលដ្ឋាន​»​។

លោក​បញ្ជាក់ថា ដើម្បី​ពន្លឿន​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន ក្រសួង​មហាផ្ទៃ​មាន​អង្គភាព​ធ្វើការ​តាមដាន​មួយ​ដែលមាន​ឈ្មោះថា អគ្គនាយកដ្ឋាន​រដ្ឋបាល​ដើម្បី​ធ្វើការ​តាមដាន​ និង​ជំរុញ​បន្ថែមទៀត ទៅដល់​អង្គភាព​ជំនាញ​ទទួល​ការងារ រាជធានី-ខេត្ត​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ថ្លែង​នៅ​ថ្ងៃទី​ ២០ តុលា ថា ក្នុងនាម​អង្គការ សង្គម​ស៊ីវិល​លោក​គាំទ្រ​ចំពោះ​សកម្មភាព​នៃ​ការយកចិត្ត​ទុកដាក់​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ការទទួល​យក​បញ្ហា​ពី​ប្រជាពលរដ្ឋ​ហើយ គួរតែ​មាន​ដំណោះស្រាយ​ឱ្យបាន​ឆាប់ ព្រោះ​ពលរដ្ឋ​ដែល​បាន​លើក​ជា​សំណួរ និង​ស្នើសុំ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ ពិតជា​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​។

លោក​ថ្លែងថា​៖ «​បើ​បញ្ហា​ហ្នឹង​ដោះស្រាយ​មិនទាន់​មាន​ប្រសិទ្ធភាព ឬក៏​មាន ភាពយឺតយ៉ាវ គួរតែ​ពន្លឿន​ដោយ​បន្ថែម​នូវ​ធនធាន​មនុស្ស​ឬក៏​ផ្តល់នូវ​ការសម្រេចចិត្ត​ណាមួយ​ទៅខាង​ក្រុមការងារ​ដែល​ធ្វើការ​ពិនិត្យ​ទៅលើ​ការដាក់សំណើ ឬក៏​បណ្តឹង​ទាំងអស់​ហ្នឹង​ឱ្យបាន​ឆាប់រហ័ស​ជាង​មុន ដើម្បី​កុំឱ្យ​សំណុំរឿង​ ឬ​សំណូមពរ ទាំងអស់​ហ្នឹង​វា​កាន់តែ​កកស្ទះ​»៕