ភ្នំពេញៈ ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហកា​ជាមួយ​ក្រសួង​ស្ថាប័ន​ក្រុមហ៊ុន​សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​អង្គការ​ជាតិ-អន្ដរជាតិ​ប្រមាណ ៨០ នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ប្រចាំឆ្នាំ តាម​អនឡាញ​នៅ​ថ្ងៃទី ៤-៥ ខែវិច្ឆិកា ខាងមុខនេះ​ដោយ​ផ្ដល់ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១១ ៥០០ ​កន្លែង​ដល់​យុវជន និង​សិស្ស និស្សិត​។

លោក ហៃ ហ៊ុនឡេង ប្រធាន NEA ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២០ តុលា ថា នៅក្នុង​ពិព័រណ៍​អនឡាញ​ឆ្នាំនេះ​នឹង​មាន​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ ៨០ ដែល​ក្នុងនោះ​មាន​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១១ ៥០០ កន្លែង​។

ជា​ការរំពឹង​ទុក​អ្នក​ចូលរួម​ទស្សនា​មាន​ចំនួន ៥៤ ៥០០ ​នាក់ ​ដែលមាន​អ្នកស្វែងរក​ការងារ (CVs) ប្រមាណ​ជា​ ៤ ​ពាន់​នាក់​។ ពិព័រណ៍​នេះ​នឹងត្រូវ​បាន​រៀបចំ​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅលើ​គេហទំព័រ www.careerfair.nea.gov.kh រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ៤-៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​បន្តថា ពិព័រណ៍​ការងារ​នេះ​រៀបចំ​ដោយ​ NEA និង បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) រាជធានី​ភ្នំពេញ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មានការ​ចូលរួម​គ្រាំទ្រ​ពី​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​អង្គការ​ជាតិ​ និង​អន្ដរជាតិ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ ៨០ ដែល​យើង​អាច​វាយតម្លៃថា​នឹងចូលរួម ក្នុងនោះ​មាន​វិស័យ​ចម្រុះ​មាន​ខាង​ធនាគារ មីក្រូហិរញ្ញវត្ថុ អប់រំ ដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​មួយចំនួន​ទៀត​»​។

លោក ហ៊ុនឡេង បានឱ្យដឹងថា ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ះពាល់​ធ្ងន់​ដល់​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ប៉ុន្ដែ​មកដល់​បច្ចុប្បន្ន វិស័យ​កម្មន្តសាល វិស័យ​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ជាដើម គឺ​នៅ​ដំណើរការ​ជាធម្មតា ដូច្នេះ​ឱកាស​ការងារ​គឺ​នៅ​ត្រូវ​ជ្រើសរើស​ជា​បន្តបន្ទាប់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​ ២០ ខែ តុលា ឆ្នាំ​ ២០២១ សរសរ​លើ​ហ្វេសប៊ុក​ថា សូម​ចូលរួម​ស្វែងរក​ការងារ និង​រើស​កម្លាំង​ពលកម្ម​ក្នុង​ពិព័រណ៍​ការងារ​អនឡាញ​ដែល​រៀបចំ​ឡើង នៅ​ថ្ងៃទី ៤-៥ ខែវិច្ឆិកា ខាងមុខ​។ លោក​លើកឡើង​បែបនេះ ក្នុង​ពេល​អនុញ្ញាត​ឱ្យ​ក្រុមការងារ​របស់ NEA ចូល​ថត​វីដេអូ ថ្លែង​សុន្ទរកថា​របស់​លោក​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​អនឡាញ​នេះ​។

លោក​បាន​ថ្លែ​ថា​៖ «​ពិព័រណ៍​ការងារ​អនឡាញ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​ផ្ដល់នូវ​ជម្រើស​ដែលមាន​ភាពបត់បែន​កាន់តែ​ងាយស្រួល ព្រមទាំង​បង្ការ​នូវ​សុវត្ថិភាព សុខភាព និង​អនាម័យ​ពី​ជំងឺ​កូវីដ​ ១៩ ស្របពេល​ដែល​ទីផ្សារ​ការងារ​កម្ពុជា​កំពុងមាន​សម្ទុះ​តម្រូវការ​កម្លាំង​ពលកម្ម​ឡើងវិញ​នៅតាម​វិស័យ​មួយចំនួន ជាពិសេស​ជួយ​គាំទ្រ​ដល់​យុវជន និង​អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យ និង​សម្ភាស​ជាមួយ​ក្រុមហ៊ុន​តាម​អនឡាញ​»​។

លោក អ៊ិត សំហេង បានឱ្យ​ដឹងថា នៅក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​អនឡាញ​ឆ្នាំ​នេះ​នឹង​មាន​រួម​បញ្ជូល​សិក្ខាសាលា​ផលិតភាព​តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) ដែល​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង បទពិសោធ​គន្លឹះ​សំខាន់ៗ និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការបង្កើន​ផលិតភាព​ការងារ និង​បង្ហាញ​ពី​ការវិវត្ត​បច្ចេកវិទ្យា​ថ្មីៗ ដែល​ប្រទេស​ជឿនលឿន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ការងារ​ និង​ខ្សែចង្វាក់​ផលិតកម្ម​ជាពិសេស​បំផុសស្មារតី និង​ពង្រីក​ប្រសិទ្ធភាព​ការងារ​ក្នុង​បរិបទ​ការងារ​តាម​គន្លង​ថ្មី​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក ហៃ ហ៊ុនឡេង បានឱ្យដឹងថា ការធ្វើ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​អនឡាញ​តាម​អនឡាញ​ឆ្នាំនេះ គឺជា ឆ្នាំ​ទី ២ ហើយ​ក្រោយ​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្ដែ​ការធ្វើ​តាម​អនឡាញ​បែបនេះ​ចំនួន​ក្រុមហ៊ុន សហគ្រាស រោងចក្រ បាន​កើនឡើង​ស្ទើរ​​ ៣ ​ដង​ដែល​ចំណុច​នេះ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​វិស័យ​ឯកជន ដោយ​គិតថា ការរៀបចំ​ពិព័រណ៍​តាម​អនឡាញ​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍ និង​មាន​ភាពងាយស្រួល​ក្នុង​ការជ្រើសរើស​បុគ្គលិក​។ ​

ការរៀបចំ​ពិព័រណ៍ NEA បាន​រៀបចំ​គេហទំព័រ​មេមួយ www.careerfair.nea.gov.kh ដោយបាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន សហគ្រាស រៀបចំ​គេហទំព័រ​តូចៗ​ដូចជា​បញ្ជរ ដូចជា​ស្ដង់​របស់ខ្លួន​នៅក្នុង​ទំព័រ ដើម្បី​ផ្សព្វផ្សាយ​ពី​ការជ្រើសរើស​បុគ្គលិក និង​អាច​អនុញ្ញាត​ដល់​បេក្ខជន​ដែល​ចង់​ស្វែងរក​ការងារ​ចូលទៅ​មើល ឬ​ដាក់ពាក្យ ធ្វើ​ការងារ នៅតាម​គេហទំព័រ​តូចៗ​ទាំងនោះ​បាន​តែម្ដង​៕