The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ប្រកាន់​យក​យុត្តិធម៌​ និង​តម្លាភាព​សម្រាប់​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ៦ ធ្នូ




ក្រសួង​ប្រកាន់​យក​យុត្តិធម៌​ និង​តម្លាភាព​សម្រាប់​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ៦ ធ្នូ

Content image - Phnom Penh Post
សិស្សានុសិស្ស​ចូលរៀនថ្មីដំបូងនៅវិទ្យល័យព្រះស៊ីសុវត្ថិ បន្ទាន់ពីការរីករាលដាលជំងឺកូវីដមានភាពធូរស្រាល កាលពីថ្ងៃទី ១៥ កញ្ញា។ ហុង មិនា

ក្រសួង​ប្រកាន់​យក​យុត្តិធម៌​ និង​តម្លាភាព​សម្រាប់​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ៦ ធ្នូ

ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានឱ្យដឹងថា ក្រសួង​នៅតែ​បន្ត​ធ្វើការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​ដោយ​អនុវត្តតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​ដោយ​តម្លាភាព ដែល​ក្រសួង​បាន​កំណត់​យក​កាលបរិច្ឆេទ​នៃ​ការប្រឡង​នេះ​នៅ​ថ្ងៃទី​ ៦ ​ខែ ធ្នូ​ ឆ្នាំ​ ២០២១ ​ខាងមុខ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែតុលា​ថា ក្រសួង​នឹង​ប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​ឌីប្លូម​ និង​បាក់ឌុប​នេះ​ផងដែរ​។

លោក​បាន​លើកឡើង​ថា៖ «​នៅ​អំឡុង​ចុងខែ​តុលា​នេះ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រជុំ​វាយតម្លៃ​ដំណើរការ​សិក្សា​របស់​សិស្ស​ថ្នាក់​ទី ​៩ និង​ថ្នាក់​ទី​ ១២ ដើម្បី​បន្ត​ត្រៀម​រៀបចំ​ការប្រឡង​ឌីប្លូម និង​បាក់ឌុប​»​។

លោក រស់ សុវាចា បាន​បញ្ជាក់ថា​៖ «​បើ​គ្មាន​អ្វី​ប្រែប្រួល ការប្រឡង​ឌីប្លូម​ និង​បាក់ឌុប ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​​ច្បាប់​យុត្តិធម៌​តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ស្រប​នឹង​វិធានការ​សុវត្ថិភាព សុខភាព តាម​ការគ្រោងទុក ដែល​សម័យ​ប្រឡង​បាក់ឌុប​ថ្នាក់ជាតិ គឺ​ ៦ ធ្នូ​ ២០២១»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា មកទល់​ពេល​នេះ​មិនទាន់​មាន​ការបូក​សរុប​ចំនួន​បេក្ខជន​ដែល​នឹងត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​នៅឡើយ​ទេ​។

យោងតាម​លិខិត​ដែល​រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ផ្ញើ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​កាលពី​ថ្ងៃទី​ ១៨ ខែតុលា កន្លង​មក​នេះ​បាន​បញ្ជាក់ថា វិញ្ញាសា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវបាន​កំណត់​ចំនួន​ ២ ទី​ ១ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ និង​ទី​ ២ ​សម្រាប់​​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

នៅក្នុង​សេចក្តី​ណែនាំ​ចុះថ្ងៃទី​ ១៧ ខែ​មិថុនា ឆ្នាំ​ ២០២១ ស្តីពី​ការរៀបចំ​សំណុំ​លិខិត​ចុះឈ្មោះ​ប្រឡង និង​បេក្ខភាព​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​ ២០២០-២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ស្នើឱ្យ​នាយក​នាយិកា​គ្រឹះស្ថានសិក្សា​ទាំងអស់ និង​មន្ទីរអប់រំ រាជធានី-ខេត្ត​អាច​រៀបចំ​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង​របស់​បេក្ខជន តារាង​ស្រង់​ពិន្ទុ​ប្រចាំ​ឆមាស​លើក​ទី​ ១ និង​លើក​ទី​ ២ តារាង​ស្រង់​ពិន្ទុ​ប្រចាំឆ្នាំ និង​បញ្ជី​បេក្ខភាព ជូន​មក​ក្រសួង​តាម​ពេលវេលា​កំណត់ និង​ដោយមាន​ភាពត្រឹមត្រូវ​។

សេចក្តី​ណែនាំ​ដដែល​នេះ​បានបញ្ជាក់​ផងដែរ​ថា មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត ត្រូវបញ្ជូន​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង​មក​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ (​ការិយាល័យ​ប្រឡង​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​) ​មុន​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២១​។

កញ្ញា សុខ សុផាន់ណា ​អាយុ ១៩ ​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​​ទី​ ១២ នៃ​វិទ្យាល័យ ហ៊ុន សែន ​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែតុលា​ថា កញ្ញា​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ សម្រាប់​ការប្រឡង​បាក់ឌុប​នៅ​ចុងឆ្នាំ​នេះ បើទោះបី​ជា​យុវ​សិស្ស​រូបនេះ​មាន​ការរំពឹង​នឹង​ទទួល​បាន​លទ្ធផល​ត្រឹមតែ ៥០ ​ភាគរយ​ក៏ដោយ​។

កញ្ញា​បាន​ប្រាប់ថា៖ «​ខ្ញុំ​នៅ​ជនបទ មិនសូវមាន​សេវា​អ៊ីនធឺណិត​ក្នុង​ការរៀន​អនឡាញ​ទេ ខ្ញុំ​និង​មិត្ត​រួម​ថ្នាក់រៀន​តាម​ឯកសារ​ដែល​សាលា​បាន​ផ្តល់ឱ្យ​ ១ ​អាទិត្យ​ម្តង​សម្រាប់​រៀន​បន្ថែម​»​។

យុវតី សុខ សុផាន់ណា បាន​បន្ថែមថា កញ្ញា​មិនទាន់​ដឹងថា​តើ​ការប្រឡង​នេះ​នឹងធ្វើ​នៅក្នុង​ថ្នាក់ ឬ​តាម​អនឡាញ​នោះទេ​ ប៉ុន្តែ​កញ្ញា​ថា ប្រឡង​ដោយ​របៀប​ណា​ក៏​បានដែរ​។ មួយវិញទៀត​ប្រសិនបើ​រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការជាប់​ទាំងអស់​គ្នា​ដូចនឹង​ឆ្នាំមុន ក៏​កញ្ញា​ទទួលយក​ដែរ ប៉ុន្តែ​សម្រាប់​នាង​គឺមាន​បំណង​ចង់ឱ្យ​មាន​ការប្រឡង​ជាជាង​ឱ្យ​ជាប់​ដោយ​​មិនមាន​ការប្រឡង ដោយសារ​នាង​ចង់បាន​និទ្ទេស សម្រាប់​ប្រឡង​ចូល​តាម​មហាវិទ្យាល័យ​ផ្សេងៗ​។

នៅ​ឆ្នាំ​ ២០២០ ​កន្លងមកនេះ​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន ១២១ ១០៨ ​នាក់​ក្នុង​នោះ​ស្រី​មាន​ចំនួន ៦៣ ៩០៨​ នាក់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍