ភ្នំពេញៈ ​ក្នុងចំណោម​ជនជាប់ឃុំ​ទូទាំងប្រទេស​សរុប​ជាង ៣៧ ០០០ ​នាក់ គឺ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ២ ​រួចរាល់​ស្ទើរ​ ១០០ ​ភាគរយ ក្នុងនោះ​មាន​តែ​ជន​ជាប់ឃុំ​តិចតួច​ប៉ុណ្ណោះ​ដែល​មិនបាន​ចាក់​ដោយសារ​បញ្ហា​សុខភាព ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃថា ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ឱ្យដឹងថា មកដល់​បច្ចុប្បន្ននេះ ក្នុង​ចំណោម​ជន​ជាប់ឃុំ​សរុប​ជាង ៣៧ ០០០ ​នាក់ គឺ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ២ រួចរាល់​ស្ទើរ ១០០ ​ភាគរយ​ហើយ ក្នុង​នោះ​មាន​ជន​ជាប់ឃុំ​តិចតួច​ប៉ុណ្ណោះ​មិនបាន​ចាក់ ដោយសារ​បញ្ហា​សុខភាព​ដែល​មិនអាច​ចាក់​វ៉ាក់សាំង​បាន និង​ជន​ជាប់ឃុំ​ខ្លះ​ទើប​ចូល​ថ្មី​ដែល​ទើប​ចាប់ផ្ដើម​ចាក់​ដូស​ទី​ ១​។

ជន​ជាប់ឃុំ​ទាំងអស់​បាន​ទទួល​ការចាក់​វ៉ាកសាំង​ប្រភេទ​ផ្សេងៗ​ក្នុង​នោះ​មាន​ប្រភេទ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម Johnson & Johnson និង AstraZeneca​។

ជាមួយ​គ្នា​នេះ តាមរយៈ​សារ​ជា​សំឡេង​ពិសេស​នៅ​ថ្ងៃទី​ ១៩ ​ខែតុលា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ស្ថានភាព​កូវីដ​ ១៩ ​បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ការត្រៀម​រៀបចំ​បើក​ប្រទេស​ឡើងវិញ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជាង ១០ ​លានដូស​នៅក្នុង​ឃ្លាំង ដើម្បី​បម្រើឱ្យ​ការចាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​ដូស​ទី​ ៣​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ការចាក់​វ៉ាក់សាំង​របស់​កម្ពុជា​បាន​ប្រព្រឹត្ដ​ទៅ​យ៉ាង​ល្អប្រសើរ ដែល​មកដល់​ពេល​នេះ​ប្រជាជន​ជាង​ ១៣ ​លាន ៦ សែន​នាក់​បាន​ចាក់ ដែល​គិត​ជា​អត្រា​គ្របដណ្ដប់​មាន​រហូត​ទៅដល់​ជាង ៨៥ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ដែល​កត្ដា​នេះ ធ្វើឱ្យ​អ្នកឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មួយចំនួន​មិន​នាំ​ទៅ​រក​ភាពធ្ងន់ធ្ងរ​នោះទេ​។ ចំណែក​អ្នក​ដែល​បានទទួល​មរណភាព​ដោយសារ​កូវីដ​ ១៩ ភាគច្រើន​ជា​អ្នក​ដែលមាន​ជំងឺ​ធ្ងន់​កាលពី​ពេលមុន​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​ស្ថានភាព​ទាំងអស់​នេះ គឺ​យើង​អាច​និយាយបានថា វ៉ាក់សាំង គឺជា​គ្រឹះ​ការពារ​ដ៏រឹងមាំ សម្រាប់​ការពារ​អាយុជីវិត​របស់​ប្រជាជន​យើង កាត់បន្ថយ​ការឆ្លង ហើយ​បើសិន​មាន​ការឆ្លង​ហើយ ក៏​មិន​នាំទៅដល់​គ្រោះថ្នាក់​»​។

ឥឡូវនេះ​បន្ទាប់ពី​ការចាក់​ដូស​ទី​២ ដល់​ពេលវេលា​ដែល​ត្រូវ​ចាក់​ដូស​ទី​៣ ទៅតាម​តំបន់​ទៅ​តាម​ទីកន្លែង​ដែល​បាន​ចាក់​មុន ចាក់​ក្រោយ ហើយ​កំពុង​ធ្វើ​យុទ្ធនាការ នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ការចាក់​នេះ​ត្រូវ​ប្រើ​រយៈពេល​ពី​ដូស​ទី​២ ​ទៅ​ដូស​ទី​៣ ក្នុង​រង្វង់​ ៤ ​ទៅ​ ៦ ​ខែ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ជា​គុណបុណ្យ​របស់​កម្ពុជា​ដែលមាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ការចាក់​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ពិសេស​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង​មណ្ឌល​ខូវ៉ាក់​។ កម្ពុជា​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ដោយ​ខ្លួនឯង​នូវ​ចំនួន​ច្រើន​ដែល​រហូតមក​ដល់ពេលនេះ​ទទួល​បាន​ចំនួន ៣៨ ​លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា ជាទូទៅ​ចំនួន​អ្នក​ដែល​បានទទួល​មរណភាព ដោយសារ​មិនបាន​ចាក់​វ៉ាក់សាំង​នេះ គឺជា​ចំនួន​ដ៏ធំ ហើយ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​មាន​មូលហេតុ​ខុសៗ​គ្នា​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​សម្រាប់​ក្រុម​គ្រូពេទ្យ​របស់​យើង អាជ្ញាធរ ក៏​ដូចជា​ពលរដ្ឋ​របស់​យើង គឺ​ខិតខំ​ដើម្បី​ទទួលបាន​នូវ​វ៉ាក់សាំង ហើយ​ដែល​យើង​ទោះបី​បិទបញ្ចប់​នៃ​ការចាក់​វ៉ាក់សាំង​នៅតាម​ខេត្ដ​មួយចំនួន​រួចទៅ​ហើយ​ក៏ដោយ ក៏ប៉ុន្ដែ​យើង​ទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​»​។

លោក​បន្តថា​៖ «​យើង​អាចមាន​កម្មវិធី​ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ តាម​ផ្ទះ​តែម្ដង ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​របស់​យើង​មិនអាច​ធ្វើដំណើរ មកកាន់​ទីកន្លែង​ចាក់​វ៉ាក់សាំង​បាន​។ នេះ​សូមឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ គ្រូពេទ្យ​របស់​យើង យកចិត្ដ​ទុកដាក់​សម្រាប់​ការអនុវត្ដ​នៅឯ​មូលដ្ឋាន​»​។

លោក​ នុត សវនា ថ្លែងថា បើសិន​លោកនាយក​រដ្ឋមន្ត្រី​បើក​អនុញ្ញាត​ឱ្យមាន​ចាក់​ដូស​ទី​៣ ដល់​ជន​ជាប់ឃុំ​នោះ ខាង​ពន្ធនាគារ​នឹង​អនុវត្ដ​តាម​ប្រសាសន៍​របស់លោក ដើម្បី​ឱ្យ​ជន​ជាប់ឃុំ​បានទទួល​វ៉ាក់សាំង​ដូស​ទី​៣ ឱ្យ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​ថា ការចាត់ចែង ការចាក់​នោះ​យ៉ាងម៉េច​គឺ​អាស្រ័យ​ខាង​កម្លាំង​ពី​មន្ទីរពេទ្យ​ ១៦ ​ឧសភា​។ យើង​នឹង​រៀបចំ​ស្នើ​ទៅតាម​ហ្នឹង ព្រោះ​វ៉ាក់សាំង​យើង​អត់​ទុក​ទេ​ឱ្យតែ​ត្រូវ​ចាក់ គឺ​យើង​ចាក់ឱ្យ​ទាំងអស់​»​។

បើតាម​លោក សវនា ស្ថានភាព​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ពន្ធនាគារ ចំពោះ​ជន​ជាប់ឃុំ​ចាស់ៗ ដែល​បាន​ចាក់​វ៉ាក់សាំង​ ២ ​ដូស​រួចហើយ​នោះ គឺ​មិនមាន​ការឆ្លង​ថ្មី​ទេ​។ ប៉ុន្ដែ​មាន​ករណី​ឆ្លង​ ១ ​ទៅ​ ២ ករណី​ដែល​ជន​ជាប់ឃុំ​ថ្មី​នាំចូល​មក​។ ទោះយ៉ាងណា​ពន្ធនាគារ​អាច​គ្រប់គ្រង​ស្ថានការណ៍​កូវីដ​នេះ​បាន ដោយ​មិនមាន​ការឆ្លង​រីករាលដាល​ដូច​កាលពី​កើតមាន​ព្រឹត្ដិការណ៍ ២០ ​កុម្ភៈ​ដំបូង​នោះទេ​។

បើតាម​សារ​សំឡេង​ពិសេស​របស់​លោក​នាយក​រដ្ឋមន្ដ្រី បច្ចុប្បន្ន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​៣ គឺ​កម្ពុជាចាក់​ដល់​ប្រជាពលរដ្ឋ និង​មន្ដ្រី​រាជការ​បាន​ជាង ១ ​លាន​នាក់​រួចហើយ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ពលរដ្ឋ និង​មន្ដ្រីរាជការ ជិត​កន្លះ​លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ រួចស្រេច​ទៅហើយ​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ សង្កេត​ឃើញ​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន គឺ​ស្ថិត​នៅក្នុង​ភាពចង្អៀត​ណែន​ខ្លាំង​ដដែល​។ លោក​ថ្លែងថា កន្លងមក​មាន​ជាង​ ១០ ​ពន្ធនាគារ​ដែល​ត្រូវបាន​ឆ្លង​ជំងឺ​កូវីដ​ និង​មាន​អ្នកស្លាប់​ខ្លះ ព្រោះ​ពួកគាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​ស្រាប់​។ ដូច្នេះ​ស្ថានភាព​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ គឺ​ស្ថិត​នៅក្នុង​ហានិភ័យ​ខ្ពស់ បើសិន​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ចូល ដែល​ងាយ​នឹង​ចម្លង​បន្ត​គ្នា​ដោយសារ​តែ​ភាពចង្អៀត​ណែន អនាម័យ​បរិស្ថាន​មិនសូវ​ល្អ​។

លោក​បញ្ជាក់ថា​៖ «​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ ជា​រឿង​ចាំបាច់​។ កន្លងមក​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ខាង​ពន្ធនាគារ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ការពារ និង​ទប់ស្កាត់ រួមទាំង​ការចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំ​។ ប៉ុន្តែ​យើង​ឃើញ​ហើយ​នៅតែមាន​ការឆ្លង​ជំងឺ​​កូវីដ​ ១៩ ​ទៅក្នុង​ពន្ធនាគារ​»​។

លោក​បន្តថា ដូច្នេះ​រឿង​ការចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​ដូស​ជំរុញ​ដល់​អ្នក​ជាប់ឃុំ​ជា​រឿង​សំខាន់​មួយ តែ​រឿង​សំខាន់​មួយទៀត​ដែរ គឺ​ការរក​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ភាពចង្អៀតណែន​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ តាមរយ:​សេចក្តី​សម្រេច​របស់​ក្រសួងយុត្តិធម៌​ថ្មីៗ​នៃ​ការដោះលែង​អ្នក​ជាប់ឃុំ​ដោយ​មាន​លក្ខខណ្ឌ​។

លោក​លើកឡើងថា ការដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​លក្ខខណ្ឌ និង​ការពិនិត្យ​លទ្ធភាព​ដោះលែង​លើ​ជន​ជាប់ឃុំ​ងាយ​រងគ្រោះ ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​មាន​កូន​រស់នៅ​តាម​ម្តាយ អនីតិជន អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ...​ជាដើម អាច​នឹង​ជួយ​កាត់បន្ថយ​ភាពចង្អៀត​ណែន​ក្នុង​​ពន្ធនាគារ​៕

វីដេអូ៖