ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​កោតសរសើរ ចំពោះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដែល​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ខណៈដែល​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង សម្រាប់​មនុស្ស​អាយុ​ពី​ ៦ ​ឆ្នាំ​ឡើង​បាន​ចំនួន​ជាង ​៨៥% ហើយ ធៀប​នឹង​ពលរដ្ឋ​ ១៦ ​លាន​នាក់ ប៉ុន្តែ​លោក​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន​ពី​មេរោគ​​កូវីដ​​ ១៩ ​ដដែល​។

លោក ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​នា​ថ្ងៃទី​ ២០ តុលា​ថា​៖ «​ខ្ញុំ​សូម​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រុម​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែល​បាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​នានា​សម្រេច​លទ្ធផល​គួរ​ជា​ទីមោទនៈ តាម​ការប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​»​។ លោក​បាន​បន្ត​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់ អនុវត្ត​វិធានការ​៣កុំ ៣ការពារ ដើម្បី​បង្កើត​ឱ្យ​មាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ មួយ​យកឈ្នះ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ជាមួយ​គ្នា​នេះដែរ​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​នៃ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ ក្នុង​រយៈពេល​​ ៩ ​ថ្ងៃ​ នៃ​ការចាប់ផ្តើម​យុទ្ធនាការ​នេះ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជិត ៣៧ ​ម៉ឺន​នាក់ ​ហើយ​ក្នុង​ខណ្ឌ​ចំនួន ៦ មាន ខណ្ឌមានជ័យ ដង្កោ កំបូល ពោធិ៍សែនជ័យ ឫស្សីកែវ ទួលគោក និង​ខណ្ឌ​សែនសុខ​។

យោងតាម​របាយការណ៍​បូកសរុប​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​របស់​ក្រសួង​ការពារជាតិ​គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែតុលា បាន​ឱ្យ​ដឹងថា ក្រុមការងារ​ចាក់​វ៉ាក់សាំង​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន ៣៦៨ ៩៩៣ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ ២០៩ ១៦០ ​នាក់​។

ក្រុមការងារ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្រសួង​ការពារជាតិ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១១ ​តុលា​កន្លងទៅនេះ​។

លោក ឥត សារ៉ាត អគ្គមេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​នាយក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​ ១៨ ខែតុលា ក្នុងពេល​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​នេះ​បាន​ថ្លែងថា សម្រាប់​រាជធានី​ភ្នំពេញ ក្រុម​ការងារ​នឹង​បញ្ចប់​ការចាក់​ក្នុង​រយៈពេល​ ២ ​សប្តាហ៍ ហើយ​ក្រុមការងារ​នឹង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ នៅតាម​ខេត្ត​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែវិច្ឆិកា​ខាងមុខ​។

ខេត្ត​ដែល​ក្រុមការងារ​ក្រសួង​ការពារ​ជាតិ​នឹង​ចុះ​ចាក់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មាន ខេត្តតាកែវ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង សៀមរាប និង​ខេត្តបន្ទាយមានជ័យ​។

ថ្លែង​ក្នុង​សារ​ពិសេស​នៅ​ថ្ងៃទី​ ១៩ ​តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ១ និង​ទី​ ២ ​រួចហើយ ដល់​ពេលដែល​ត្រូវ​ចាក់​ដូស​ទី​ ៣ ​ទៅតាម​តំបន់​ និង​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «​វា​ជា​គុណបុណ្យ​របស់​យើង​ដែល​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​តាមរយៈ​ជំនួយ​ភាគី​ជា​មិត្ត ពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និង​មជ្ឈមណ្ឌល​កូវ៉ាក់​ផងដែរ ប៉ុន្តែ​យើង​ក៏បាន​ទិញ​ដោយ​ខ្លួនឯង​ក្នុង​ចំនួន​ដ៏ច្រើន​ផងដែរ​»​។

បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០២១ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន​ជាង ​៩,៩ ​លាន​នាក់​ ឬ​ស្មើនឹង​ ៩៩,៥៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។

សម្រាប់​ក្រុម​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម​ ១៨ ​ឆ្នាំ​បាន​ចំនួន​ជាង​ ១,៧ ​លាន​នាក់​ ឬ ៩០,៤០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់ និង​លើ​កុមារ​អាយុ​ពី ០៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ​ចាក់​បាន​ចំនួន​ជាង​ ១,៨ លាន​នាក់ ឬ ៩៩,៤២% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ​ជិត​ ១,៩ ​លាន​នាក់​៕