The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្តសៀមរាប​បញ្ចប់​បម្រាម​គោចរ​ ខណៈ​កំពង់ស្ពឺ​ឱ្យ​បើក​អាជីវកម្ម




ខេត្តសៀមរាប​បញ្ចប់​បម្រាម​គោចរ​ ខណៈ​កំពង់ស្ពឺ​ឱ្យ​បើក​អាជីវកម្ម

Content image - Phnom Penh Post
ការចុះ​ល្បាត​នៅ​តំបន់​បិទខ្ទប់​ក្នុង​ខេត្តសៀមរាប​កាលពីដើម​ខែ​នេះ ។ រូបថត រដ្ឋបាលខេត្ត

ខេត្តសៀមរាប​បញ្ចប់​បម្រាម​គោចរ​ ខណៈ​កំពង់ស្ពឺ​ឱ្យ​បើក​អាជីវកម្ម

សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​​បានសម្រេច​បិទបញ្ចប់​បម្រាម​គោចរ​ក្នុង​​ភូមិសាស្ត្រ​របស់ខ្លួន ដែល​ធ្លាប់បាន​រឹតត្បិត​ការធ្វើ​ចរាចរណ៍​ពេលយប់​ចាប់ពី​ម៉ោង​ ៩ ដល់​ម៉ោង​ ៣ ​ទៀបភ្លឺ បន្ទាប់ពី​ខេត្ត​សង្កេតឃើញ​អត្រា​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​បាន​ថយចុះ ខណៈ​នៅ​ខេត្ត​កំពង់ស្ពឺ​ក៏បាន​បញ្ចប់​ដូចគ្នា ហើយ​បាន​បើក​ឱ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ផងដែរ​។

សេចក្តី​ជូនដំណឹង​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា បានសម្រេច​បញ្ចប់​ការដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​សម្រាប់​បម្រាម​គោចរ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ១៨ ខែតុលា​តទៅ​។

សេចក្តី​ជូនដំណឹង​បន្តថា ចំពោះ​សេចក្តី​​សម្រេច​ចុះ​ថ្ងៃទី​ ៨ ខែកញ្ញា និង​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​ ៤ ខែ តុលា ឆ្នាំ​ ២០២១ ​របស់​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ត្រូវ​ទុកជា​និរាករណ៍​។

អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក លីវ សុខុន បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ការដក​បម្រាម​គោចរ​នេះ​ដោយ​ផ្អែកលើ​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​រៀនរស់​បែប​គន្លងថ្មី​នៃ​បរិបទ​កូវីដ​ ១៩ គួបផ្សំ​អត្រា​ឆ្លង​​កូវីដ​ ១៩ ក្នុង​ខេត្ត​បាន​ថយចុះ​។

លោក​បាន​បញ្ជាក់ថា​៖ «​គោលការណ៍​របស់​រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យដឹង​ជាទូទៅ​ថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​រៀនរស់​ក្នុង​បរិបទ​គន្លង​ថ្មី រៀនរស់​នៅ​ជាមួយ​កូវីដ នេះ​ជា​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ (​ហ៊ុន សែន​) ​ដោយសារ​ប្រទេស​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​បាន​ជាង​ ៩០ ​ភាគរយ​ហើយ និង​ត្រៀម​បើក​សេដ្ឋកិច្ច​ឡើងវិញ អ៊ីចឹង​អាជ្ញាធរខេត្ត​បាន​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ទើប​ដក​បម្រាម​គោចរ​»​។

លោក​បន្តថា មួយវិញទៀត ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ក៏មាន​ការថយ​ចុះ​ដែរ ពោលគឺ​ក្នុង​ ១ ​ថ្ងៃ​អត្រា​ឆ្លង​មាន​ត្រឹមតែ​ចន្លោះ​ពី​ ៣០ ទៅ​ ៥០ ​នាក់​ប៉ុណ្ណោះ​។ លោក​ថា​៖ «​ប៉ុន្មាន​ថ្ងៃនេះ​បើ​យើង​គិតតែ​ការធ្វើ​តេស្ត​នៅ​តាមរយៈ​ម៉ាស៊ីន​ធំ​ PCR រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​​ត្រឹមតែ​ ៣០ ​ទៅ​ ៥០ ​នាក់​ទេ អ៊ីចឹង​ហើយ​ផ្អែក​តាម​ប្រសាសន៍​គោលការណ៍​សម្តេច​ផង ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង​បាន​ច្រើន​ផង ផ្អែកលើ​ការបើក​ផ្សារ​សាកល្បង គឺ​យើង​មិនឃើញ​មាន​ស្ថានភាព​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទេ អ៊ីចឹង​ហើយ​បាន​យើង​សម្រេច​បិទ​បម្រាម​គោចរ​»​។

លោក​បានឱ្យដឹង​ដែរ​ថា ថ្មីៗ​នេះ​រដ្ឋបាលខេត្ត​បាន​បើក​សាកល្បង​ឡើងវិញ​នូវ​ផ្សារ​ធំៗ​ចំនួន​ ៣ គឺ​ផ្សារ​សាមគ្គី ផ្សារលើ​ធំថ្មី និង​ផ្សារ​សម្តេចតេជោ​ដើម​ក្រឡាញ់​ ដើម្បី​ឱ្យ​អាជីវករ​បាន​លក់ដូរ និង​ប្រក​បរបរ​ឡើងវិញ​។

ទន្ទឹមនឹង​នេះដែរ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ក៏​សម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត និង​វិធានការ​រដ្ឋបាល​ផ្សេងទៀត​ផងដែរ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១ តទៅ​។

សេចក្តី​សម្រេច​បន្តថា «​រាល់​សកម្មភាព មុខរបរ និង​អាជីវកម្ម​រមណីយដ្ឋាន សួន​កម្សាន្ត សារមន្ទីរ ក្លិប​ហាត់ប្រាណ​អាច​ដំណើរការ​ឡើងវិញ​បាន​ដោយ​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​ចាំបាច់​នានា និង​វិធាន​"៣កុំ ៣ការពារ​" ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល​ ឬ​ជែល​សម្រាប់​លាងដៃ​​ធ្វើការ​វាស់​កម្ដៅ​នៅមុខ​ច្រកចេញចូល ជាពិសេស​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ​១,៥ ​ម៉ែត្រ​»​។

ការដក​បម្រាម​គោរចរ និង​វិធានការ​​របស់​រដ្ឋបាលខេត្ត​តាម​ខេត្ត​មួយចំនួន​នេះ​គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារ​សំឡេង​ពិសេស​នាថ្ងៃទី​ ១៩ ខែតុលា​បាន​ថ្លែងថា​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ពុំមាន​ការកើនឡើង​ឡើយ ផ្ទុយទៅវិញ​វា​មាន​ការថយចុះ និង​ការ​ស្លាប់មាន​ចំនួន​​ថេរ និង​មាន​និន្នាការ​ថយចុះ​ផងដែរ​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ចំណុច​ទាំងនេះ គឺជា​ការសាកល្បង​ដ៏ធំ ដើម្បី​ឈានទៅដល់​ការបើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ បើទោះបីជា​ចំនួន​នៃ​អ្នក​ឆ្លង​មាន​ការធ្លាក់ចុះ ការស្លាប់​ក៏​មិនមាន​ការកើន ហើយ​ក៏​មាន​​និន្នាការ​ថយចុះ ប៉ុន្តែ​ហានិភ័យ​ក៏​នៅតែ​ខ្ពស់​នៅឡើយ​»​។

លោក ហ៊ុន សែន បាន​បន្តថា​៖ «​ការរៀនរស់​សម្រប​ខ្លួន​ជាមួយ​នឹង​មេរោគ​​កូវីដ​ ១៩ ​គឺជា​ដំណើរ​ចៀសវាង​មិនបាន ដោយសារ​មិនមាន​អ្នកណា​ដឹងថា តើ​កូវីដ​នេះ​នឹង​ចប់​នៅពេល​ណា​នោះឡើយ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍