កណ្ដាល/បន្ទាយមានជ័យៈ ​មន្ត្រី​សុខាភិបាល​ខេត្តកណ្ដាល​​ និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ករណី​ពស់​ចឹក​ ឬ​សត្វ​អាសិរពិស​នានា​ក្នុង​រដូវ​ទឹកជំនន់​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត បន្ទាប់ពី​មាន​ពលរដ្ឋ​ម្នាក់​ស្លាប់​ ដោយសារ​ពស់​ចឹក​ពេល​ទៅលើ​កឡុក​ ឬ​ឧបករណ៍​នេសាទ​នៅ​ខេត្តកណ្តាល​។

កាលពី​ថ្ងៃទី​ ១៩ ខែតុលា​មាន​កសិករ​នៅ​ខេត្តកណ្ដាល​ម្នាក់​​ត្រូវបាន​ពស់​ចឹក ពេល​គាត់​ទៅ​​លើ​កឡុក ហើយ​បានឃើញ​ពស់​​វែក​ជាប់​ក្នុង​ឡុក​របស់គាត់​ក៏​លូកដៃ​ចាប់ តែ​ត្រូវ​ពស់​នោះ​ចឹក​​ចំ​ចង្អុលដៃ បណ្ដាល​ឱ្យ​ស្លាប់​​ពេល​នាំទៅ​ព្យាបាល​។

កសិករ​រងគ្រោះ​រូបនោះ​ឈ្មោះ​ ​ស៊ន វ៉ាត ភេទ​ប្រុស អាយុ​ ៥១ ​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​រាំងដេក ឃុំ​គគីរធំ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​។ ​គាត់​បាន​ស្លាប់​បន្ទាប់ពី​អ្នកភូមិ​បាន​ឌុប​គាត់​ពី​កន្លែងកើតហេតុ​ទៅរក​ការព្យាបាល​។ ​នេះ​បើតាម​ព័ត៌មាន​ដែល​បាន​ដកស្រង់​ប្រភពពី​ប៉ុស្ដិ៍​នគរបាល​គគីរ​ធំ​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ តុលា​ថា បើទោះជា​ករណី​ពស់​ចឹក​បាន​ថយចុះ​ក្ដី ក៏​ករណី​ទាំងនេះ​នៅតែ​កើតមាន​ដោយសារ​ពលរដ្ឋ​ធ្វេសប្រហែស​។

លោក​បាន​បន្តថា រាល់​រដូវ​ទឹកឡើង​គឺ​សត្វ​ពស់​ ឬ​សត្វ​អាសិរពិស​នានា តែង​ចេញពី​សម្បុក​ដែល​ពលរដ្ឋ​ងាយ​ជួបប្រទះ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​មិនត្រូវ​នៅ​ជិត​ ឬ​ចាប់​វា​ទេ​។

លោក​ថ្លែងថា​៖ «​ដោយសារ​​តែ​រដូវ​នេះ​ទឹក​ឡើង យើង​បាន​ផ្សព្វផ្សាយ​ដល់​បណ្តា​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ត្រៀម​ជួយសង្គ្រោះ និង​ត្រៀម​ថ្នាំ​ពស់​ចឹក​ឱ្យបាន​គ្រប់គ្រាន់​។

យើង​ក៏​បន្ត​ផ្សព្វផ្សាយ​ទៅតាម​មណ្ឌល​សុខភាព​បន្តទៀត​ ដើម្បី​ឱ្យ​ពួកគាត់​ប្រយ័ត្ន​ខ្លួន​...»​។

ស្រដៀង​គ្នា​នេះដែរ លោក ណង សំរ៉ាំង នាយប៉ុស្តិ៍​ឃុំ​អូបីជាន់ ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​តុលា​ថា ក្នុង​ឃុំ​អូរបីជាន់​ក៏មាន​ការផ្សព្វផ្សាយ​ពី​វិធានការ​សុវត្ថិភាព​ក្នុង​រដូវ​ទឹកជំនន់​នេះ​ផងដែរ ជាពិសេស​គឺ​បញ្ហា​ពស់​ចឹក​ និង​សត្វ​អាសិរពិស​។

លោក​បន្តថា ដោយសារ​បញ្ហា​ទឹកជំនន់​ក្នុង​ខេត្ត បណ្តាល​ឱ្យមាន​សត្វ​អាសិរពិស​ជាច្រើន​ដូចជា ពស់ ក្អែប ខ្ទួយ តែង​បំផ្លាស់ទី​​ដោយ​គេច​ចេញពី​ទឹក​ទៅរក​ទីទួល​។ លោក​ថា បញ្ហា​នេះ​​អាជ្ញាធរ​តែង​ចុះ​អប់រំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាប្រចាំ​ ដើម្បី​ឱ្យ​មាន​ការប្រុងប្រយ័ត្ន ព្រោះ​មូលដ្ឋាន​របស់​លោក​គឺ​តែងតែ​មានទឹក​លិចលង់​គ្រប់​រដូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​ទឹកលិច​ទឹក​អីហ្នឹង​សូម​ថែ​រក្សា​សុខភាព​គាត់​ផង និង​ធ្វើ​អនាម័យ​ជាប្រចាំ ព្រោះ​យើង​នៅលើ​អូរ ដែល​មាន​ភ្លៀង​ ឬ​ទឹក​ហូរ​មកពី​ថៃ​អី គឺ​ប្រឈម​នឹង​ទឹក​ណាស់​។ ដល់​យើង​ជួបប្រទះ​លិច​ញឹកញាប់​អ៊ីចឹង ពលរដ្ឋ​ក៏​គាត់​ប្រុងប្រយ័ត្ន​ខ្លាំង​ដែរ ហើយ​រដូវ​ទឹកជំនន់​ឆ្នាំនេះ​ក្នុង​ឃុំ​យើង​មិនទាន់​មាន​ករណី​ស្លាប់​ ដោយ​សត្វ​អាសិរពិស​ហ្នឹង​ទេ តែ​យើង​ចេះ​បន្ត​ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន​»៕