ភ្នំពេញៈ អង្គការ GIZ នៅ​ថ្ងៃទី​ ២០ ​តុលា​បាន​ដាក់ឱ្យ​ដំណើរការ​គម្រោង​ «​ពង្រឹង​ប្រព័ន្ធ​កសិកម្ម​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម (CRAS)» ដើម្បី​ពង្រឹង​ភាពធន់​របស់​ក្រុម​ប្រជាជន​ក្រីក្រ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​ទាំង​ ២ ​សម្រាប់​ខ្សែចង្វាក់​តម្លៃ​។

គម្រោង CRAS លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ថ្មី​លើ​ការអនុវត្ត​ផ្នែក​កសិកម្ម​ដំណោះស្រាយ​ផ្នែក​កសិកម្ម​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​សេវាកម្ម​អាជីវកម្ម​ ជាពិសេស​គិតគូរ​អំពី​ការកាត់បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

GIZ បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​ថា កសិកម្ម​គឺជា​ប្រភព​ការងារ​ធំ​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។ ប្រជាជន​ជាង ៧០ ​ភាគរយ ផលិត​ទំនិញ​កសិកម្ម​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​។ ការបរាជ័យ​ក្នុង​ការបង្កបង្កើនផល ដោយសារ​គ្រោះរាំងស្ងួត​នៅ​រដូវប្រាំង និង​ការជន់លិច​នៅ​រដូវវស្សា​បង្កបញ្ហា​ធំ​ដល់​អ្នកផលិត​។

គម្រោង​នេះ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​កម្ពុជា​ និង​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​នៅ​ប្រទេស​វៀតណាម និង​មាន​គោលដៅ​គាំទ្រ​ដល់​តួអង្គ​ខ្សែចង្វាក់​តម្លៃ ជាពិសេស​កសិករ​ដាំ​ដំឡូងមី និង​ស្វាយចន្ទី​ខ្នាតតូច​នៅ​កម្ពុជា​ក៏ដូចជា​កសិករ​ដាំ​កាហ្វេ​នៅ​វៀតណាម​។

គម្រោង​នេះ​ក៏​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការគ្រប់គ្រង​ចំណេះដឹង​កសិកម្ម​។

លោក Günter Riethmacher តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ GIZ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​គម្រោង​នេះ​កាលពី​ថ្ងៃទី​ ២០ តុលា​ថា នៅក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ភាគច្រើន​ជាពិសេស​អ្នក​ដែល​រស់នៅ​តំបន់​ជនបទ​ជួបប្រទះ​ផលប៉ះពាល់​ផ្ទាល់​ពី​គ្រោះរាំងស្ងួត​ទឹកជំនន់​ការប្រែប្រួល​ខ្លាំង​នៃ​សីតុណ្ហភាព និង​បញ្ហា​ប្រឈម​នានា​។

លោក​ថ្លែងថា គោលដៅ​ចម្បង​របស់​គម្រោង​នេះ​គឺ​ដើម្បី​ពង្រឹង​ភាពធន់​អាកាសធាតុ​ដល់​ក្រុម​ប្រជាជន​នៅ​ជនបទ​ដែល​ងាយ​រងគ្រោះ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​បរិយាកាស​ប្រែប្រួល​ហើយ​ការលើក​យក​បញ្ហា​ចម្បង​នៃ​ភាពធន់​នឹង​អាកាសធាតុ​ទៅកាន់​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

លោក Günter Riethmacher បាន​ថ្លែងថា​៖ «​ក្រុម​ការងារ GIZ របស់​យើង ដែល មាន​ចំនួន​តិច​នេះ​មិន​អាច​សម្រេច​គោលដៅ​បានតែ​ឯកឯង​នោះទេ ដូច្នេះហើយ​យើង​សូម​អរគុណ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បានរួម​កម្លាំង​ជាមួយ​យើង​ដើម្បី​បន្ត​ផលប្រយោជន៍​រួម​របស់​យើង​។ មាន​តែ​ការសហការ​គ្នា​ទេ ទើប​យើង​អាចបង្កើត​ឱ្យមាន​ផល​វិជ្ជមាន​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកដែល​មាន​តម្រូវការ​»​។

លោក​ ម៉ាក់ សឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា គម្រោង CRAS នេះ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្តល់ឱកាស​ដល់​ក្រសួង​របស់លោក​ក្នុង​ការកែលម្អ​ការផលិត កែច្នៃ និង​ទីផ្សារ​គ្រាប់ស្វាយចន្ទី​ និង​ដំឡូងមី​សម្រាប់​ខ្សែចង្វាក់​តម្លៃ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ដូចជា​វិស័យ​សាធារណៈ មន្ទីរ​កសិកម្ម​ក្នុង​ខេត្ត​ទាំង​ ២ វិស័យ​ឯកជន កសិករ​ខ្នាតតូច​ដែលជា​អ្នក​ផលិត​ក៏ដូចជា សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូលរួម​ក្នុង​គម្រោង​នេះ​»​។

លោក ម៉ាក់ សឿន ថ្លែងថា នេះ​គឺជា​ឱកាសល្អ​នៅពេលដែល​គម្រោង​នេះ​ត្រូវបាន​អនុវត្ត ហើយ​លោក​ជំរុញ​ឱ្យ​ដៃគូ​ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដែល​ចាប់អារម្មណ៍​អនុវត្ត​គម្រោង​នេះ​ដាក់សំណើ​ទៅ​ក្រុមការងារ​គម្រោង​ដើម្បី​ទទួល​បាន​ការពិចារណា​ និង​ទទួលបាន​ធាតុ​ចូល​សម្រាប់​ចូលរួម​អនុវត្ត​គម្រោង​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​ក្រុមការងារ​គម្រោង​ ឬ​ដៃគូ​ប្រសិនបើ​ត្រូវការ​ការកសាង​សមត្ថភាព​ទាក់ទង​នឹង​ការកែលម្អ​គុណភាព​ និង​សុវត្ថិភាព​ការផលិត​ ឬ​កែច្នៃ​គ្រាប់​ស្វាយចន្ទី និង​ដំឡូងមី ឬ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការសម្រួល​ពាណិជ្ជកម្ម នាយកដ្ឋាន​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​អាច​ធ្វើ​សំណើ​ក្នុង​ការពង្រឹង​សមត្ថភាព​ទាំងនេះ​បាន​»៕