ភ្នំពេញៈ មន្ត្រី​ជំនាញ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ត​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ខណៈ​ដែល​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ កំពុង​ក្លាយ​ជា​ហានិភ័យ​ និង​បង្ក​ភាពស្មុគស្មាញ​ដល់​សុខភាព​សាធារណៈ​។

កាលពី​ថ្ងៃទី​ ១៩ តុលា ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ជាច្រើនរូប​បាន​បន្ត​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដើម្បី​រិះរក​នីតិវិធី​ពន្លឿន​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​នេះ ឱ្យ​មាន​សម្ទុះ​ទៅមុខ​ដោយ​រលូន ឆាប់​លេចចេញ​រូបរាង​ប្រកប​ដោយ​ភាពស៊ីចង្វាក់​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រសួង កំពុង​ស្ថិត​ក្នុងដំណាក់កាល​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នេះ​ជា​លក្ខណៈ​ផ្ទៃក្នុង ដោយ​ចាប់ផ្តើម​ជជែក​ពិភាក្សា​នៅក្នុង​ក្រុមបច្ចេកទេស​ក្នុង​ក្រសួង ក្រោម​កិច្ចសហការ​ល្អ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ហើយ​បន្ទាប់មក​នឹង​បន្ត​រៀបចំ​ប្រជុំ និង​ទទួល​ធាតុ​ចូល​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹងត្រូវ​រៀបចំ​ធ្វើ​យ៉ាងណា ឱ្យមាន​លក្ខណៈ​អាច​ទទួល​យក​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ឱ្យបាន​ល្អប្រសើរ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​»​។

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ តុលា​ថា មន្ត្រី​ក្រសួង កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ប្រមូល​ធាតុ​ចូល​ហើយ​ធ្វើយ៉ាងណា​ជំរុញ​សេចក្តី​ព្រាងច្បាប់​នេះ​ឱ្យ​ឆាប់​ចប់ ឈាន​ទៅ​រក​ការពិភាក្សា​ក្នុង​ដំណាក់កាល​អន្តរក្រសួង​។

ដោយសារតែ​ច្បាប់​នេះ​ថ្មី​ហើយ​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នៅ​កម្ពុជា​កំពុង​ជា​ហានិភ័យ និង​បង្ក​ភាពស្មុគស្មាញ​ដល់​សុខភាព​សាធារណៈ ដូច្នេះ​ក្រសួង​សាធារណការ​ត្រូវតែ​ធ្វើយ៉ាងណា ដើម្បី​ធានាថា ច្បាប់​នេះ​ចេញ​ហើយ មាន​ប្រសិទ្ធភាព និង អាច​ដោះស្រាយ​បញ្ហា​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ទាក់ទង​នឹង​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​។

លោកបញ្ជាក់ថា​៖ «​នៅពេល​យើង​តាក់តែង​ច្បាប់​ក្នុង​ដំណាក់កាល​ក្រុម​បច្ចេកទេស​នេះ​ទើប​យើង​អាច​នឹង​ថា ច្បាប់​នេះ មាន​ប៉ុន្មាន​មាត្រា និង​មាន​ប៉ុន្មាន​ជំពូក​ឱ្យ​ច្បាស់​។ ដូច្នេះ បាន​យើង​ខំ​ពន្លឿន​មន្ត្រី​បច្ចេកទេស​ឱ្យ​បាន​លឿន​ក្នុង​ការបញ្ចប់​ឱ្យបាន​ចុងឆ្នាំ​នេះ​»​។

បើតាម​លោក​ ចន្ទតារា ដោយសារ​តែ​ការរីកចម្រើន​នៃ​ទីក្រុង​បញ្ហា​ទឹក​កខ្វក់​កំពុង​ប្រឈម​ខ្លាំង​ហើយ​មានការ​កើនឡើង​នូវ​ទឹកកខ្វក់ ដែល​បាន​បង្ហូរ​ចូល​ប្រភពទឹក​ដល់​ទៅ​ ១០ ​ដង បើ​ប្រៀបធៀប​នឹង​ពេលដែល​ទីក្រុង​មិនទាន់​មាន​ការរីកចម្រើន​។

លោក ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​លើកឡើងថា បច្ចុប្បន្ន​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ដែល​កម្ពុជា​បន្ត​ប្រើប្រាស់ គឺ​ត្រូវបាន​បន្សល់ទុក​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ​ហើយ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទាំងនោះ​គឺ​តិចតួច​បំផុត​។

លោកសង្ឃឹមថា នៅពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន សមត្ថកិច្ច​ក៏​នឹង​បែង​ចែង​ការគ្រប់គ្រង​ពី​ថ្នាក់ក្រោម​ដល់​ថា្នក់​លើ ជាពិសេស​ក្រសួង​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​បញ្ហា​នេះ​ឱ្យបាន​ដាច់ស្រេច​ចៀសវាង​មាន​ការប្រទាំង​ប្រទើស​គ្នា ដែល​ធ្វើឱ្យ​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នេះ បន្ត​មាន​ភាពស្មុគស្មាញ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មិនមាន​ការគ្រប់គ្រង​បញ្ហា​ទឹកកខ្វក់​ ឬ​ប្រព័ន្ធ​លូ​នេះ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​»៕