ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ណែនាំ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ការផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​មុខងារ​ដែល​ត្រូវផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ​ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​មាន​ការទទួល​ខុសត្រូវ​ច្បាស់​លាល់​ក្នុង​ការគ្របគ្រង់​ចាត់ចែង​ និង​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ​ទាំង​នោះ​សម្រាប់​អនុវត្ត​មុខងារ ​ដែល​បាន​ផ្ទេរ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​ ស ខេង ​ដែល​ក៏ជា​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ​សម្រាប់​ការអភិវឌ្ឍ ​តាម​បែប​ប្រជាធិបតេយ្យ ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គជអប)​បានណែនាំ​បែបនេះ ​ក្នុង​ពេល​ធ្វើ​ជាអធិបតី​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី១៩​ របស់​ គ.ជ.អ.ប.នាថ្ងៃទី ២១ តុលា​ ​ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ សមាគម​ក្រុមប្រឹក្សា ​និង​អភិបាល​ រាជធានី​-ខេត្ត ​សរុប​ប្រមាណ​ជាង​ ១០០ នាក់។

លោក​ ស ខេង ​ក៏បាន​ថ្លែង​អំណរគុណ​និង​វាយ​តម្លៃខ្ពស់​ចំពោះ​សមាជិក​ សមាជិកា​ដែល​បានគាំទ្រ​និង​ចូលរួម​ក្នុង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ដ៏មាន​សារៈសំខាន់​នេះ​តាម​តួនាទី​និង​ភាព​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន។

លោក​បន្តថា ​ទោះបី​ប្រទេស​កម្ពុជា​និង​បណ្ដា​ប្រទេស​នានា​លើ​សកល​លោក​បាននិង​កំពុង​ជួប​ស្ថានភាព​ដ៏លំបាក​ដោយ​សារ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ តាំងពី​ដើម​ឆ្នាំ ២០២០​ មក​ក្តី ​ក៏​ប្រទេស​ទាំងអស់​បន្ដ​រួម​សហ​ការ​គ្នា​រៀបចំ​និង​អនុវត្ត​កិច្ចការ​ជាអាទិភាព ​ដើម្បី​ធានា​ដល់​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩​ នេះ។ ជាមួយ​គ្នា​នេះ​រក្សាបាន​នូវ​និរន្ដរភាព​នៃ​ការបំពេញ​ការងារ​តាម​វិស័យ​ជំនាញ​នានា​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការជំរុញ​កិច្ច​ដំណើរការ​កំណែ​ទម្រង់​នានា។

លោក​ថ្លែងថា​៖ «ការកោះ​ប្រជុំ​លើក​ទី១៩ ​របស់​ គ.ជ.អ.ប.​ នា​ពេល​ព្រឹក​នេះ ​គឺ​ក្នុង​គោល​បំណង​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍភាព​និង​បញ្ហា​ប្រឈម​នានា​នៃ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ក្នុង​អំឡុង​ឆ្នាំ ២០២០ ​និង​ក្នុង​ឆមាស​ទី១ ​ឆ្នាំ ២០២១។ ​ជាពិសេស​ការពិនិត្យ​លើ​សេចក្ដី​ព្រាង​ឯក​សារ​កម្មវិធី​ជាតិ ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាល​ទី២​ ដែល​គ្រោង​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​និង​សម្រេច​នាដើម​ខែវិច្ឆិកា​ខាង​មុខ​នេះ»។

លោក​ ស ខេង ​បន្ថែមថា ​ពាក់ព័ន្ធ​នឹង​សេចក្ដី​ណែនាំ​អំពី​គោលការណ៍​បែបបទ​និង​នីតីវិធី​គ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ លោក​ស្នើ​ដល់​ក្រសួង​មុខងារ​សាធារណៈ​ពិនិត្យ​កែសម្រួល​និង​ដាក់​ចេញ​ជាផ្លូវការ​នូវ​សេចក្ដី​ណែនាំ​ផ្អែកតាម​ស្មារតី​នៃ​កិច្ចប្រជុំ​និង​ត្រូវបន្ដ​រៀបចំ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំ​ទូលាយ​។

លោក​ណែនាំ​ដល់​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវបន្ដ​គាំទ្រ​ និង​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ស្របតាម​រចនាសម្ព័ន្ធ ​និង​ប្រព័ន្ធ​មុខងារ​ថ្មី​នានា​ដែល​ផ្ទេរ​ទៅឱ្យ​ ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ​ស ខេង ​ថ្លែងថា​៖ «ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ការផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​មុខងារ​ដែលបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​ការទទួល​ខុសត្រូវ​ច្បាស់​លាល់​ក្នុង​ការគ្រប់គ្រង​ចាត់ចែង​និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំង​នោះ​សម្រាប់​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ឱ្យ​មាន​ប្រសិទ្ធភាព»។

លោក​ ចាន់ សុធា ​អនុប្រធាន​លេខាធិការដ្ឋាន ​គ.ជ.អ.ប.​ បាន​រាយការណ៍​សង្ខេប​ស្ដីពី​វឌ្ឍនភាព ​និង​បញ្ហា​ប្រឈម ​នៃ​ការអនុវត្ត​កម្មវិធី​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សម្រាប់​ឆ្នាំ ២០២០​ និង​ឆមាស​ទី១ ​ឆ្នាំ ២០២១ ​ថា ​សកម្មភាព​ជាអាទិភាព​សំខាន់ៗ​ដែល​អនុវត្ត​ទទួលបាន​នា​ពេល​កន្លង​ទៅ​រួមមាន​ការកែ​សម្រួល​អនុគណៈ​កម្មាធិការ​គ.ជ.អ.ប.​និង​ក្រុមការងារ​បច្ចេកទេស​នានា។ ការរៀបចំ​ឯកសារ​ទស្សនទាន​សម្រាប់​ការ​រៀបចំ​តាត់តែង​កម្មវិធី​ជាតិ​ទី២ ​ការរៀបចំ​សេចក្ដី​ព្រាង​កម្មវិធី​ជាតិ​ដំណាក់​កាលទី២ ​(២០២១-២០៣០)។ ការរៀបចំ​កម្មវិធី​ការងារ​រយៈពេល​ ៥ ឆ្នាំ ​(២០២១-២០២៥)​ សម្រាប់ ​Green Climate Fund ​ដើម្បី​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​គម្រោង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ​ការសម្រប​សម្រួល​តាមដាន​ជាដើម។

ចំណែក​លោក​ ង៉ាន់ ចំរើន ​ប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប. ​ក៏បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ឯកសារ​កម្មវិធី​ជាតិ​ដំណាក់​កាលទី២​ (២០២១-២០៣០) ​ថា ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​និង​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​ដែល​ផ្ដល់​ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ប្រកប​ដោយ​បរិយាប័ន្ន​និង​សមធម៌​សង្គម ​ព្រមទាំង​រួមចំណែក​សម្រេច​បាន​គោល​បំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ ២០៣០។

លោក​បាន​បន្ដថា​៖ «ជាពិសេស​នោះ​លើក​កម្ពស់​ការផ្ដល់​សេវា​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ប្រជាធិប​តេយ្យ​បរិយាប័ន្ន​សមធម៌​និង​យុត្តិធម៌​តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​និង​ការកែលម្អ​ដំណើរការ​ផ្ដល់​សេវា​ ដើម្បី​រួមចំណែក​ក្នុង​ការលុប​បំបាត់​ភាពក្រីក្រ​និង​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង»។

ពាក់ព័ន្ធ​ឯកសារ​កម្មវិធី​ជាតិ​ដំណាក់​កាលទី២ ​លោក ​ស ខេង ​ស្នើ​លេខាធិការដ្ឋាន​ គ.ជ.អ.ប.​ ពិនិត្យ​កែសម្រួល​និង​រៀបចំ​បែបបទ​ដើម្បី​ដាក់​ឯកសារ​កម្មវិធី​ជាតិ​ដំណាក់​កាលទី២​ នេះ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​និង​សម្រេច​នា​ដើម​ខែវិច្ឆិកា ​ឆ្នាំ ២០២១​ ខាងមុខ ​ហើយ​ត្រូវ​បន្ដ​សម្រប​សម្រួល​ក្នុង​ការរៀបចំ​ផែនការ​អនុវត្ត​ ៥ ឆ្នាំ​លើក​ទី១ ​នៃ​កម្មវិធី​ជាតិ​ដំណាក់​កាល​ទី២​នេះ​ឱ្យ​បាន​ឆាប់៕